សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់អនុសាសន៍ចំនួន៧ ដល់គ្រប់ក្រសួង-ស្ថាប័ន និងគណៈកម្មាធិការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ យកទៅធ្វើជាធាតុចូល សម្រាប់តម្រង់ទិសការងារ និងរៀបចំយុទ្ធសាស្ត្រ


(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានផ្តល់អនុសាសន៍សំខាន់ៗចំនួន៧ ដល់គ្រប់ក្រសួង-ស្ថាប័នទាំងអស់ រួមទាំងគណៈកម្មាធិការ ដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ អាចយកទៅធ្វើជាធាតុចូលបន្ថែម សម្រាប់ការតម្រង់ទិសការងារ និងការរៀបចំយុទ្ធសាស្ត្រតទៅមុខ។

ថ្លែងក្នុងឱកាសអញ្ជើញបិទកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៣ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ សម្តេចនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដូចខាងក្រោម៖

ទី១៖ របៀបវារៈគោលនយោបាយអាទិភាព របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ត្រូវបានរំលេចច្បាស់លាស់រួចហើយ ក្នុងកម្មវិធីនយោបាយ, យុទ្ធសាស្ត្រ, និងគោលនយោបាយតាមវិស័យនានា, ជាពិសេសក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព: កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដែលសម្តេចបានប្រកាសដាក់ឱ្យអនុវត្ត ក្នុងកិច្ចប្រជុំពេញអង្គលើកដំបូង នៃគណៈរដ្ឋមន្ត្រី នីតិកាលទី ៧ នៃរដ្ឋសភា, កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣។ សម្តេចបានទាញចំណាប់អារម្មណ៍អង្គពិធីថា «ស្នូល» នៃយុទ្ធសាស្ត្របញ្ចកោណ គឺការកែទម្រង់ និងការពង្រឹងអភិបាលកិច្ច, ហើយកាលណានិយាយពីការកែទម្រង់ អភិបាលកិច្ច គឺយើងត្រូវគិតដល់ការកែទម្រង់ផ្នែកគ្រប់គ្រងស្ថាប័ន ប្រព័ន្ធថវិកា ក្របខណ្ឌគតិយុត្ត, និង ធនធានមនុស្ស, ជាកញ្ចប់តែមួយ សំដៅធ្វើទំនើបកម្មស្ថាប័នរដ្ឋ ឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់, ខ្លាំង, វៃឆ្លាត និងស្អាតស្អំ តាមរយៈការអនុវត្តសិទ្ធិអំណាចរដ្ឋខាងផ្នែកនយោបាយ, សេដ្ឋកិច្ច និងរដ្ឋបាល ក្នុងការដឹកនាំ, ការគ្រប់គ្រង និង ការចាត់ចែងកិច្ចការប្រទេសជាតិ, ពិសេសការធានានិរន្តរភាពនៃ តួនាទី និងដំណើរការរដ្ឋបាលសាធារណៈ ដោយយកចិត្តទុកដាក់លើផលប្រយោជន៍ប្រជាជន, ព្រមជាមួយនឹងការកសាងជាតិ និងការពង្រឹងនីតិរដ្ឋ សំដៅគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និងចីរភាព ។

