ពិធីសច្ចា ប្រណិធានជូនសមាជិករាជរដ្ឋាភិបាលចំនួន ៣រូបដែលរដ្ឋសភាបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត


ដោយបានទទួលការប្រោសព្រះរាជទានដ៏ខ្ពង់ខ្ពស់ពីព្រះករុណាជាអម្ចាស់ជីវិតលើ ត្បូង ព្រះបាទសម្តេច ព្រះបរមនាថ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងទទួលបានការអនុញ្ញាតពីសម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គា គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ឯកឧត្តមឧកញ៉ាមហាមន្ត្រី គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសច្ចាប្រណិធាន ដែលបានរៀបចំឡើងនៅក្នុងព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ជូនដល់ឥស្សរជនជាតិចំនួន ៣រូប ដែលបានទទួលមុខតំណែងថ្មីដ៏ឧត្តុងឧត្តម គឺ ឯកឧត្តម ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ឯកឧត្តម ស្រ៊ី ថាមរុង្គ និងឯកឧត្តម ប៉ែន វិបុល ជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសនៃរាជរដ្ឋាភិបាលកម្ពុជា។