ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន៖ សេដ្ឋកិច្ចកម្ពុជា កំពុងផ្លាស់ពីឧស្សាហកម្មអតិពលកម្ម មកឧស្សាហកម្មផ្អែកលើជំនាញ និងបន្តឈានទៅអភិវឌ្ឍឧស្សាហកម្មទំនើប


(ភ្នំពេញ)៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤នេះ បានលើកឡើងថា សេដ្ឋកិច្ចកម្ពុជា កំពុងផ្លាស់ពីឧស្សាហកម្មអតិពលកម្ម មកឧស្សាហកម្មផ្អែកលើជំនាញ និងបន្តឈានទៅអភិវឌ្ឍឧស្សាហកម្មទំនើប។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឯកឧត្តមឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន អញ្ជើញជាអធិបតីភាព ក្នុងកម្មវិធីសម្ពោធជាផ្លូវការ មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ក្រោមប្រធានបទ «អភិវឌ្ឍជំនាញ, អភិវឌ្ឍអាជីវកម្ម, អភិវឌ្ឍខ្លួនយើងទាំងអស់គ្នា» ដែលរៀបចំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤នេះ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា «សេដ្ឋកិច្ចកម្ពុជា បាននិងកំពុងផ្លាស់ប្ដូរពីឧស្សាហកម្មអតិពលកម្ម មកឧស្សាហកម្មផ្អែកលើជំនាញ និងបន្តឈានទៅអភិវឌ្ឍឧស្សាហកម្មទំនើប ដែលផ្អែកជាសំខាន់ លើមូលដ្ឋានបច្ចេកវិទ្យា និងចំណេះដឹង»

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បន្ដថា ស្ថិតក្នុងបរិការណ៍នេះ ការអភិវឌ្ឍជំនាញដើរតួនាទីកាន់តែសំខាន់ ក្នុងការលើកកម្ពស់សមត្ថភាព, ភាពប្រកួតប្រជែង និងកម្រិតជីវភាព ដល់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាបំពេញតម្រូវការដ៏ធំធេង នៃកម្លាំងពលកម្មជំនាញ ទាំងកម្រិតទាប មធ្យម និងខ្ពស់ ឲ្យត្រូវនឹងតម្រូវការរបស់វិនិយោគិន ទាំងគុណភាព និងបរិមាណ។

ការណ៍នេះ ទាមទារឲ្យមានការចូលរួមយ៉ាងសកម្ម និងក្នុងស្មារតីបុរេសកម្ម ពីតួអង្គពាក់ព័ន្ធទាំងអស់ ទាំងផ្នែកផ្គត់ផ្គង់ និងផ្នែកដែលមានតម្រូវការ (ជាពិសេសវិស័យឯកជន) ដើម្បីរួមកម្លាំងជាធ្លុងមួយ ដែលមានលក្ខណៈប្រទាក់ក្រឡា និងបំពេញឲ្យគ្នាទៅវិញទៅមក ក្នុងន័យសម្រេចឲ្យបានគោលដៅយុទ្ធសាស្ត្រ ដែលរាជរដ្ឋាភិបាល បានដាក់ចេញ។ នេះជាការបញ្ជាក់បន្ថែម។

ឯកឧត្តមបន្តថា ឈរលើស្មារតីបុរេសកម្ម និងការឆ្លើយតបនឹងការទទូចស្នើសុំពីដៃគូពាក់ព័ន្ធ ជាពិសេសវិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានធ្វើការសិក្សា និងវាយតម្លៃពីស្ថានភាព តម្រូវការ និងការផ្គត់ផ្គង់នៅក្នុងប្រព័ន្ធអេកូឡូស៊ីជំនាញ ជាមួយដៃគូអភិវឌ្ឍន៍, វិស័យឯកជន និងក្រសួងស្ថាប័នពាក់ព័ន្ធ ដោយផ្អែកលើនិន្នាការ និងនិយាមអន្តរជាតិ និងក្នុងតំបន់ និងរួមបញ្ចូលបរិបទកម្ពុជា។