ក្នុងស្មារតីនេះ, សម្តេចនាយករដ្ឋមន្ត្រីបានសម្រេចចិត្តទទួលដឹកនាំផ្ទាល់ លើការងារពាក់ព័ន្ធនឹង «វិធានការគន្លឹះ» ចំនួន៣ ក្នុងចំណោមវិធានការគន្លឹះទាំង៥ ដែលបានប្រកាសដាក់ចេញជាមួយ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ ក្នុងសម័យប្រជុំ ដំបូងនៃគណៈរដ្ឋមន្ត្រី គឺ៖ ១. ការកែទម្រង់គុណភាពរដ្ឋបាលសាធារណៈ ដោយផ្តោតជាពិសេសលើការជ្រើសរើសមន្ត្រី, ការពង្រឹងប្រសិទ្ធភាពស្ថាប័ន, និងការរៀបចំនូវប្រព័ន្ធលើកទឹកចិត្តមួយដែលផ្អែកលើសមិទ្ធកម្ម។ ២. ការកែទម្រង់គុណភាពវិស័យអប់រំ, ជាពិសេស ពីថ្នាក់មត្តេយ្យសិក្សា ដល់មធ្យមសិក្សា, និង ៣. ការកែទម្រង់គុណភាពវិស័យសុខាភិបាល, ជាពិសេសនៅតាមមណ្ឌលសុខភាព និង មន្ទីរពេទ្យបង្អែកនៅទូទាំងប្រទេស។ ច្បាស់ណាស់ថា របៀបវារៈជាអាទិភាពទាំងអស់នេះ សុទ្ធតែមានការពាក់ព័ន្ធដោយផ្ទាល់ជាមួយនឹង «កម្មវិធី កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ»។

ទី២៖ ពិតណាស់, ការកំណត់ និងការដាក់ចេញ នូវគោលនយោបាយ, យុទ្ធសាស្ត្រ និងកម្មវិធីអាទិភាពនានា ដែលមានភាពច្បាស់លាស់, ចំគោលដៅ និងគ្រប់ជ្រុងជ្រោយ សំដៅឆ្លើយតបទៅនឹងសំណូមពរនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ក៏ដូចជាឆ្លើយតបនឹង បំណងប្រាថ្នារបស់ប្រជាជន គឺជាកិច្ចការដ៏មានសារៈសំខាន់។ ក៏ប៉ុន្តែ, អ្វីដែលរឹតតែសំខាន់ ជាងនេះទៅទៀតនោះ គឺប្រសិទ្ធភាពនៃការអនុវត្ត ដើម្បីប្រែក្លាយគោលនយោបាយ ឬកម្មវិធី កែទម្រង់ទាំងឡាយដែលយើងបានដាក់ចេញមកនោះ ឱ្យស្តែងឡើងជាលទ្ធផលក្នុងភាពជាក់ស្តែង តាមការរំពឹងទុក។ នេះ គឺជាចំណុចសំខាន់ ដែលយើងត្រូវពង្រឹង ចាប់ពីពេលនេះតទៅ ។

ក្នុងស្មារតីនេះ, សម្តេចក៏បានលើកឡើងជារឿយៗកន្លងមកហើយដែរថា អាណត្តិទី៧ នេះ គឺជាអាណត្តិនៃការពង្រឹងគុណភាព និងសមត្ថភាពស្ថាប័ន លើមូលដ្ឋានដែលយើងមានស្រាប់ ជាជាងការពង្រីក។ ក្នុងន័យនេះ, ដើម្បីឱ្យគោលនយោបាយ និងការកែទម្រង់របស់យើង មានប្រសិទ្ធភាព និង ផ្តល់ផលជាក់ស្តែង បានល្អតាមការរំពឹងចង់បាន, សម្តេចសូមផ្តល់អនុសាសន៍ឱ្យគ្រប់ក្រសួង-ស្ថាប័នទាំងអស់ នៅគ្រប់កម្រិត ត្រូវប្រកាន់យក «អភិក្រមធ្វើការប្រទាក់ក្រឡាគ្នាជារដ្ឋាភិបាលទាំងមូល» (Whole of government approach) ឬ «អភិក្រមជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ទាំងនៅក្នុងដំណាក់កាលរៀបចំ និងដំណាក់កាលអនុវត្ត នូវគោលនយោបាយ, យុទ្ធសាស្ត្រ និងកម្មវិធីនានា, ជាពិសេស ចំពោះការងារដែលមានចរិតអន្តរវិស័យ, មានភាពប្រទាក់ក្រឡាគ្នា, និងត្រូវការកិច្ចសហការរវាងតួអង្គច្រើន, ចៀសវាងធ្វើការងារដាច់ដោយដុំៗ ដែលជាហេតុអាចនាំទៅដល់ការបាត់បង់នូវប្រសិទ្ធភាព និងប្រសិទ្ធផលនៃការងារ ក៏ដូចជាបង្កនូវភាពមិនច្បាស់លាស់ ក្នុងការទទួលខុសត្រូវ។ បច្ចុប្បន្ន, យើងមានយន្តការប្រទាក់ក្រឡាអន្តរកែទម្រង់មួយ ដើម្បីសម្របសម្រួលរវាងកម្មវិធីកែទម្រង់គន្លឹះចំនួន ៤គឺ: កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, កម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈ, កម្មវិធីកែទម្រង់តាមបែបវិមជ្ឈការ និងវិសហមជ្ឈការ និងកម្មវិធីកែទម្រង់ប្រព័ន្ធយុត្តិធម៌។

