កម្ពុជា និងព្រុយណេ បញ្ជាក់ការប្តេជ្ញាចិត្តជំរុញបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី


រាជរដ្ឋាភិបាលកម្ពុជា និងព្រុយណេ បានបញ្ជាក់នូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការជំរុញបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី។ នេះបើតាមការផ្សាយរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤។

ការបញ្ជាក់បែបនេះ បានធ្វើឡើងក្នុងឱកាស ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ទទួលជួបពិភាក្សាការងារជាមួយ លោក Pengiran Kasmirhan Bin Pengiran Haji Tahir ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសព្រុយណេ ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលលោកឯកអគ្គរាជទូត ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួង នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤។

ក្រសួងការបរទេស បានបញ្ជាក់យ៉ាងដូច្នេះថា «ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងឯកអគ្គរាជទូត បានបញ្ជាក់នូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការជំរុញបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជានិងព្រុយណេ លើវិស័យជាច្រើន ជាពិសេសវិស័យពាណិជ្ជកម្ម និងវិនិយោគ កសិកម្ម ទេសចរណ៍ និងវប្បធម៌។

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោកឯកអគ្គរាជទូត បានរំលឹកឡើងវិញនូវព្រះរាជទស្សនកិច្ចផ្លូវការប្រកបដោយជោគជ័យរបស់ព្រះចៅ Sultan Haji Hassanal Bolkiah Mu’izzaddin Waddaulah ព្រះមហាក្សត្រនៃព្រុយណេដារូស្សាឡាម យាងមកកាន់ព្រះរាជាណាចក្រកម្ពុជា កាលពីឆ្នាំ២០២២ និងលទ្ធផលប្រកបដោយផ្លែផ្កានៃជំនួបទ្វេភាគីរវាង សម្តេចធិបតី នាយករដ្ឋមន្រ្តី និងព្រះចៅ Sultan Haji Hassanal Bolkiah Mu’izzaddin Waddaulah ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរដ្ឋធានីហ្សាការតា កាលពីខែកញ្ញា ឆ្នាំ ២០២៣។

លើសពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោកឯកអគ្គរាជទូត ក៏បានបញ្ជាក់ពីជំហរក្នុងការគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាតំបន់ និងអន្តរជាតិ៕