ឯកឧត្តមបណ្ឌិត កៅ គឹមហួន ដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន ទៅបំពេញទស្សនកិច្ចនៅឥណ្ឌា និងជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌា


តបតាមការអញ្ជើញរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌា ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន មកបំពេញទស្សនកិច្ចការងារ នៅសាធារណរដ្ឋឥណ្ឌា ហើយនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ បានជួបពិភាក្សាការងារជាមួយលោកបណ្ឌិត Subrahmanyam Jaishankar រដ្ឋមន្ត្រីការបរទេសឥណ្ឌា នៅទីក្រុងញូវឌេលី សាធារណរដ្ឋឥណ្ឌា។

នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាស៊ីជម្រៅអំពីភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ឥណ្ឌា រួមទាំងវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពដើម្បីអនុវត្តភាពជាដៃគូអាស៊ាន-ឥណ្ឌា សម្រាប់សន្តិភាព វឌ្ឍនភាព និងវិបុលភាពរួម ឆ្នាំ២០២១-២០២៥ និងឯកសារឧបសម្ព័ន្ធ។

ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានថ្លែងអំណរគុណរដ្ឋាភិបាលឥណ្ឌា ដែលបានអញ្ជើញរូបគាត់ មកបំពេញទស្សនកិច្ចការងារនៅប្រទេសឥណ្ឌា ដែលបានចូលរួមចំណែកដល់ការពង្រឹងទំនាក់ទំនងអាស៊ាន-ឥណ្ឌា។

នៅរសៀលថ្ងៃដដែល ឯកឧត្តមបណ្ឌិត កៅ គឹមហួន បានបន្តជួបពិសាបាយការងារជាមួយលោកបណ្ឌិត Rajkumar Ranjan Singh អនុរដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌា។

នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈស្តីពីកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងអាស៊ាន-ឥណ្ឌា ព្រមទាំងបានជជែកគ្នាលើប្រធានបទមួយចំនួនពាក់ព័ន្ធនឹងកិច្ចការតំបន់ និងពិភពលោកពេលបច្ចុប្បន្នផងដែរ។

នៅរសៀលថ្ងៃទី១២ ខែកុម្ភៈដដែលឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានផ្តល់បាឋកថា ស្តីពី «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ឥណ្ឌា នៅក្នុងនិម្មាបនកម្មតំបន់ដែលកំពុងវិវត្តន៍» នៅឯក្រុមប្រឹក្សាកិច្ចការពិភពលោកឥណ្ឌា (ICWA) ដែលជាស្ថាប័នសិក្សាវិភាគស្រាវជ្រាវ ដ៏ល្បីឈ្មោះរបស់ឥណ្ឌា។

នៅក្នុងបាឋកថា ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានគូសរំលេចផងដែរនូវតួនាទី និងគំនិតផ្តួចផ្តើមនានារបស់អាស៊ាន នៅក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក៕