ក្នុងស្មារតីធានាជំរុញបង្កើនប្រសិទ្ធភាពការងារ, សម្តេចសូមលើកទឹកចិត្តឱ្យបន្តពង្រឹង និងក្នុងករណីចាំបាច់, ពិនិត្យកែសម្រួលយន្តការនេះផងដែរ ដើម្បីឱ្យយន្តការនេះ ក្លាយទៅជាគំរូមួយ ក្នុងការអនុវត្ត «អភិក្រមរដ្ឋាភិបាលទាំងមូល» ឬ «អភិក្រមជីវភាពនៃ ប្រព័ន្ធតួអង្គតែមួយ» ដូចដែលសម្តេចបានលើកឡើងពីខាងលើ។

ទី៣៖ នៅក្នុងគោលដៅនៃ «ការពង្រឹងគណនេយ្យភាពសមិទ្ធកម្ម» ដែលសំដៅទៅដល់ការទទួលខុសត្រូវផ្អែកលើលទ្ធផល, ការកែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា បានឈានចូលមកដល់ដំណាក់កាលយុទ្ធសាស្ត្រកម្រិតខ្ពស់ ដែលជាគោលដៅដ៏ចម្បងរបស់យើង នោះគឺ ការប្រែប្រួលជាសារវ័ន្ត ផ្នែកគោលនយោបាយ និងយុទ្ធសាស្ត្រអាទិភាព ដែលសំដៅដល់ការពង្រឹងប្រសិទ្ធភាព, គុណភាព និងការទទួលខុសត្រូវ លើលទ្ធផលនៃការអនុវត្ត របស់ស្ថាប័នសាធារណៈ និងមន្ត្រីរាជការ ក្នុងក្របខណ្ឌរាជរដ្ឋាភិបាលទាំងមូល។ ក្នុងន័យនេះ, សម្រាប់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, ជាមួយនឹងការទទួលបាននូវការផ្ទេរសិទ្ធិអំណាច ក្នុងការគ្រប់គ្រងធនធានហិរញ្ញវត្ថុរបស់ខ្លួន, ក្រសួង-ស្ថាប័ននីមួយៗ នឹងត្រូវមានការទទួលខុសត្រូវខ្ពស់ លើការប្រើប្រាស់ថវិកា ឱ្យបានប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ព្រមទាំងចំគោលដៅកំណត់, ពោលគឺ ម្ខាងត្រូវទទួលខុសត្រូវលើការសម្រេច ឱ្យបាន នូវគោលបំណងគោលនយោបាយ, បេសកកម្ម និងសូចនាករលទ្ធផលរំពឹងទុករបស់ខ្លួន អនុលោមតាមគោលការណ៍នៃ «ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ» និងម្ខាងទៀត ត្រូវទទួលខុសត្រូវយ៉ាងម៉ឺងម៉ាត់ លើការប្រើប្រាស់ថវិកាដែលត្រូវបានអនុម័តផ្តល់ជូន ឱ្យបានប្រកបដោយប្រសិទ្ធភាព, តម្លាភាព និង គណនេយ្យភាព ព្រមទាំងធានាបាននូវ «តម្លៃនៃលុយ» ស្របតាមបទប្បញ្ញត្តិនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជាធរមាន ។

