ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ៖ ទំហំពាណិជ្ជកម្មកម្ពុជា-ម៉ាឡេស៊ី នៅតូចដោយសារតែកត្តាភូមិសាស្ត្រ


(ភ្នំពេញ)៖ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន បង្ហាញលទ្ធផល ក្រោយបញ្ចប់ដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅប្រទេសម៉ាឡេស៊ី ឯកឧត្តម តាន់ ហ្សង់ហ្រ្វង់ស័រ រដ្ឋមន្រ្តីប្រតិភូរាជរដ្ឋាភិបាលបានថ្លែងថា ទំហំពាណិជ្ជកម្មកម្ពុជា-ម៉ាឡេស៊ី នៅតូចដោយសារតែកត្តាភូមិសាស្ត្រ ខណ្ឌចែកកម្ពុជា-ម៉ាឡេស៊ី ដោយមហាសមុទ្រចិន។

ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ បានថ្លែងបែបនេះថា៖ «ជាការពិតការដោះដូរពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី គិតជាទឹកប្រាក់កើនដល់ប្រមាណប្រហែលតែជាង ៦០០លានដុល្លារតែប៉ុណ្ណោះ នៅឆ្នាំ២០២២ ជាការប្រៀបធៀបនៅក្នុងការដោះដូរពាណិជ្ជកម្ម រវាងកម្ពុជា និងថៃ គិតជាទឹកប្រាក់កើនដល់ជិត ៨ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២២ ដូចគ្នា។ ម្ល៉េះហើយនេះជាការពិតប្រកែកមិនបាន ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំតូចនៅឡើយ។ ហេតុអ្វី? ម្យ៉ាងកម្លាំងសេដ្ឋកិច្ចនៃប្រទេសទាំង២ មិនទាន់ស៊ីសង្វាក់គ្នាល្អ ហើយជាក់ស្ដែងសេដ្ឋកិច្ចម៉ាឡេស៊ី ឧទាហរណ៍ ពឹងផ្អែកពិសេសលើការនាំចេញ ប្រេងដូង និងគ្រឿងអេឡនិកត្រូនិក រីឯកម្ពុជានៅបន្តពឹងផ្អែកលើវិស័យកសិកម្ម និងឧស្សាកម្មកាត់ដេរជាពិសេស។

ម្ល៉េះហើយការដោះដូរពាណិជ្ជកម្មការ កម្ពុជា-ម៉ាឡេស៊ី ស៊ីសង្វាក់គ្នាតិចតួចនៅឡើយ ដូចជាការមានការទិញអង្ករ កំណាត់បន្តិចបន្តួច ប្រេងចំរាញ់ និងកៅស៊ូរ។ល។ ម្យ៉ាងទៀតពាណិជ្ជកម្មកម្ពុជា-ម៉ាឡេស៊ី នៅតូចនៅឡើយ ពីព្រោះកត្តាភូមិសាស្រ្តបើប្រៀបធៀបជាមួយថៃ និងវៀតណាម ម៉ាឡេស៊ីនៅឆ្ងាយពីកម្ពុជា ខណ្ឌដោយសមុទ្រចិនខាងត្បូង ធ្វើឲ្យការដឹកជញ្ជូនអាចមានតម្លៃថ្លៃ។ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ បញ្ហា Covid-19 តាំងពីឆ្នាំ២០២០មក ក៏ចូលរួមក្នុងបញ្ហានេះដែរ ពីព្រោះវាប៉ះពាល់ដល់ខ្សែចង្វាក់ផ្គត់ផ្គង់ និងចំណូលភ្ញៀវទេចរពីកម្ពុជា ទៅម៉ាឡេស៊ី ឬពីម៉ាឡេស៊ី មកកម្ពុជា»។

ការថ្លែងរបស់ឯកឧត្តម តាន់ ហ្សង់ហ្រ្វង់ស័រ បែបនេះបានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានស្ដីពី ការបង្ហាញលទ្ធផល ក្រោយបញ្ចប់ដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅប្រទេសម៉ាឡេស៊ី នារាត្រីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។

សូមបញ្ជាក់ផងដែរ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា បំពេញទស្សនកិច្ចផ្លូវការ ក្នុងប្រទេសម៉ាឡេស៊ី រយៈពេលពេញមួយថ្ងៃ ស្របតាមការអញ្ជើញរបស់ឯកឧត្តម អានវ៉ា អ៊ីប្រាហ៊ីម និងបានអញ្ជើញមកដល់ប្រទេសកម្ពុជាវិញនៅរាត្រីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំដដែល៕