គណៈកម្មការទី៩ នៃរដ្ឋសភា ចុះបំពេញបេសកកម្មការងារ លើវិស័យទទួលខុសត្រូវរបស់ខ្លួន នៅខេត្តពោធិ៍សាត់


(ពោធិ៍សាត់)៖ គណៈកម្មការទី៩ នៃរដ្ឋសភា ដឹកនាំដោយលោកជំទាវ និន សាផុន ប្រធានគណៈកម្មការ សាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣នេះ បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំ រដ្ឋបាលខេត្តពោធិ៍សាត់ ដែលដឹកនាំដោយ ឯកឧត្តម ខូយ រីដា អភិបាលខេត្ត, ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត, មន្ទីរជំនាញពាក់ព័ន្ធ និងទីចាត់ការ អង្គភាពចំណុះសាលាខេត្តមួយចំនួនទៀត។

កិច្ចពិភាក្សាការងារនេះ ធ្វើឡើងនៅសាលប្រជុំក្រុមប្រឹក្សាខេត្ត ក្នុងគោលបំណងដើម្បីស្វែងយល់ពីប្រសិទ្ធភាព នៃការប្រតិបត្តិច្បាប់នានា ក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

លោកជំទាវ និន សាផុន បានឲ្យដឹងថា ក្នុងដំណើរបំពេញបេសកកម្ម របស់ប្រតិភូគណៈកម្មការទី៩ នៃរដ្ឋសភា មកកាន់ទឹកដីខេត្តពោធិ៍សាត់នាពេលនេះ គឺដើមី្បធ្វើការស្វែងយល់ អំពីស្ថានភាពទូទៅ និងការរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងការផ្តល់សេវារដ្ឋបាល ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្ត ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងធ្វើការផ្លាស់ប្តូរបទពិសោធន៍ លើការងារទាំងនោះផងដែរ។

បន្ទាប់ពីឯកឧត្តម ខូយ រីដា បានមានប្រសាសន៍ជម្រាបគណៈប្រតិភូគណៈកម្មការទី៩ នៃរដ្ឋសភា អំពីស្ថានភាពទូទៅ និងសភាពការណ៍ក្នុងខេត្ត ពិសេសគឺបានជម្រាបជូនពីការងារមួយចំនួន ដែលទាក់ទិននឹងវិស័យទទួលខុសត្រូវរបស់គណៈកម្មការ ដូចជាសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នោះរួចមក, លោកជំទាវ និន សាផុន ក៏បានធ្វើការកោតសរសើរ ពីការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តពោធិ៍សាត់ លើការងារអភិវឌ្ឍន៍ខេត្ត ឲ្យកាន់តែមានសោភណ្ឌភាព និងការរីកចម្រើនគួរ ឲ្យកត់សម្គាល់។ ពិតណាស់ខេត្តពោធិ៍សាត់ ពីមួយថ្ងៃទៅមួយថ្ងៃ គឺមានការអភិវឌ្ឍន៍រីកចម្រើនជាលំដាប់។

លោកជំទាវក៏បានលើកឡើងអំពីភ្លើងបំភ្លឺ និងភ្លើងចម្រុះព័ណ៌ ដែលប្រៀបបាននឹងឋានសួគ៌ពិតប្រាកដ និងសាកសមជាខេត្តធុងអាគុយ ដែលបច្ចុប្បន្ននេះ មានទំនប់វារីអគ្គិសនី និង Solar Farm ជាច្រើនកន្លែង ដែលខ្លះកំពុងដំណើរការ និងខ្លះទៀតកំពុងសាងសង់ ជាបន្តបន្ទាប់។

លោកជំទាវបន្ថែមថា ខេត្តពោធិ៍សាត់ គឺជាខេត្តគម្រូមួយ ដែលធ្វើការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋបានទាន់ពេលវេលា ដូចជាបញ្ហាកង្វះខាតទឹកធ្វើស្រូវប្រាំងជាដើម ទោះបីបងប្អូនប្រជាកសិករយើង បានអនុវត្តន៍លើសផែនការក្តី ក៏លោកអភិបាលខេត្តបានរកដំណោះស្រាយ បែងចែកទឹកបានដល់គ្រប់គោលដៅនោះផងដែរ។ ក្នុងនាមប្រធានគណៈកម្មការ លោកស្រីក៏បានលើកនូវបទពិសោធន៍ និងអនុសាសន៍ល្អៗមួយចំនួន ដើមី្បជាមូលដ្ឋានគ្រឹះ សម្រាប់ថ្នាក់ក្រោមជាតិយកទៅអនុវត្ត ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ក្នុងឱកាសនោះ គណៈប្រតិភូគណៈកម្មការទី៩ នៃរដ្ឋសភា និងថ្នាក់ដឹកនាំរដ្ឋបាលខេត្តពោធិ៍សាត់ ក៏បានប្រគល់-ទទួលវត្ថុអនុស្សាវរីយ៍ ក៏ដូចជាវត្ថុកំដរដៃ ទៅវិញទៅមក និងបានថតរូបជុំគ្នា ប្រកបដោយបរិយាកាសរីករាយក្រៃលែង៕