ក្នុងស្មារតីនេះ, សម្តេចសូមស្នើថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃគ្រប់ក្រសួង-ស្ថាប័នដែលជាតួអង្គនិម្មាបនករ និងប្រតិបត្តិករ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ផ្ដោតការយកចិត្តទុកដាក់លើកិច្ចការគន្លឹះមួយចំនួន ដោយរួមបញ្ចូលនូវ ៖(១). ត្រូវបង្កើនភាពជាម្ចាស់ក្នុងការកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅតាមក្រសួង-ស្ថាប័នដោយរដ្ឋមន្ត្រី និងប្រធានស្ថាប័ន ត្រូវជំរុញអនុវត្តប្រកបដោយភាពជាម្ចាស់ នូវកិច្ចការកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ ទៅតាមគោលការណ៍រួមរបស់រាជរដ្ឋាភិបាល; (២). ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវ «ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ» ឆ្នាំ២០២៣ និង ត្រូវរៀបចំបទដ្ឋានគតិយុត្តចាំបាច់ទាំងឡាយ សម្រាប់អនុវត្តច្បាប់នេះ ឱ្យបានទាន់ពេល (៣). ត្រូវបន្តជំរុញអនុវត្ត យុទ្ធសាស្ត្រកែទម្រង់ប្រព័ន្ធថវិកា និងយុទ្ធសាស្ត្រ កែទម្រង់ពាក់ព័ន្ធផ្សេងទៀត ឱ្យសម្រេច បានលទ្ធផល តាមការគ្រោងទុក; (៤). ត្រូវជំរុញការរៀបចំ និងការអនុវត្តវិមជ្ឈការហិរញ្ញវត្ថុ ឱ្យកាន់តែមានប្រសិទ្ធភាព និង ស័ក្តិសិទ្ធភាព; (៥). ត្រូវជំរុញការរៀបចំ និងការអនុម័តលើ ក្របខណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម (៦). ត្រូវរៀបចំការវិភាគគ្រប់ជ្រុងជ្រោយ ដើម្បីកំណត់កម្រិតស្មុគស្មាញនៃបញ្ហាទាំងអស់ នៅក្នុងកិច្ចដំណើរការកែទម្រង់ប្រព័ន្ធថវិកា, ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ, និង ត្រូវស្វែងរកយុទ្ធសាស្ត្រដោះស្រាយ ឱ្យចំចរិតនៃបញ្ហានីមួយៗ សំដៅធានាថា ទិសដៅយុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធថវិកា ផ្អែកលើគោលការណ៍ «គណនេយ្យភាពសមិទ្ធកម្ម» នឹងសម្រេចបានតាមគោលដៅកំណត់; និង (៧). ត្រូវបន្តធ្វើការសិក្សាលើក្របខណ្ឌសិទ្ធិអំណាច និងបន្ទាត់គណនេយ្យភាព ដែលត្រូវបានដាក់ ចេញកន្លងមក ក្នុងក្របខណ្ឌការអនុវត្តថវិកាកម្មវិធី និង អង្គភាពថវិកា, តាំងពីកម្រិតគោល បំណងគោលនយោបាយ កម្រិតកម្មវិធី រហូតដល់កម្រិតសកម្មភាពប្រតិបត្តិ ហើយរៀបចំបន្ស៊ី ជាមួយនឹងរចនាសម្ព័ន្ធរបស់ស្ថាប័ន ។

ទី៤៖ សម្តេចសូមលើកទឹកចិត្ត ដល់គណៈកម្មាធិការដឹកនាំការងារកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឱ្យបន្តជំរុញលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយបន្ស៊ី និងប្រទាក់ក្រឡាគ្នា ជាមួយនឹងកម្មវិធីកែទម្រង់ផ្សេងទៀតរបស់រាជរដ្ឋាភិបាល ។

