ប្រមុខការទូតកម្ពុជា ជំរុញឱ្យពង្រឹងមជ្ឈភាពអាស៊ានបន្ថែម ដើម្បីឆ្លើយតបនឹងការប្រកួតប្រជែងភូមិសាស្រ្ដនយោបាយ និងភូមិសាស្ដ្រសេដ្ឋកិច្ចរបស់ មហាអំណាច


(ឡាវ)៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជំរុញឱ្យពង្រឹងមជ្ឈភាពអាស៊ានបន្ថែម ខណៈដែលការប្រកួតប្រជែងភូមិសាស្រ្ដនយោបាយ និងភូមិសាស្ដ្រសេដ្ឋកិច្ចរបស់ មហាអំណាច កាន់តែក្លាយជាក្តីព្រួយបារម្ភ។

ការបញ្ជាក់របស់ ប្រមុខការទូតកម្ពុជា បានធ្វើឡើង នៅកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅទីក្រុងហ្លួងព្រះបាង នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤។

សេចក្តីប្រកាសរបស់ក្រសួងការបរទេស បានឱ្យដឹងថា ពាក់ព័ន្ធនឹងបញ្ហាតំបន់ និងអន្ដរជាតិ ឯកឧត្តមឧបនាយករដ្ឋមន្រ្ដី បានគូសបញ្ជាក់ថា ការកើនឡើងនៃការប្រកួតប្រជែងភូមិសាស្រ្ដនយោបាយ និងភូមិសាស្ដ្រសេដ្ឋកិច្ចរវាងមហាអំណាចនានា បន្ថែមទៅលើបញ្ហាប្រឈមដែលកំពុងរ៉ាំរ៉ៃនិងជាន់គ្នា បានបង្កជាកង្វល់ និងក្តីបារម្ភ សម្រាប់ប្រទេសជាច្រើននៅជុំវិញពិភពលោក។ នៅក្នុងបរិបទនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់សាជាថ្មីអំពីសារៈសំខាន់នៃការពង្រឹងមជ្ឈភាពអាស៊ានបន្ថែមទៀត និងការប្រើប្រាស់យន្តការដឹកនាំដោយអាស៊ាន ដើម្បីកសាងទំនុកចិត្តយុទ្ធសាស្រ្ត និងធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងដៃគូកាន់តែស៊ីជម្រៅ ដើម្បីរក្សានិងលើកតម្កើងសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងនិងក្រៅតំបន់។

ចំពោះបញ្ហាមីយ៉ាន់ម៉ា ឯកឧត្តមឧបនាយករដ្ឋមន្រ្ដី បានស្វាគមន៍ការតែងតាំង ឯកឧត្តម អាលួនកែវ កិត្តិឃួន ជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីបញ្ហាមីយ៉ាន់ម៉ាសម្រាប់ឆ្នាំ២០២៤ និងគំនិតផ្តួចផ្តើមគន្លឹះរបស់ឡាវក្នុងការសម្របសម្រួលការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច ដែលនឹងរួមចំណែកដោយស្ថាបនាដល់ដំណើរការសន្ដិភាពដែលម្ចាស់ការ និងដឹកនាំដោយមីយ៉ាន់ម៉ា។ ក្នុងន័យនេះ លោកឧបនាយករដ្ឋមន្រ្តី បានស្វាគមន៍គំនិតផ្ដួចផ្ដើមរបស់ថៃនិងមីយ៉ាន់ម៉ា ក្នុងការបង្កើនជំនួយមនុស្សធម៌ដល់ប្រជាជនដែលរងផលប៉ះពាល់នៅតាមតំបន់ព្រំដែនដោយមានមជ្ឈមណ្ឌល អាស៊ានដើម្បីសម្របសម្រួលជំនួយមនុស្សធម៌ និងគ្រប់គ្រងគ្រោះមហន្តរាយ (មជ្ឈមណ្ឌល AHA) ចូលរួមក្នុងដំណើរការត្រួតពិនិត្យផងដែរ៕