កម្ពុជាជាប់ចំណាត់ថ្នាក់ជាគោលដៅទេសចរណ៍វប្បធម៌ឈានមុខគេនៅអាស៊ីសម្រាប់ឆ្នាំ២០២៣ ពី World Travel Awards


(ភ្នំពេញ)៖ ស្ថាប័នផ្តល់ពានរង្វាន់វិស័យទេសចរណ៍ (World Travel Awards) បានផ្តល់ចំណាត់ថ្នាក់ប្រទេសកម្ពុជាជាគោលដៅទេសចរណ៍វប្បធម៌ឈានមុខគេនៅអាស៊ីសម្រាប់ឆ្នាំ២០២៣។ តាមការវាយតម្លៃរបស់ World Travel Awards កម្ពុជានាំមុខប្រទេសចំនួន៦ទៀត រួមមាន ឥណ្ឌា ជប៉ុន នេប៉ាល់ ស្រីលង្កា ថៃ និងវៀតណាម សម្រាប់ការផ្តល់ពានរង្វាន់នេះ។

នេះគឺមានន័យថា រយៈពេល២ឆ្នាំជាប់គ្នា (២០២២ និង ២០២៣) ដែលកម្ពុជាបានទទួលពានរង្វាន់ជាគោលដៅទេសចរណ៍វប្បធម៌ឈានមុខគេនៅអាស៊ីនេះ។

ជាមួយនឹងការអបអរសារទ ក្រសួងទេសចរណ៍កម្ពុជាបានគូសបញ្ជាក់នៅថ្ងៃទី២៨ កុម្ភៈ ឆ្នាំ២០២៤ថា ការណ៍ដែលកម្ពុជាទទួលពានរង្វាន់នេះម្តងទៀតជាសារបញ្ជាក់ជាថ្មីពីភាពទាក់ទាញរបស់កម្ពុជាជាគោលដៅទេសចរណ៍ ដែលដាច់ខាតត្រូវតែទៅទស្សនាសម្រាប់អ្នកមានចំណាប់អារម្មណ៍អំពីវប្បធម៌។

អ្នកជំនាញក្នុងវិស័យទេសចរណ៍ក៏ជៀជាក់ថា ការផ្តល់ពានរង្វាន់នេះក៏ជាសារមួយទាក់ទាញឲ្យអ្នកទេសចរណ៍ចាប់អារម្មណ៍មកកម្ពុជាផងដែរ។ ដោយឡែក ការផ្សាយរបស់សារព័ត៌មានអន្តរជាតិមួយចំនួនក៏បង្ហាញថា ការទាក់ទាញទេសចរណ៍របស់កម្ពុជា គឺរំពឹងលើទេសចរណ៍ផ្នែកវប្បធម៌ដែលមានប្រាង្គប្រាសាទ និងរមណីដ្ឋានធម្មជាតិ។

ក្រៅពីគោលដៅទេសចរណ៍វប្បធម៌ឈានមុខគេនៅអាស៊ីក្នុងឆ្នាំ២០២៣ កម្ពុជាក៏ត្រូវបាន World Travel Awards ផ្តល់ពានរង្វាន់មួយទៀតជាប្រទេសគោលដៅទេសចរណ៍យុវជនឈានមុខគេរបស់អាស៊ីក្នុងឆ្នាំ២០២៣ ដូចកាលពីឆ្នាំ២០២២ ដែលនាំមុខប្រទេស៣ រួមមាន ឡាវ ថៃ និងវៀតណាម៕