(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Manssour Bin Mussallam អគ្គលេខាធិការអង្គការកិច្ចសហប្រតិបត្តិការខាងត្បូង ( Organisation of Southern Cooperation-OSC) ក្នុងឱកាសដែលលោកមកបំពេញទស្សនៈកិច្ចផ្លូវការនៅកម្ពុជា។
ជំនួបនេះធ្វើឡើងនៅការិយាល័យផ្ទាល់របស់ ឯកឧត្តមទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ផ្ទាល់ នៅរាជធានីភ្នំពេញ ក្នុងគោលបំណងដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។
ក្នុងឱកាសនោះ ឯកឧត្តម Manssour Bin Mussallam បានលើកឡើងថា អង្គការអង្គការកិច្ចសហប្រតិបត្តិការខាងត្បូង OSC មានគម្រោងរៀបចំការតាំងពិព័រណ៍លេីកដំបូងរបស់ខ្លួន ស្ដីពីបច្ចេ្ចកវិទ្យា និងវិទ្យាសាស្ត្រនៅកម្ពុជា។ ឯកឧត្តមអគ្គលេខាធិការ OSC ក៏មានបំណងសិក្សាពីការងារវិនិយោគលើវិស័យបច្ចេកវិទ្យា វិទ្យាសាស្ត្រ ថាមពល និងអាកាសចរនៅកម្ពុជាផងដែរ។
ជាពិសេសនោះ ឯកឧត្តមក៏បានជម្រាបពីគម្រោងផ្តល់អាហារូបករណ៍របស់ អង្គការ OSC ដល់និស្សិតកម្ពុជា ដើម្បីទៅបន្តការសិក្សាជំនាញបច្ចេកវិទ្យា និងវិទ្យាសាស្ត្រនៅប្រទេសប្រេស៊ីល។ ឯកឧត្តមក៏កំពុងពិចារណាដល់ កិច្ចសហការលើគម្រោងសិក្សាអនឡាញ់ E-Learning ជាមួយ Re-Skill E-Learning ផងដែរ។
ជាកិច្ចឆ្លើយតប ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ បានសម្ដែងអារម្មណ៍សប្បាយរីករាយ និងគាំទ្រចំពោះការផ្ដួចផ្ដើមរបស់ អង្គការកិច្ចសហប្រតិបត្តិការខាងត្បូង OSC និងស្នើឲ្យមានកិច្ចសហការល្អជាមួយរដ្ឋាភិបាលកម្ពុជា ឲ្យកាន់តែរឹងមាំលើគ្រប់វិស័យបន្ថែមទៀត។
សូមជម្រាបថា អង្គការកិច្ចសហប្រតិបត្តិការខាងត្បូង OSC ជាអង្គការអន្តរជាតិមួយ ដែលផ្តោតលើការរួមចំណែកដល់ការអភិវឌ្ឍសង្គមប្រកបដោយសមធម៌ យុត្តិធម៌ និងវិបុលភាព តាមរយៈការលើកកម្ពស់ការអប់រំ ប្រកបដោយតុល្យភាព និងបរិយាប័ន្ន ដើម្បីទទួលបាននូវសិទ្ធិជាមូលដ្ឋាន រួមមាន សេរីភាព យុត្តិធម៌ សេចក្តីថ្លៃថ្នូរ និរន្តរភាព ភាពស្អិតរមួតសង្គម និងសន្តិសុខសម្ភារៈរូបិយ និងអរូបិយសម្រាប់ប្រជាជនទាំងអស់ នៅក្នុងពិភពលោក៕