(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ឆាយ សុផល រដ្ឋលេខាធិការក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានគោរពប្រគល់សៀវភៅ សម្តេចតេជោ ចំនួន៥០០ច្បាប់ ជូនឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន តាមរយៈលោកជំទាវ ជា ស៊ុនដាណែត រដ្ឋលេខាធិការប្រចាំការ ដើម្បីឯកឧត្តមរដ្ឋមន្រ្តី ទុកចែកឱ្យមន្រ្តីនៅតាមបណ្តាស្រុក ក្នុងខេត្តក្រចេះ។
ឯកឧត្តមបណ្ឌិត ឆាយ សុផល បានបញ្ជាក់ ថា សៀវភៅនេះពិតជាមានសារសំខាន់ ព្រោះសៀវភៅបានបង្ហាញពីជីវិតរបស់ សម្តេចតេជោ និងការលះបង់កម្លាំងកាយចិត្តរបស់លោក ដើម្បីច្បាមយកសន្តិភាពមកវិញ ក្រោយប្រទេសពើបប្រទះការបង្ហូរឈាមខ្មែរគ្នាឯង ដោយសារតែមនោគមវិជ្ជាបរទេស អស់ជាងបីទសវត្សរ៍។
ឯកឧត្តមបណ្ឌិត បានបន្តថា ឯកឧត្តមនឹងគោរពជូនឯកឧត្តមរដ្ឋមន្រ្តី នូវសៀវភៅផ្សេងៗទៀត ដូចជាសៀវភៅ បងប្អូនប្រុសទាំង៣ និងសៀវភៅ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាដើម ដើម្បីឯកឧត្តមរដ្ឋមន្រ្តី ទុកចែកជូនមន្រ្តីថ្នាក់ឃុំជាបន្ត៕