កម្ពុជាចូលរួមវេទិកាទេសចរណ៍អាស៊ាន២០២៤ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី២៧ និងកិច្ចប្រជុំពាក់ព័ន្ធនៅក្រុងវៀងចន្ទន៍


គណៈប្រតិភូទេសចរណ៍កម្ពុជាបានចូលរួមវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៤ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី២៧ និងកិច្ចប្រជុំពាក់ព័ន្ធនៅរដ្ឋធានីវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចាប់ពីថ្ងៃទី២៣-២៧ ខែមករា ឆ្នាំ២០២៤។

គណៈប្រតិភូក្រសួងទេសចរណ៍ដែលចូលរួមក្នុងកិច្ចប្រជុំខាងលើនេះ គឺដឹកនាំឯកឧត្តម សុខ សូកេន រដ្ឋមន្តីក្រសួងទេសចរណ៍ តបតាមការអញ្ជើញរបស់លោកស្រី សួនសាវ៉ាញ វិញ៉ាកេត រដ្ឋមន្ត្រីក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវ។។

សេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍បានបន្តថា វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៤នេះ រៀបចំឡើងក្រោមប្រធានបទ «អាស៊ានប្រកបដោយគុណភាព និងការទទួលខុសត្រូវ៖ ធានានិរន្តភាពនៃអនាគតអាស៊ាន (Quality and Responsible ASEAN – Sustaining ASEAN Future)» ដោយមានការចូលរួមពីសំណាក់រដ្ឋមន្ត្រីទេសចរណ៍ និងថ្នាក់ដឹកនាំទេសចរណ៍មកពីប្រទេសសមាជិកអាស៊ាន ចិន ជប៉ុន សាធារណរដ្ឋកូរ៉េ ឥណ្ឌា ក៏ដូចជាប្រទេសនិងអង្គការដៃគូមួយចំនួន។

នាឱកាសវេទិកាទេសចរណ៍អាស៊ាននេះ លោករដ្ឋមន្រ្តី សុខ សូកេន បានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី២៧ កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូក៣ កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន-ឥណ្ឌា និងកិច្ចប្រជុំជាមួយប្រទេសនិងអង្គការដៃគូពាក់ព័ន្ធមួយចំនួនទៀត។

លោករដ្ឋមន្ត្រីក៏នឹងឆ្លៀតឱកាសជួបប្រជុំទ្វេភាគីជាមួយប្រទេសសមាជិកអាស៊ាន និងអង្គការដៃគូមួយចំនួន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍវិស័យទេសចរណ៍អាស៊ាន និងកម្ពុជា។

ទន្ទឹមនឹងនេះ ក្រសួងទេសចរណ៍សហការជាមួយផ្នែកឯកជននឹងចូលរួមក្នុងពិព័រណ៍ទេសចរណ៍អន្តរជាតិ (TRAVEX) ដោយរំពឹងថានឹងមានប្រតិភូចូលរួមចំនួន៧៥០នាក់ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានចំនួន៥០ មានស្តង់ពិព័រណ៍ (Booths) ចំនួន២០០ និងអ្នកលក់ (Sellers) ចំនួន២០០ក្រុមហ៊ុន និងមានអ្នកទិញ (Buyers) ចំនួន២០០ក្រុមហ៊ុន៕