ហុងគ្រីបញ្ជាក់ជំហរយ៉ាងមុតមាំ ក្នុងការជួយលើកកម្ពស់វិស័យសុខាភិបាលកម្ពុជា តាមរយៈការផ្លាស់ប្តូរអ្នកជំនាញបច្ចេកទេស សិក្សាស្រាវជ្រាវ និងអាហារូបករណ៍


លោក Tibor BALOGHDI ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋហុងគ្រី បានបញ្ជាក់ជំហរយ៉ាងមុតមាំរបស់លសាធារណរដ្ឋហុងគ្រី ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល ។

ការថ្លែងដូច្នេះរបស់លោក ក្នុងឳកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល។

ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋហុងគ្រី បានថ្លែងបន្តថា ហុងគ្រីនឹងបន្តជួយបន្ថែមទៀតក្នុងការលើកកម្ពស់វិស័យសុខាភិបាលកម្ពុជា តាមរយៈការផ្លាស់ប្តូរអ្នកជំនាញបច្ចេកទេស និងអ្នកសិក្សាស្រាវជ្រាវ ការផ្តល់អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតទូទៅ និងថ្នាក់វេជ្ជបណ្ឌិតជំនាញលើជំនាញព្យាបាលជំងឺមហារីក និងជំនាញផ្សេងៗទៀត និងការផ្លាស់ប្តូរបច្ចេកវិទ្យានិងចែករំលែកបទពិសោធន៍លើផ្នែកព័ត៌មានវិទ្យាក្នុងវិស័យសុខាភិបាលផងដែរ។

ជាការឆ្លើយតបឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ថ្លែងអំណរគុណ និងបានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះការប្តេជ្ញាចិត្តជួយកម្ពុជា។

ទន្ទឹមនឹងនោះឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានរម្លឹកអំពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងសាធារណរដ្ឋហុងគ្រី ជាពិសេសក្នុងដំណាក់កាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ សាធារណរដ្ឋហុងគ្រីបានបរិច្ចាគវ៉ាក់សាំងកូវីដ-១៩ ប្រភេទ AstraZeneca ចំនួន ៤៥៤,៧០០ដូស និងប្រភេទ Moderna ចំនួន ១០០,០០០ដូស ជូនមករាជរដ្ឋាភិបាលកម្ពុជាក្នុងឆ្នាំ២០២២ កន្លងមក។

ជាថ្មីម្តងទៀតឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់សាធារណរដ្ឋហុងគ្រី តាមរយៈលោកឯកអគ្គរដ្ឋទូត ដែលបានបញ្ជាក់ជំហរបន្តគាំទ្ររួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ក្រោម ការដឹកនាំដ៏ឈ្លាសវៃ និងមុះមុតប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