អភិបាលរងខេត្តកំពង់ឆ្នាំង ប្រជុំដាក់ផែនការយ៉ាងម៉ឺងម៉ាត់ ដល់អាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធក្នុងស្រុកកំពង់លែង ត្រូវទប់ស្កាត់ឲ្យបាន ចំពោះការទន្ទ្រានដីព្រៃលិចទឹក ក្នុងតំបន់៣របស់រដ្ឋ


(កំពង់ឆ្នាំង)៖ អាជ្ញាធរខេត្តកំពង់ឆ្នាំង កំពុងតែយកចិត្តទុកដាក់ត្រួតពិនិត្យ រាល់សកម្មភាពការចូលអាស្រ័យផល ក្នុងដីតំបន់៣ របស់ប្រជាពលរដ្ឋតាមការកំណត់របស់រាជរដ្ឋាភិបាល ដែលបានអនុញ្ញាត ឲ្យប្រជាពលរដ្ឋ ក្នុងស្រុកកំពង់លែង ចូលអាស្រ័យផលរយៈពេលមួយរដូវ គឺចាប់ពីខែធ្នូ ឆ្នាំ២០២៣ ដល់ខែកក្កដា ឆ្នាំ២០២៤។

កិច្ចប្រជុំពិភាក្សានេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ នៅស្រុកកំពង់លែង ក្រោមអធិបតីភាពលោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង និងមានការអញ្ជើញចូលរួមពីលោកអភិ បាលស្រុកកំពង់លែង លោកអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ក្រុមប្រឹក្សាឃុំទាំង៧ ក្នុងស្រុកកំពង់លែង រួមទាំងលោកអភិបាលរងស្រុក កងកម្លាំងប្រដាប់អាវុធ និងក្រុម ការងារពាក់ព័ន្ធជាច្រើនរូបទៀត។

ខ្លឹមសារការងារ នៃការប្រជុំពិភាក្សានៅថ្ងៃនេះ ផ្ដោតសំខាន់ទៅ លើការត្រួតពិនិត្យបន្ថែម លើការធ្វើលិខិតស្នើសុំអាស្រ័យផលលើដីតំបន់៣របស់ប្រជាពលរដ្ឋ នឹងធ្វើការត្រួតពិនិត្យទៅលើការចូលអាស្រ័យផលរបស់ ប្រជាពលរដ្ឋនាពេលបច្ចុប្បន្ន។ ក្នុងនោះការប្រជុំពិភាក្សា ក៏ផ្ដោតសំខាន់ទៅលើគ្រឿងចក្រដែលចូលភ្ជររាស់ក្នុងដីតំបន់៣ ពិសេសគឺប្រភេទត្រា ក់ទ័រត្រូវមានការគ្រប់គ្រងចំនួន នៅតាមបណ្ដាឃុំនីមួយៗ ឲ្យបានច្បាស់លាស់ ដោយត្រូវកំណត់ ឲ្យមានលិខិតអនុញ្ញាតពីអាជ្ញាធរស្រុក ឃុំ និងធ្វើកិច្ចសន្យាឲ្យបានត្រឹមត្រូវផងដែរ ចៀសវាងការចូលឈូសឆាយប៉ះពាល់ដីព្រៃលិចទឹក របស់រដ្ឋជាបន្តទៀត។

តាមការរាយការណ៍របស់អាជ្ញាធរឃុំ ជូនថ្នាក់ដឹកនាំក្នុងអង្គប្រជុំខាងលើនេះ បានបញ្ជាក់ឲ្យដឹងថា បច្ចុប្បន្ននេះ តាំងពីមានការអនុញ្ញាតពីរាជរដ្ឋាភិបាល ឲ្យប្រជាពលរដ្ឋចូលអាស្រ័យផល ជាបណ្ដោះអាសន្នក្នុងដីតំបន់៣ សម្រាប់មួយរដូវដោយគិតចាប់ពីខែធ្នូ ឆ្នាំ២០២៣ ដល់ខែកក្កដា ឆ្នាំ២០២៤ ក្នុងនោះមានឃុំមួយចំនួន ប្រជាពលរដ្ឋបានចូលអាស្រ័យផល រហូតដល់ពី៥០ទៅ៨០ភាគរយ។

ចំពោះការចូលអាស្រ័យផលមួយរដូវ ក្នុងដីតំបន់៣តាមការអនុញ្ញាតរបស់រាជរដ្ឋាភិបាលខាងលើនេះ ប្រជាពលរដ្ឋទាំងអស់ បានសន្យាថា បន្ទាប់ពីប្រមូលផលស្រូវរួចក្នុងខែកក្កដា និងប្រគល់ដីទាំងនោះ ជូនរាជរដ្ឋាភិបាលវិញ ទៅតាមកាលកំណត់របស់រាជរដ្ឋាភិបាល។

នាឱកាសនោះលោក សាន់ យូ ក៏បានក្រើនរំលឹក និងដាក់បទបញ្ជាយ៉ាងតឹងរឹងទៅដល់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការជំរុញ និងចាត់វិធានការឲ្យបានសមស្របចំពោះការចូលអាស្រ័យផល ក្នុងដីតំបន់៣របស់ប្រជាពលរដ្ឋ ដោយធ្វើយ៉ាងណាជំរុញក្នុងការទប់ស្កាត់ និងការពារចំពោះជនទាំងឡាយណា ដែលនៅតែប៉ុនប៉ងបង្ករបញ្ហា ក្នុងការរំលោភបំពានឈូសឆាយដីព្រៃលិចទឹកក្នុងតំបន់៣ជាបន្តទៀត។

លោកបានឲ្យដឹងទៀតថា ពាក់ព័ន្ធទៅនឹងការ ដែលអាជ្ញាធរភូមិ ឃុំ បានចុះហត្ថលេខា ពាក់ព័ន្ធការកាន់កាប់លក់ដូរដីតំបន់៣ និងត្រូវចាត់វិធានការអប់រំ និងវិធានការរដ្ឋបាល ករណីមិនរាងចាល និងគោរពស្នើសុំគោលការណ៍ពីប្រមុខរាជរដ្ឋាភិបាលដើម្បីចាត់វិធានការ តាមផ្លូវច្បាប់ជាបន្តផងដែរ៕