ទី៥៖ ដើម្បីធានាបាននូវប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ក្នុងការអនុវត្តការងាររបស់ខ្លួន, រាជរដ្ឋាភិបាល ត្រូវការជាចាំបាច់នូវប្រព័ន្ធត្រួតពិនិត្យ តាមដាន និងវាយតម្លៃប្រកបដោយ សង្គតិភាព និង គុណភាព ។ បច្ចុប្បន្ន, យើងមានមុខងារសវនកម្ម និងអធិការកិច្ច ដែលកំពុង អនុវត្តដោយក្រសួង-ស្ថាប័ននានារួមមាន: អាជ្ញាធរសវនកម្មជាតិ, ក្រសួងអធិការកិច្ច, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងមុខងារសាធារណៈ, ព្រមទាំងសវនកម្មផ្ទៃក្នុង និងអធិការកិច្ចនៅតាមក្រសួង-ស្ថាប័ននីមួយៗ ។ ក្រៅពីប្រព័ន្ធត្រួតពិនិត្យអនុលោមភាពនេះ, យើងក៏បាន និងកំពុង ប្រើប្រាស់វិធីសាស្ត្រ «ត្រួតពិនិត្យ តាមដាន និង វាយតម្លៃ» (M&E) ផងដែរ។ ប្រព័ន្ធត្រួតពិនិត្យទាំងនេះ ពិតជាមានសារៈសំខាន់មិនអាចខ្វះបាន សម្រាប់ការពង្រឹងប្រសិទ្ធភាព ក្នុងការអនុវត្តមុខងារ និងភារកិច្ចរបស់ក្រសួង-ស្ថាប័ន ក៏ដូចជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ ដូចនេះ, ទន្ទឹមនឹងការផ្ទេរសិទ្ធិអំណាច, មុខងារ និងការគ្រប់គ្រងថវិកា ទៅកាន់អង្គភាពថវិកានានា ក៏ត្រូវមានការធានាផងដែរថា មុខងារត្រួតពិនិត្យទាំងនេះ ត្រូវបានពង្រឹង ដើម្បីជាកញ្ចក់ឆ្លុះដ៏ស័ក្តិសិទ្ធ សម្រាប់ជួយដល់ក្របខណ្ឌបន្ទាត់គណនេយ្យភាព ឱ្យមានដំណើរការល្អ ។

យ៉ាងណាមិញ, រាជរដ្ឋាភិបាលក៏ទទួលស្គាល់ដែរថា ការអនុវត្តមុខងារអធិការកិច្ច, សវនកម្ម, ត្រួតពិនិត្យ តាមដាន និងវាយតម្លៃ ដោយក្រសួង-ស្ថាប័នច្រើនផ្សេងគ្នា ក៏អាចបង្កើតជាបញ្ហាប្រឈមមួយចំនួន ដែលដាក់បន្ទុកលើប្រសិទ្ធភាពការងារនៃវិស័យសាធារណៈ និង វិស័យឯកជនផងដែរ ។ ដូច្នេះ, សម្តេចក៏សូមលើកទឹកចិត្តឱ្យគណៈកម្មាធិការដឹកនាំ កាងារកែទម្រង់ការងារគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជំរុញធ្វើការសិក្សា និងស្នើឡើងនូវក្របខណ្ឌធ្វើសុខដុមនីយកម្មមុខងារប្រព័ន្ធអធិការកិច្ច និងសវនកម្ម ដើម្បីជូនរាជរដ្ឋាភិបាលពិនិត្យ
និងសម្រេចឱ្យបានឆាប់ផងដែរ។