ជាលទ្ធផល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្តួចផ្តើម, បង្កើត និងអនុវត្តគម្រោងសាកល្បង យន្តការគ្រប់គ្រងមូលនិធិអភិវឌ្ឍជំនាញនេះ កាលពីខែមីនា ឆ្នាំ២០១៨។ នេះជាការគូសបញ្ជាក់ របស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន។

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ក៏បានផ្ដល់នូវអនុសាសន៍ណែនាំ ដល់ក្រសួងស្ថាប័ន, ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដែលមានសមត្ថកិច្ចពាក់ព័ន្ធនឹងការអភិវឌ្ឍជំនាញ ដូចខាងក្រោម៖

ទី១៖ ស្នើសុំការចូលរួម និងសហការឲ្យអស់ពីលទ្ធភាពពីសំណាក់ដៃគូពាក់ព័ន្ធទាំងអស់ ទាំងស្ថាប័នរាជរដ្ឋាភិបាល វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ដើម្បីជាកម្លាំងចលកររួមដ៏ធំមួយ ក្នុងការសម្រេចឲ្យបាន ការអភិវឌ្ឍមូលធនមនុស្សកម្ពុជា ប្រកបដោយចំណេះ, ជំនាញ, ឥរិយាបថ, និងក្រមសីលធម៌វិជ្ជាជីវៈ ស្របតាម «យុទ្ឋសាស្ត្របញ្ចកោណ ដំណាក់កាលទី១» ក្រោមការដឹកនាំដ៏ឈៀសវៃ និងប៉ិនប្រសព្វរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

ទី២៖ ស្នើឲ្យមូលនិធិអភិវឌ្ឍន៍ជំនាញ បន្តលើកកម្ពស់គុណភាពសេវា និងប្រសិទ្ធភាពនៃការគ្រប់គ្រង និងបែងចែកធនធានរបស់មូលនិធិ សំដៅលើកកម្ពស់ទំនុកចិត្ត និងការចូលរួមរបស់ដៃគូពាក់ព័ន្ធក្នុងការអភិវឌ្ឍជំនាញដែលជាតម្រូវការពិតប្រាកដរបស់វិស័យឯកជន។

ទី៣៖ ស្នើឲ្យមូលនិធិអភិវឌ្ឍន៍ជំនាញ ចាប់ផ្តើមគិតគូរ និងសិក្សាពីម៉ូដែលហិរញ្ញប្បទាន សម្រាប់រយៈពេលមធ្យម និងវែងខាងមុខសំដៅធានាឲ្យបាននូវប្រសិទ្ធភាព និងនិរន្តរភាពនៃហិរញ្ញប្បទាន សម្រាប់គាំទ្រការអភិវឌ្ឍជំនាញ ដល់ប្រជាពលរដ្ឋកម្ពុជា ឲ្យត្រូវនឹងតម្រូវការរបស់វិស័យឯកជនផង និងតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមផង។

ទី៤៖ ស្នើឲ្យមូលនិធិអភិវឌ្ឍន៍ជំនាញ បន្តរៀបចំកម្មវិធីថ្មីៗបន្ថែមទៀត ដើម្បីឆ្លើយតបនឹងតម្រូវការ វិស័យឯកជន ក៏ដូចជាគាំទ្រដល់គោលនយោបាយគន្លឹះៗ របស់រាជរដ្ឋាភិបាល ។

ទី៥៖ ស្នើឲ្យមូលនិធិអភិវឌ្ឍន៍ជំនាញ សិក្សាពីតម្រូវការជំនាញបច្ចុប្បន្ន និងអនាគតដែលចាំបាច់ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

ទី៦៖ ស្នើឲ្យមូលនិធិអភិវឌ្ឍន៍ជំនាញធ្វើឌីជីថលូបនីយកម្ម បន្ថែមលើប្រតិបត្តិការរបស់ខ្លួន ដើម្បីបង្កើនប្រសិទ្ធភាព ពង្រឹងគុណភាព និងធានាបានតម្លាភាព និងទំនុកចិត្តនៃការគ្រប់គ្រង និងបែងចែកមូលនិធិ៕