សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យអ្នកវិនិយោគ និងជាអតីតមេបញ្ជាការកងម៉ារីនអាមេរិក ជួបសម្តែងការគួរសម


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា អនុញ្ញាតឱ្យលោកឧត្តមសេនីយ៍ Jim Jones នាយកប្រតិបត្តិក្រុមហ៊ុន Jones Group International និងអតីតជាមេបញ្ជាការកងម៉ារីនរបស់អាមេរិក ចូលជួបសម្តែងការគួរសម។

លោកឧត្តមសេនីយ៍ ចូនស៍ បានធ្វើដំណើរមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយ​បាននាំមកជាមួយអ្នកជំនាញផ្តល់ប្រឹក្សាយោបល់លើគោលនយោបាយការបរទេស, ផែនការ​យុទ្ធ​សាស្ត្រ, សន្តិសុខជាតិ និងយុទ្ធសាស្ត្រយោធា ដែលមានបទពិសោធន៍យូរឆ្នាំ។

គោលដៅធំនៃដំណើរទស្សនកិច្ចរបស់អតីតមេបញ្ជាការកងម៉ារីនសហរដ្ឋអាមេរិករូបនេះ គឺការធ្វើឱ្យ​ប្រសើរ​ឡើងនូវទំនាក់ទំនងពាណិជ្ជកម្ម និងការលើកកម្ពស់វិស័យឯកជន ដែលជាចំណែកមួយដ៏ធំ​សម្រាប់​ធ្វើឱ្យ​កាន់តែប្រសើរលើទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក។

សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ ចូនស៍ ធ្លាប់ដឹកនាំបម្រើការជាមេបញ្ជាការកងម៉ារីនសហរដ្ឋអាមេរិក (Marine Corps) ចាប់ពីឆ្នាំ១៩៩៩ ដល់ឆ្នាំ២០០៣, ជាមេបញ្ជាការកំពូលនៃកងកម្លាំងសម្ព័ន្ធមិត្តអឺរ៉ុប​នៅ​អង្គការ NATO ចាប់ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០០៧, ជាមេបញ្ជាការនៃបញ្ជាការដ្ឋានកិច្ចការអឺរ៉ុប និង​អាហ្វ្រិករបស់ សហរដ្ឋអាមេរិក (US European and African Command) នៅប្រទេសអាឡឺ​ម៉ង់ ចាប់ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០០៧, ប្រេសិតពិសេសនៃក្រសួងការបរទេសអាមេរិកទទួលបន្ទុកកិច្ចការ​សន្តិសុខតំបន់មជ្ឈិម បូព៌ាចាប់ពី២០០៧ ដល់ឆ្នាំ២០០៨, និង ជាទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិកចាប់ពី ឆ្នាំ២០០៩ ដល់ឆ្នាំ២០១០។

ឧត្តមសេនីយ៍ ចូនស៍ បានក្លាយជាអ្នកតស៊ូមតិប្រកបដោយបរិយាប័ន្នសម្រាប់វិស័យឯកជនក្នុងបញ្ហា​សន្តិសុខ​ជាតិ និងគោលនយោបាយការបរទេស, លើកទឹកចិត្តបង្កើនកិច្ចសហប្រតិបត្តិការអន្តរស្ថាប័ន, និងមានឆន្ទៈក្នុងការរក្សាភាពជាអ្នកដឹកនាំសកលរបស់សហរដ្ឋអាមេរិក ក្នុងសតវត្សរ៍​ពោរ​ពេញ​ទៅ​ដោយ​​បញ្ហាប្រឈមនាពេលបច្ចុប្បន្ន។

ឧត្តមសេនីយ៍ ចូនស៍ បានចំណាយពេលស្ទើរតែពេញមួយជីវិតរបស់ខ្លួនបម្រើ និងការពារឧត្តមភាពរបស់​សហរដ្ឋអាមេរិក និងប្រជាជនរបស់ខ្លួន។ លោក គឺជាបុគ្គលមួយរូបដែលត្រូវបានគេនឹកដល់នៅពេល ដែលពិភាក្សាអំពីគំនិតប្រាជ្ញា យោបល់ណែនាំ និងការគាំទ្រផ្នែកនយោបាយ។ ក្នុងនាមជាអតីត​មេបញ្ជា​ការ នៃបញ្ជាការដ្ឋានកិច្ចការអឺរ៉ុបរបស់សហរដ្ឋអាមេរិក (U.S. European Command) និងជាមេបញ្ជា​ការ កំពូលនៃកងកម្លាំងសម្ព័ន្ធមិត្តអឺរ៉ុប (Supreme Allied Commander Europe) លោកបានដឹកនាំ​គ្រប់ប្រតិបត្តិការយោធាទាំងអស់របស់អង្គការ NATO និងជាបន្ទាប់ក្នុងនាមជាទីប្រឹក្សាសន្តិសុខជាតិ លោក បានផ្ដល់នូវចក្ខុវិស័យជាមួយនឹងភាពអ្នកដឹកនាំច្បាស់លាស់មោះមុត ចំពោះបេសកកម្មរបស់​អាមេរិកនៅអ៉ីរ៉ាក់ (Iraq) និងសង្គ្រាមនៅអាហ្វហ្គានីស្ថាន (Afghanistan) និងផលប្រយោជន៍​របស់​ប្រទេសជុំវិញពិភពលោក។

លោកឧត្តមសេនីយ៍ ចូនស៍ បានបញ្ចប់ការសិក្សាពីសាលាកិច្ចការបរទេសនៃសាកលវិទ្យាល័យ Georgetown (Georgetown University School of Foreign Service) ហើយត្រូវបានបញ្ចូន​ទៅ​បម្រើការនៅកងម៉ារីន (Marine Corps) នៅខែមករា ឆ្នាំ១៩៦៧។ ក្រោយពេលចូលនិវត្តន៍នៅខែកុម្ភៈ ឆ្នាំ២០០៧ អតីតយុទ្ធជនក្នុងសង្គ្រាមវៀតណាមរូបនេះ បានក្លាយជាប្រធាន និងនាយកប្រតិបត្តិ នៃវិទ្យា​ស្ថានថាមពលសម្រាប់សតវត្សរ៍ទី២១ (Institute for 21st Century Energy) ស្ថិតក្រោមសភា​ពា​ណិជ្ជកម្មអាមេរិក និងនៅឆ្នាំ២០០៨ លោកបានបម្រើការជាប្រេសិតពិសេស​របស់​ក្រសួងការ​បរទេស​អាមេរិក ទទួលបន្ទុកកិច្ចការសន្តិសុខតំបន់មជ្ឈិមបូព៌ា។ ចាប់ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១០ លោកបាន​បម្រើ​ការ​ជាទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតី អូប៉ាម៉ា (Obama) នៅសេតវិមាន៕