សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យអភិបាលរាជធានី-ខេត្ត តាមដានព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីដោះស្រាយបញ្ហាក្នុងដែនសមត្ថកិច្ចរបស់ខ្លួន


សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកទឹកចិត្តឱ្យអភិបាលរាជធានី-ខេត្ត តាមដានព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីដោះស្រាយបញ្ហាក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ឱ្យទាន់ពេលវេលា។

ការលើកទឹកចិត្តបែបនេះ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទឹកដៅការងារឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤នេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា នៅក្នុងរយៈពេល ៥ខែ នៃរាជរដ្ឋាភិបាល អាណត្តិទី ៧នេះ សម្ដេចបានធ្វើកិច្ចការ និងដោះស្រាយបញ្ហាជាច្រើន តាមរយៈការទទួលបានព័ត៌មាន តាមបណ្ដាញផ្សព្វផ្សាយសង្គម​។ កិច្ចការ និងបញ្ហាទាំងនោះ គឺសម្ដេចដោះស្រាយដោយខ្លួនឯងដោយផ្ទាល់ និងបញ្ជូនទៅកាន់ក្រសួង-ស្ថាប័ន ពាក់ព័ន្ធ និងអាជ្ញាធរថ្នាក់ក្រោមជាតិ ចាត់វិធានការដោះស្រាយ ជាបន្តបន្ទាប់។

ត្រង់ចំណុចនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានឱ្យដឹងថា កន្លងមកសម្តេចបានមើលឃើញថាមានក្រសួង ស្ថាប័នមួយចំនួន បានតាមដានព័ត៌មានដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន រហូតឈានទៅដោះស្រាយបញ្ហាទាំងនេះ បានទាន់ពេលវេលា និងចំពោះមុខ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តយ៉ាងដូច្នេះថា៖ «ខ្ញុំសូមឱ្យអភិបាលរាជធានី-ខេត្ត ក៏ដូចជាប្រធានស្ថាប័នទាំងអស់ ត្រូវប្រើវិធានការហ្នឹងឱ្យបានច្រើន ជាពិសេសអ្វីដែលពាក់ព័ន្ធនឹងដែនសមត្ថកិច្ចរបស់ខ្លួន គឺត្រូវចាត់ចែងកិច្ចការឱ្យលឿន ព្រោះជូនកាលចាំតែលិខិតបទដ្ឋាន របាយការណ៍ពីក្រោមវាយូរ ហើយជួនកាលរបាយការណ៍ពីក្រោមតាមនីតិវិធីរដ្ឋបាល គឺវាផ្អមបាត់ហើយ ឬរឿងដែលតូច ក្លាយជារឿងធំបាត់ទៅហើយ»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ក្នុងនាមជាអភិបាលរាជធានី-ខេត្ត ប្រធានស្ថាប័ន គឺមានទម្ងន់ក្នុងការបញ្ជាពន្លត់នូវបញ្ហាដែលកើតឡើងនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនបានទាន់ពេលវេលា។ កិច្ចការខ្លះអភិបាល រាជធានី-ខេត្ត ប្រធានស្ថាប័នបញ្ជាចេញភ្លាមនោះនឹងដោះស្រាយបានភ្លាមៗផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មិនត្រូវប្រើប្រព័ន្ធឌីជីថល ដើម្បីតែទទួលព័ត៌មាននោះទេ តែត្រូវប្រើឌីជីថល ដើម្បីទទួលបានព័ត៌មាននោះទេ ប៉ុន្តែប្រើប្រាស់ប្រព័ន្ធឌីជីថល ដើម្បីដោះស្រាយបញ្ហា ចំណុចនេះគឺជាកិច្ចការងារដ៏សំខាន់។

ជាមួយគ្នានេះដែរ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏សូមអរគុណដល់គ្រប់ប្រព័ន្ធព័ត៌មាន ដែលបានជួយផ្សព្វផ្សាយនូវព័ត៌មា​នត្រឹមត្រូវ ចូលរួមដោះស្រាយបញ្ហាដើម្បីជួយធានានូវប្រសិទ្ធភាព នៃការដឹកនាំ បម្រើប្រជាពលរដ្ឋ របស់រាជរដ្ឋាភិបាលនៅគ្រប់ជាន់ថ្នាក់។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់អាជ្ញាធរថ្នាក់ក្រោមជាតិ ដែលបាន​ខិតខំដោះស្រាយបញ្ហា នៅក្នុងមូលដ្ឋានរបស់ខ្លួនបានយ៉ាងឆាប់រហ័ស ក្រោយពីទទួលបានព័ត៌មានចេញពីបណ្ដាញសង្គមនានា៕