ឆ្នាំ២០២៣ កម្ពុជាផលិតអំបិលបានជាង ៨ម៉ឺនតោន សម្រាប់ផ្គត់ផ្គង់ក្នុងប្រទេស ដោយមិនមានការនាំចូលពីក្រៅប្រទេសឡើយ


(ភ្នំពេញ)៖ ឆ្នាំ២០២៣ ខេត្តកំពត និងកែប ផលិតអំបិលបានសរុបចំនួន៨១ ៩០៤ តោន លើផ្ទៃដីស្រែអំបិលជាង ៣ពាន់ហិកតា សម្រាប់ផ្គត់ផ្គង់ប្រជាជនទូទាំងប្រទេស ដោយពុំមានការនាំចូលអំបិលពីបរទសនោះទេ។ នេះបើយោងតាមរបាយការណ៍លទ្ធផលការងារឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។

ក្នុងចំណោមអំបិលដែលបានផលិតជាង ៨ម៉ឺនតោននេះ លក់ចេញបាន ៦៤ ៧៣២ តោន។

ទិន្នន័យដដែលនេះបានបញ្ជាក់ថា បច្ចុប្បន្ននេះ ផ្ទៃដីផលិតអំបិលនៅកម្ពុជា មានចំនួន ៣,៩៨៧.៣៥ ហិកតា ក្នុងនោះនៅខេត្តកំពត ៣ ៤៨៩.៤៨ ហិកតា និងខេត្តកែប ៤៩៧.៨៧ ហិកតា។ ចំណែកក្រុមផលិតមានចំនួន១៩១ ក្រុម ក្នុងនោះខេត្តកំពតផលិតបាន ៧៨,៤៨៤ តោន និងខេត្តកែបផលិតបាន ៣,៤១៩តោន។ សិប្បកម្មចំនួន ៣២មូលដ្ឋាន ក្នុងចំណោម ៥៤ មូលដ្ឋាន ដែលទទួលបាន អាជ្ញាបណ្ណប្រើប្រាស់ស្លាកសញ្ញាជាតិសម្គាល់អំបិលដែលបានបញ្ចូលអីយ៉ូដ។

ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំគម្រោងវាស់វែងធ្វើបច្ចុប្បន្នភាពកំណត់ផែនទីដីស្រែអំបិល និងចូលរួមកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងគ្រប់គ្រងការអភិរក្ស និងការអភិវឌ្ឍដីសអំបិលខេត្តកំពត និងខេត្តកែប ជាបន្តបន្ទាប់ និងបានចេញប្រកាស ស្តីពីគោលការណ៍បង្កើត និងគ្រប់គ្រងសហគមន៍អំបិលខេត្តកំពត-កែប និងសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផ្សព្វផ្សាយប្រកាស និងជំរុញបង្កើតសហគមន៍អ្នកផលិតអំបិលខេត្តកំពត កែប៕