ឯកឧត្តមបណ្ឌិត ថោង ខុន អនុញ្ញាតឲ្យប្រធាន FEI ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជំរុញការអភិវឌ្ឍកីឡាជិះសេះនៅកម្ពុជា


(ភ្នំពេញ)៖ បន្ទាប់ពីសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ សព្វព្រះរាជហឫទ័យប្រោសព្រះរាជានុញ្ញាតឲ្យប្រតិភូសហព័ន្ធកីឡាបង្ហាត់ជិះសេះអន្តរជាតិ (FEI) ចូលក្រាបថ្វាយបង្គំគាល់ កាលពីថ្ងៃច័ន្ទម្សិលមិញ នៅព្រះបរមរាជវាំង នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានអនុញ្ញាតឲ្យលោក Ingmar DE VOS ប្រធាន FEI និងជាសមាជិកគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្នាក់ការ NOCC ។

ក្នុងឱកាសជួបសម្ដែងការគួរសម និងពិភាក្សាការងារនេះ ឯកឧត្តមបណ្ឌិត ថោង ខុន បានផ្តោតសំខាន់ លើការពិភាក្សាក្នុងការបន្តគាំទ្រដល់ការអភិវឌ្ឍកីឡាជិះសេះនៅកម្ពុជា តាមរយៈការពិនិត្យលទ្ធភាពក្នុងការជំរុញបញ្ចូលប្រភេទកីឡាជិះសេះទៅក្នុងការប្រកួតកីឡាកម្រិតតំបន់នាពេលអនាគត ជាពិសេសពិនិត្យលទ្ធភាព ក្នុងបញ្ចូលប្រភេទកីឡាជិះសេះ ក្នុងការប្រកួតកីឡាយុវជនអាស៊ី លើកទី៥ ឆ្នាំ២០២៩ នៅកម្ពុជា ដែលទាមទារឲ្យមានការវាយតម្លៃយ៉ាងម៉ត់ចត់ពីក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) ស្របតាមស្តង់ដារ កំណត់បច្ចេកទេសដូចការរៀបចំការប្រកួតកីឡាអូឡាំពិកដែរ។

ជាមួយគ្នានេះដែរ ឯកឧត្តមទេសរដ្ឋមន្ដ្រី ក៏បានស្នើសុំការគាំទ្រពីសហព័ន្ធកីឡាបង្ហាត់ជិះសេះអន្តរជាតិ លើការរៀបចំអភិវឌ្ឍន៍ធនធានអត្តពលិក, ធនធានបច្ចេកទេស-ជំនាញថែទាំសេះ និងការសាងសង់ទីលានប្រកបតាមស្តង់ដារអន្តរជាតិ ដើម្បីស្នើសុំរាជរដ្ឋាភិបាលកម្ពុជា ក្នុងការពិនិត្យលទ្ធភាពបញ្ចូលប្រភេទកីឡាជិះសេះក្នុងការប្រកួតកីឡាយុវជនកម្រិតអាស៊ីនេះ។

បន្ថែមលើនេះ ឯកឧត្តមបណ្ឌិត ថោង ខុន ក៏បានថ្លែងអំណរគុណដល់សហព័ន្ធកីឡាបង្ហាត់ជិះសេះអន្តរជាតិ ដែលបានឧបត្ថម្ភគាំទ្រគម្រោង «កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់ក្មេងស្រីក្រីក្រ» របស់សហព័ន្ធលើការបង្កើតកម្មវិធីបណ្តុះបណ្តាលជំនាញអ្នកថែទាំសេះនៅកម្ពុជា ដែលគម្រោងនេះពិតជាមានសារៈសំខាន់សម្រាប់សហព័ន្ធក្នុងការបណ្តុះបណ្តាលអ្នកថែទាំសេះប្រកបដោយវិជ្ជាជីវៈខ្ពស់ ក្នុងទិសដៅបន្តជំរុញអភិវឌ្ឍកីឡាជិះសេះនៅកម្ពុជា ឲ្យកាន់តែមានប្រជាប្រិយភាព និងក្លាយជាប្រភេទកីឡាដ៏មាន សក្កានុពលផងដែរ។

ឆ្លៀតឱកាសនោះ លោក Ingmar DE VOS បានសម្ដែងសេចក្ដីសោមនស្សរីករាយ ក្នុងការជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តមទេសរដ្ឋមន្ដ្រី ថោង ខុន ដែលសកម្មជនឆ្នើមក្នុងការជំរុញចលនាអូឡាំពិកនៅកម្ពុជា ហើយលោកបានកោតសរសើរ ចំពោះថ្នាក់ដឹកនាំសហព័ន្ធកីឡាជិះសេះកម្ពុជា ដែលខិតខំប្រឹងប្រែងជំរុញការអភិវឌ្ឍវិស័យកីឡាមួយនេះនៅកម្ពុជា ជាក់ស្ដែងលោកបានវាយតម្លៃខ្ពស់ ចំពោះហេដ្ឋារចនាសម្ព័ន្ធ គ្រូបង្វឹក និងធនធានកីឡាករយុវជន ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ បន្ថែមពីលោកបានទៅពិនិត្យដល់ទីតាំងហ្វឹកហាត់ ។

យ៉ាងណាក្ដី ប្រធានសហព័ន្ធកីឡាបង្ហាត់ជិះសេះអន្តរជាតិដដែល នឹងធ្វើការពិនិត្យលទ្ធភាព និងពិចារណាលើគម្រោងផ្សេងៗ ដើម្បីជួយគាំទ្រដល់ការអភិវឌ្ឍវិស័យកីឡាជិះសេះនៅកម្ពុជាឲ្យកាន់តែរីកចម្រើនបន្ថែមទៀត សម្រាប់ជាការបើកឱកាសឲ្យអត្តពលិកកម្ពុជា បានចូលរួមការប្រកួតលក្ខណៈតំបន់ ដូចជាកីឡាស៊ីហ្គេម និងកីឡាយុវជនអាស៊ីជាដើម ៕