វេទិកាធុរកិច្ចកម្ពុជា-ថៃ, អ្នកឧកញ៉ា គិត ម៉េង លើកឡើងថា សម្តេចធិបតី ហ៊ុន ម៉ាណែត តែងតែគាំទ្រដល់វិស័យឯកជន និងប្រកាន់ខ្ជាប់ នូវគោលការណ៍ពហុភាគី និងកិច្ចព្រមព្រៀងអន្តរជាតិ


(ថៃ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តែងគាំទ្រដល់វិស័យឯកជន និងប្រកាន់ខ្ជាប់នូវគោលការណ៍ពហុភាគី និងកិច្ចព្រមព្រៀងអន្តរជាតិ។

ការថ្លែងបែបនេះរបស់អ្នកឧកញ៉ា គិត ម៉េង ធ្វើឡើងក្នុងវេទិការធុរកិច្ចកម្ពុជា-ថៃ ដែលសហការរៀបចំ ដោយសភាពាណិជ្ជកម្មកម្ពុជា, សភាពាណិជ្ជកម្មថៃ និងគណៈកម្មាធិការពាណិជ្ជកម្មថៃ ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នារសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤។

អ្នកឧកញ៉ា គិត ម៉េង បានបញ្ជាក់ថា រាជដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដែលជាផែនការរយៈពេលវែង សំដៅសម្រេចឲ្យបានកម្ពុជា ក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់ នៅឆ្នាំ២០៥០។

ទន្ទឹមគ្នានេះ អ្នកឧកញ៉ា គិត ម៉េង ក៏បានអញ្ជើញថ្លែងសុន្ទរកថា និងបានកត់សម្គាល់ អំពីសមិទ្ធផលដែលកើតចេញពីភាពជាដៃ គូសេដ្ឋកិច្ចប្រទេសទាំងពីរ ជាពិសេស ការផ្លាស់ប្តូរទស្សនកិច្ចជាទៀងទាត់ របស់ថ្នាក់ដឹកនាំប្រទេសទាំងពីរ ដែលពិតជាជួយជំរុញពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី។

អ្នកឧកញ៉ាប្រធាន បានគូសបញ្ជាក់ថា «វិនិយោគិនថៃ ស្ថិតនៅក្នុងចំណោមវិនិយោគិនបរទេស ដែលទទួលជោគជ័យ និងលេចធ្លោជាងគេនៅកម្ពុជា ដែលឆ្លុះបញ្ចាំងអំពីទំនាក់ទំនងស៊ីជម្រៅ រវាងប្រទេសទាំងពីរ ហើយវិស័យសំខាន់ ដែលក្រុមហ៊ុនថៃ កំពុងវិនិយោគនៅកម្ពុជា រួមមានដូចជា៖ កសិកម្ម ទេសចរណ៍ និងវិស័យ លក់រាយជាដើម»

អ្នកឧកញ៉ាប្រធាន បន្ថែមទៀតថា កត្តាគន្លឹះដែលបង្កលក្ខណៈសមស្រប ដល់ក្រុមហ៊ុនថៃនៅកម្ពុជារួមមាន៖ កំណើនសេដ្ឋកិច្ចលឿន ក្នុងអត្រាមធ្យម៧% ថ្លៃដើម ពលកម្មទាបកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី គោលនយោបាយលើកទឹកចិត្តរបស់រាជរដ្ឋាភិបាល ភូមិសាស្ត្រនៅជិតគ្នា និងទំនាក់ទំនងវប្បធម៌រវាងប្រជាជាតិទាំងពីរ ដែលនាំឲ្យងាយស្រួលក្នុងការធ្វើធុរកិច្ច និងយល់គ្នាទៅវិញទៅមក។

អ្នកឧកញ៉ា គិត ម៉េង ក៏បានជំរុញ និងលើកទឹកចិត្តធុរជនប្រទេសទាំងពីរ បង្កើត និងចាប់យកឱកាសដោយប្រើប្រាស់នូវយន្តការ ដែលមានស្រាប់ដូចជា មហាអនុតំបន់ទន្លេមេគង្គ ក្របខណ្ឌកិច្ចសហប្រតិបត្តិការ មេគង្គ និងអេកមិក (ACCMECS) ជាដើម ដែលអំណោយផលដល់កិច្ចសម្រួលពាណិជ្ជកម្ម និងតំណភ្ជាប់ធុរកិច្ច ដែលក្នុងនោះវិនិយោគិនថៃអាចបង្កើតទីតាំងផលិតកម្ម នៅកម្ពុជា និងនាំផលិតផលសម្រេច ទៅកាន់ទីផ្សារអាស៊ាន អាសិប ចិន កូរ៉េ និង អេមីរ៉ាត់អារ៉ាប់រួម។

វេទិកាធុរកិច្ចកម្ពុជា-ថៃ បានប្រព្រឹត្តទៅប្រកបដោយជោគជ័យ និងបានជជែកផ្លាស់ប្តូរទស្សនអំពីបរិយាកាសវិនិយោគ និង សក្តានុពល កាលានុវត្តភាព ធុរកិច្ចនៅកម្ពុជា និងថៃ ព្រមទាំងបទពិសោធន៍ ជាក់ស្តែងរបស់ក្រុមហ៊ុនថៃដែលមានវត្តមាន និង កំពុងធ្វើប្រតិបត្តិការនៅកម្ពុជា៕