លទ្ធផលការងារនៃការអនុវត្តមុខងារតាមដានការអនុវត្តច្បាប់របស់រដ្ឋសភា នៅក្នុងរយៈពេល៦ខែមកនេះ


(ភ្នំពេញ)៖ រដ្ឋសភានីតិកាលទី៧ ដែលមានសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ជាប្រធាន បានចាប់ផ្ដើមដំណើរការចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣មក ហើយបានបិទបញ្ចប់សម័យប្រជុំលើកទី១​ នីតិកាលទី៧ កាលពីចុងខែធ្នូ​ ឆ្នាំ២០២៣ ប្រកបដោយភាពជោគជ័យ​ និងទទួលបានលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ ក្នុងការបម្រើប្រជាពលរដ្ឋ និងប្រទេសជាតិលើការបំពេញមុខងារទាំងបី របស់រដ្ឋសភារួមមាន៖​ មុខងារនីតិកម្ម តាមដានការអនុវត្តច្បាប់ និងភាពជាតំណាង។

ពេលនេះគឺសម័យកាលចន្លោះសម័យប្រជុំរដ្ឋសភាលើកទី១​ និងសម័យប្រជុំរដ្ឋសភាលើកទី២ ដែលជាពេលវេលាមួយសម្រាប់សមាជិកសមាជិការដ្ឋសភា បំពេញមុខងារតាមដានការអនុវត្តច្បាប់។

ចំពោះមុខងារតាមដានការអនុវត្តច្បាប់ ក្នុងរយៈពេល៦ខែមកនេះ គណៈកម្មការនានានៃរដ្ឋសភា​ បានអញ្ជើញសមាជិករាជរដ្ឋាភិបាលនិងប្រធានស្ថាប័ននានា​ និងអង្គភាព ឱ្យមកប្រជុំពិភាក្សាការងារ ដើម្បីសិក្សាស្វែងយល់អំពីការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល​ នីតិកាលទី៧។

ជាមួយគ្នានេះ រដ្ឋសភានឹងបន្តអញ្ជើញសមាជិកនៃរាជរដ្ឋាភិបាលនិងប្រធានស្ថាប័ននានា ចំណុះរាជរដ្ឋាភិបាលមកជួបពិភាក្សាការងារ ជាការចូលរួមគាំទ្រដល់ផែនការអភិវឌ្ឍន៍ជាតិ របស់រាជរដ្ឋាភិបាលឱ្យទទួលបានជោគជ័យ៕