ទី៦៖ សម្តេចក៏សូមគូសរំលចបន្ថែមនូវភាពចាំបាច់នៃការផ្សារភ្ជាប់ «ការពង្រឹងគណនេយ្យភាពសមិទ្ធកម្ម» នៅក្នុងការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈទៅនឹង «ការលើកតម្កើងវប្បធម៌គុណាធិបតេយ្យ» ផងដែរ, ពោលគឺ ការប្រកាន់យកគោលការណ៍ «គុណភាព, សមត្ថភាព និង គុណាធិបតេយ្យ» ជាវប្បធម៌ការងារ, ពិសេស នៅក្នុងការគ្រប់គ្រងធនធានមនុស្ស។ ប្រការនេះ សំដៅដល់ភាពចាំបាច់ក្នុងការផ្តល់នូវឱកាស និងការលើកទឹកចិត្ត, ទាំងផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ, ប្រកបដោយសមធម៌ និង យុត្តិធម៌, ជូនដល់មន្ត្រី បុគ្គលិកគ្រប់ជាន់ថ្នាក់ ដោយផ្អែកលើគុណសម្បត្តិ ស្របតាមគុណវុឌ្ឍ, បទពិសោធន៍, សមត្ថភាព, ឆន្ទៈ និង វិន័យ ក្នុងការបំពេញការងារ ។ គោលការណ៍នេះ ត្រូវអនុវត្តមិនត្រឹមតែក្នុងក្របខណ្ឌ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈប៉ុណ្ណោះទេ, ប៉ុន្តែ វាត្រូវតែក្លាយទៅជា គោលការណ៍អាទិភាពមួយរបស់រាជរដ្ឋាភិបាល សម្រាប់ពង្រឹងអភិបាលកិច្ច និងសមត្ថភាពស្ថាប័ន នៅគ្រប់កម្រិត ។

ទី៧៖ ចំណុចចុងក្រោយដែលសម្តេចចង់លើក គឺពាក់ព័ន្ធទៅនឹងភាពចាំបាច់ ក្នុងការបន្តជ្រោងឱ្យកាន់តែខ្ពស់នូវ «ស្មារតីកែទម្រង់»។ រយៈពេល ២០ ឆ្នាំកន្លងមកនេះ, កម្ពុជាបានធ្វើដំណើរឆ្លងកំណាត់ផ្លូវដ៏វែងឆ្ងាយនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ ជាការពិត, សមិទ្ធផលទាំងឡាយនៃការកែទម្រង់នេះ មិនមែនទទួលបានមកដោយងាយស្រួលនោះទេ។ ជាសត្យានុម័ត, ទាំងក្នុងអតីតកាល, ទាំងក្នុងបច្ចុប្បន្នកាល, និងតទៅអនាគតកាល, គ្មានកិច្ចការកែទម្រង់ណាមួយដែលងាយស្រួលនោះទេ, ហើយក៏មិនមានសមិទ្ធផលណាមួយនៃកិច្ច ការកែទម្រង់ ដែលអាចសម្រេចបានមក ដោយគ្មានការបង់ថ្លៃនោះដែរ។ ដូចសម្តេចធ្លាប់បានលើក ឡើងក្នុងវេទិកាមួយចំនួន នាពេលកន្លងទៅ, កិច្ចការកែទម្រង់ដែលជោគជ័យ ត្រូវតែផ្អែកលើកត្តាសំខាន់បួន គឺ៖ ទី១. ត្រូវមានចក្ខុវិស័យច្បាស់លាស់; ទី២. ត្រូវមានការប្ដេជ្ញាចិត្តខ្ពស់; ទី៣. ត្រូវមានការចូលរួមដោយស្មោះត្រង់; និងទី៤. ត្រូវមានការលះបង់។ លើមូលដ្ឋាននេះ, សម្តេចសូមគូសបញ្ជាក់ជាថ្មីម្តងទៀតថា រាជរដ្ឋាភិបាល អាណត្តិទី ៧ នឹងបន្តជ្រោងកាន់តែខ្ពស់ នូវ «ស្មារតីនៃការកែទម្រង់» និងនៅតែប្រកាន់ខ្ជាប់ នូវអភិក្រមទាំង ៥ ប្រការរបស់សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី សម្រាប់ការបំពេញ ការងាររបស់ខ្លួន ដែលជាស្មារតីបុរេសកម្ម, ភ្ញាក់រលឹក និងម៉ឺងម៉ាត់ ក្នុងការកែទម្រង់មុតស្រួច, ស៊ីជម្រៅ និង គ្រប់ជ្រុងជ្រោយពោលគឺ ៖ ឆ្លុះកញ្ចក់, ទូតទឹក, ដុសក្អែល, ព្យាបាល និង វះកាត់៕