សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលនឹងផ្តល់ទិដ្ឋាការពិសេស៣ឆ្នាំ សម្រាប់វិនិយោគិន ទិញឬជួលអចលនទ្រព្យរយៈពេលវែងក្នុងខេត្តព្រះសីហនុ មានតម្លៃលើស១០ម៉ឺនដុល្លារ


(ព្រះសីហនុ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងផ្តល់ទិដ្ឋាការពិសេសរយៈពេល ៣ឆ្នាំ សម្រាប់វិនិយោគិន ដែលទិញឬជួលអចលនទ្រព្យរយៈពេលវែងក្នុងខេត្តព្រះសីហនុ ដែលមានតម្លៃលើសពី ១០០ ០០០ដុល្លារអាមេរិក ដោយប្រភេទនៃទិដ្ឋាការពិសេសនេះត្រូវកំណត់ដោយអនុក្រឹត្យដោយឡែក។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូចនេះនាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤នេះ នាឱកាសអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤»

ទន្ទឹមនឹងការផ្តល់ «អត្ថប្រយោជន៍ពិសេស» ដល់គម្រោង ឬសកម្មភាពផ្សេងៗជាច្រើន រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវវិធានការចាំបាច់មួយចំនួនទៀតដើម្បីគាំទ្រ និងជំរុញលើកទឹកចិត្តបន្ថែម ជារួមដល់ការទាក់ទាញការវិនិយោគ និងការអភិវឌ្ឍឧស្សាហកម្ម នៅក្នុងខេត្តព្រះសីហនុ ក្នុងនោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «ការផ្តល់ទិដ្ឋាការពិសេសរយៈពេល ៣ឆ្នាំ សម្រាប់វិនិយោគិនដែលទិញ ឬជួលអចលនទ្រព្យរយៈពេលវែង ក្នុងខេត្តព្រះសីហនុដែលមានតម្លៃលើសពី ១០០ ០០០ដុល្លារអាម៉េរិក ដោយប្រភេទនៃទិដ្ឋាការពិសេសនេះ ត្រូវកំណត់ដោយ អនុក្រឹត្យដោយឡែក»

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា ក្រៅពីនេះរាជរដ្ឋាភិបាលក៏មានផ្តល់អត្ថប្រយោជន៍ជាច្រើនទៀតដូចជា៖ ការរៀបចំតំបន់គម្រោងវិនិយោគ ឬតំបន់អភិវឌ្ឍនៅតាមភូមិ, សង្កាត់ និងផ្លូវសំខាន់ៗ ដូចជា តំបន់ទេសចរណ៍ពិសិដ្ឋ, តំបន់លក់ទំនិញរួចពន្ធដែលគ្រប់ជាតិសាសន៍អាចទិញទំនិញបាន, វិថីអាហារ និងរមណីយដ្ឋាន/កន្លែងកម្សាន្ត ជាដើម ជាជំហានៗ ស្របតាមសក្តានុពល និង ភូមិសាស្ត្រជាក់ស្ដែង, ការពន្លឿនការត្រួតពិនិត្យគយ ក៏ដូចជាការកែសម្រួល និងការផ្តល់សេវាល្អជូនដល់ភ្ញៀវទេសចរ និងវិនិយោគិន, ទាំងនៅពេលមកដល់, ពេលស្នាក់នៅ និងពេលត្រឡប់ទៅវិញ។

ការរៀបចំ និងការអនុវត្តយុទ្ធនាការ «ទីក្រុងសុវត្ថិភាព», ព្រឹត្តិការណ៍ និងកម្មវិធីនានា ដើម្បីស្ដារនិងពង្រឹងកិត្តិនាមរបស់ខេត្តព្រះសីហនុលើឆាកអន្តរជាតិ, ការពន្លឿនការអនុម័ត និងការប្រកាសដាក់ឱ្យប្រើប្រាស់ផែនការមេប្រែក្លាយខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង, ការកំណត់អាទិភាព និងការវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដែលចាំបាច់សម្រាប់គាំទ្រដល់ការអភិវឌ្ឍឧស្សាហកម្ម ការអភិវឌ្ឍទេសចរណ៍ និងការទាក់ទាញការវិនិយោគ។

សម្តេចមហាបវរធិបតី បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលនឹងធ្វើការអភិវឌ្ឍតំបន់ឧស្សាហកម្ម និងសួនឧស្សាហកម្មធំៗ, ជាពិសេសការពង្រឹងតំបន់សេដ្ឋកិច្ចពិសេសដែលមានស្រាប់ឱ្យឈានដល់កម្រិតស្តង់ដាអន្តរជាតិ លើគ្រប់ទិដ្ឋភាព រួមមាន ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ; ការផ្គត់ផ្គង់អគ្គិសនី ទឹកស្អាត វត្ថុធាតុដើម និងធាតុចូលផ្សេងៗ កិច្ចសម្រួលការដឹកជញ្ជូន និងពាណិជ្ជកម្ម ការលើកទឹកចិត្ត និងវិធានការគាំទ្រ ផ្សេងទៀត, ការសម្របសម្រួលក្នុងការអភិវឌ្ឍដីដែលមានសក្តានុពល (ដីកម្មសិទិ្ធរដ្ឋ ឬ ឯក- ជន) ដើម្បីប្រែក្លាយដីទាំងនេះ ទៅជាតំបន់ប្រមូលផ្ដុំឧស្សាហកម្ម ឬ សហគ្រាស និង/ឬ តំបន់ទេសចរណ៍ ដែលរាជរដ្ឋាភិបាលនឹងចូលរួមគាំទ្រផ្នែកគោលនយោបាយលើកទឹកចិត្ត, ការអនុគ្រោះ និងហេដ្ឋារចនាសម្ព័ន្ធនានា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា ការអនុវត្តតំបន់សាកល្បងគំរូមួយ ឬច្រើន ដែលជាតំបន់សេដ្ឋកិច្ចពិសេស, តំបន់ទេសចរណ៍ពិសិដ្ឋ, តំបន់ពាណិជ្ជកម្មសេរី, តំបន់ប្រមូលផ្តុំឧស្សាហកម្ម ឬភណ្ឌាគារគយ ដើម្បីប្រមូលផ្ដុំធនធាន និងជំរុញការអភិវឌ្ឍឱ្យបានលឿន និងមានប្រសិទ្ធភាព ដែលអាចជ្រើសរើសចេញពីតំបន់ដែលត្រូវពង្រីកបន្ថែម, ឬនៅស្ទឹង ហាវ ឬកន្លែងដទៃទៀត តាមរយៈកិច្ចសហការរវាងរដ្ឋ និងវិស័យឯកជន និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរួម និងសកម្មភាពផ្សេងៗរួមគ្នា៕