ក្រសួងបរិស្ថាន ប្រកាសស្វាគមន៍អ្នកវិនិយោគទាំងអស់ ដែលគិតដល់ផលប៉ះពាល់បរិស្ថាន និងផ្តល់ប្រយោជន៍ជូនប្រជាជនកម្ពុជា


(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងស្វាគមន៍ និងគាំទ្រគ្រប់អ្នកវិនិយោគទាំងអស់ ដែលបានគិតដល់ផលប៉ះពាល់បរិស្ថាន និងផ្តល់ប្រយោជន៍ជូនប្រជាជនកម្ពុជា។

ការប្រកាសស្វាគមន៍បែបនេះរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយក្រុមហ៊ុន TROMSO Co.,LTD របស់ប្រទេសជប៉ុន នារសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន។

លោក ម៉ាសាអាគី យូអ៊ីស៊ូជី (MASAAKI UESUGI) ប្រធានក្រុមហ៊ុន TROMSO Co.,LTD បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីអំពីគម្រោងរបស់ក្រុមហ៊ុន TROMSO Co.,LTD កាលពី២ឆ្នាំមុន ដែលគម្រោងនេះទទួលបានការគាំទ្រដោយទីភ្នាក់ងាររដ្ឋបាលព្រៃឈើរបស់ប្រទេសជប៉ុន ក្នុងការផលិតអុសធ្វើចេញពីអង្គាមយកទៅប្រើប្រាស់ជំនួសអុសដែលកាប់ពីក្នុងព្រៃ ក្នុងគោលបំណងកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិកដែលនាំឱ្យមានការប៉ះពាល់ដល់បរិស្ថាន និងអាចជាចំណែកចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ច និងផ្តល់ជាប្រាក់ចំណូលដល់ប្រជាជនកម្ពុជាផងដែរ។

ឆ្លើយតបនឹងការលើកឡើងនេះ ឯកឧត្តមរដ្ឋមន្រ្តីគាំទ្រដរាបណាគម្រោងជួយដល់វិស័យបរិស្ថាននៅកម្ពុជា និងបរិស្ថានពិភពលោក ជាមួយគ្នានេះ ឯកឧត្តមក៏បានផ្តល់អនុសាសន៍ជំរុញឱ្យក្រុមហ៊ុនមានការគិតគូរដល់ការអនុវត្តគម្រោងទាំងឡាយណា ដែលបានផ្តល់ភាពជាម្ចាស់ដល់ប្រជាពលរដ្ឋកម្ពុជា ទើបគម្រោងទាំងនោះមាននិរន្តភាព ក្នុងនោះគម្រោងអភិវឌ្ឍន៍មានច្រើនទៀត ដែលបានជំរុញឱ្យមានអព្យាក្រឹតកាបូនដូចជា តាមរយៈការដាំដើមឈើឡើងវិញ ក្នុងន័យពង្រីកភាពបៃតង ហើយយើងអាចរកចំណូលពីអព្យាក្រឹតកាបូន ជាពិសេសប្រជាពលរដ្ឋនឹងទទួលបានផលទាំងអស់នោះពីគម្រោង ស្របនឹងភាពជោគជ័យរបស់គម្រោងដែរ៕