ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងទេសចរណ៍ជំរុញការលើកកម្ពស់ស្ត្រីក្នុងវិស័យទេសចរណ៍ ព្រោះស្ត្រីដើរតួសំខាន់ក្នុងសកម្មភាពរដ្ឋបាល សេវាកម្ម អាជីវកម្ម និងបដិសណ្ឋារកិច្ច


(ភ្នំពេញ)៖ លោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានផ្ដល់អនុសាសន៍ជំរុញឱ្យបណ្ដានាយកដ្ឋានចំណុះក្រសួង និងមន្ទីរទេសចរណ៍រាជធានី-ខេត្តត្រូវបន្តលើកកម្ពស់ស្ត្រីក្នុងវិស័យទេសចរណ៍ ព្រោះស្ត្រីដើរតួយ៉ាងសំខាន់ក្នុងសកម្មភាពរដ្ឋបាល សេវាកម្ម អាជីវកម្ម និងបដិសណ្ឋារកិច្ច។

ការណែនាំនេះធ្វើឡើងក្នុងឱកាសលោកជំទាវរដ្ឋលេខាធិការ ហ៊ុន ដានី ក្នុងនាមតំណាងលោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ ការងារនារី និងយេនឌ័រក្នុងវិស័យទេសចរណ៍ឆ្នាំ២០២៣ ដើម្បីធ្វើការត្រួតពិនិត្យទៅលើវឌ្ឍនភាព បញ្ហាប្រឈម និងដាក់ចេញនូវផែនការអនុវត្តបន្តក្នុងឆ្នាំ២០២៤។
កិច្ចប្រជុំនេះធ្វើឡើងនាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងទេសចរណ៍ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ អគ្គនាយកដ្ឋាន វិទ្យាស្ថានជាតិទេសចរណ៍ នាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរទេសចរណ៍រាជធានី-ខេត្ត និងមន្ត្រីជំនាញជាច្រើនរូប។

លោកជំទាវរដ្ឋលេខាធិការ ហ៊ុន ដានី បានរំលេចអំពីតួនាទីដ៏មានសារសំខាន់នៃចង្កោមការងារទាំង២ក្រុម ផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមភាពយេនឌ័រ ដែលជាសេនាធិការរបស់ក្រសួងទេសចរណ៍ក្នុងការអនុវត្តគោលនយោបាយ និងផែនការរបស់ក្រសួង ដើម្បីជំរុញលើកកម្ពស់ការប្រកបអាជីវកម្ម មុខរបរ និងការងារចិញ្ចឹមជីវិត សំដៅធ្វើយ៉ាងណាឱ្យមានភាពរីកចម្រើនទៅមុខ ហើយដែលការងារទាំងនេះក៏មានស្ត្រីចូលរួមច្រើនផងដែរ។

លោកជំទាវបានថ្លែងយ៉ាងដូច្នេះថា «នៅក្នុងវិស័យទេសចរណ៍ ស្ត្រីបានដើរតួយ៉ាងសំខាន់ក្នុងសកម្មភាពរដ្ឋបាល សេវាកម្ម អាជីវកម្ម និងការធ្វើបដិសណ្ឋារកិច្ច ដូច្នេះសូមស្នើឱ្យមន្ត្រីរាជការនៃបណ្ដានាយកដ្ឋានចំណុះក្រសួងទេសចរណ៍យើង ក៏ដូចជានៅមន្ទីរទេសចរណ៍រាជធានី-ខេត្តទាំង២៥ សូមបន្តយកចិត្តទុកដាក់លើកកម្ពស់ឱ្យបានផុសផុលបន្ថែមទៀត ពិសេសមន្ត្រីរាជការជាស្ត្រីខ្លួនយើង ក៏ត្រូវពង្រឹងខ្លួនយើងផងដែរ»

លោកជំទាវបានបន្តថា ចំណុចនេះគឺផ្តើមពីតួនាទីដ៏មានសារសំខាន់របស់ស្ត្រី ក្រសួងទេសចរណ៍បានចាត់ទុកស្ត្រីគឺជាកម្លាំងចលករដ៏មានសក្ដានុពល និងជាភាគីពាក់ព័ន្ធមិនអាចខ្វះបាន ដែលបានចូលរួមចំណែកយ៉ាងសកម្មនៅក្នុងការលើកស្ទួយកម្រិតជីវភាពគ្រួសារ សហគមន៍ និងសង្គម-សេដ្ឋកិច្ច ជាពិសេសការវិលមកវិញនៃកំណើនទេសចរជាតិនិងអន្តរជាតិក្នុងឆ្នាំ២០២៣។

លោកជំទាវរដ្ឋលេខាធិការក៏បានលើកឡើងថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានផ្តល់ការយកចិត្តទុកដាក់ខ្ពស់ចំពោះមុខរបរ និងការងារក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈការដាក់ចេញនូវ «យុទ្ធសាស្ត្រជាតិអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ២០២៣-២០២៨» ដែលមានគោលបំណងលើកកម្ពស់ការគាំពារ ការពង្រឹងសមត្ថភាព ផលិតភាព និងភាពធន់នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

ក្នុងកិច្ចប្រជុំខាងលើ លោកស្រីរដ្ឋលេខាធិការក៏បានដាក់ចេញនូវផែនការអនុវត្តបន្តសម្រាប់ឆ្នាំ២០២៤ ដល់អគ្គនាយកដ្ឋាន នាយកដ្ឋាន និងមន្ទីរទេសចរណ៍រាជធានី-ខេត្ត ដើម្បីពង្រឹងពង្រីកសកម្មភាពការងារនៅក្នុងក្របខណ្ឌទទួលខុសត្រូវរបស់ខ្លួនឱ្យកាន់តែប្រសើរឡើង និងដើម្បីស្វែងរកឱកាសឈានទៅសម្រេចបាននូវវឌ្ឍនភាពថ្មីៗជូនក្រសួង ក៏ដូចជារាជរដ្ឋាភិបាល៕