ក្រសួងសាធារណការ បើកកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើកទី៥ លើសេចក្តីព្រាងបទដ្ឋានបច្ចេកទេសសម្រាប់ប្រើប្រាស់ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ជាមួយក្រុមការងារបច្ចេកទេសអូស្រ្ដាលី


(ភ្នំពេញ)៖ ឯកឧត្តម យិត បុណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើកទី៥ លើសេចក្តីព្រាងបទដ្ឋានបច្ចេកទេសសម្រាប់ប្រើប្រាស់ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ជាមួយក្រុមការងារបច្ចេកទេស P4I & Austroads នៃប្រទេសអូស្រ្ដាលី។

កិច្ចប្រជុំនេះបានធ្វើឡើងនាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានសាធារណការ អគ្គនាយកដ្ឋានបច្ចេកទេស ក្រុមការងារស្ថាប័ន Partnerships for Infrastructure (P4I) ក្រុមការងារបច្ចេកទេស Austroads ព្រមទាំងមន្រ្តីបច្ចេកទេសមកពីអង្គភាព ជំនាញក្រោមឱវាទក្រសួងជាច្រើនរូបផងដែរ។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ប្រមូលមតិយោបល់ ក៏ដូចជាធាតុចូលដើម្បីធ្វើឱ្យប្រសើរឡើងសេចក្តីព្រាងបទដ្ឋានបច្ចេកទេសផ្លូវថ្នល់ ដែលបានរៀបចំឡើងដោយក្រុមការងារបច្ចេកទេស P4I & Austroads នៃប្រទេសអូស្រ្តាលី។

កិច្ចប្រជុំពិភាក្សានេះជាផ្នែកមួយនៃដំណើរបេសកកម្មរបស់ក្រុមការងារបច្ចេកទេស P4I & Austroads មានរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី២៧ មករា ដល់ថ្ងៃទី២ កុម្ភៈ ឆ្នាំ២០២៤ ដោយពិភាក្សាលម្អិត និងកែសម្រួលបទដ្ឋានបច្ចេកទេសតាមផ្នែកនីមួយៗ ទាក់ទងនឹងផ្លូវថ្នល់ដែលមានដូចជា ការឌីហ្សាញកម្រាលផ្លូវ ស្ពាន ប្រព័ន្ធរំដោះទឹក ផ្លូវប្រសព្វ ផ្លាកសញ្ញាចរាចរណ៍ គំនូសសញ្ញាចរាចរណ៍ យែនឌ័រ ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការប្រែប្រួលអាកាសធាតុ សំដៅធ្វើឱ្យសេចក្តីព្រាងបទដ្ឋានបច្ចេកទេសនេះកាន់តែមានមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងសមស្របតាមតម្រូវការជាក់ស្តែងនៃស្ថានភាពផ្លូវថ្នល់នៅកម្ពុជា៕