ឧបនាយករដ្ឋមន្ដ្រី ស សុខា ណែនាំឲ្យធ្វើបច្ចុប្បន្នភាពជនបរទេសនៅកម្ពុជាឡើងវិញ សំដៅទប់ស្កាត់ការលួចស្នាក់នៅខុសច្បាប់ និងឈានទៅប្រព្រឹត្តបទល្មើស


(ភ្នំពេញ)៖ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានធ្វើការណែនាំឲ្យអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ រួមជាមួយស្ថាប័នពាក់ព័ន្ធ ពិសេសអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវសហការគ្នាធ្វើបច្ចុប្បន្នភាពជនបរទេសដែលកំពុងមានវត្តមាននៅកម្ពុជាឡើងវិញ ដើម្បីទប់ស្កាត់ការលួចស្នាក់នៅដោយខុសច្បាប់ ហើយឈានទៅដល់ការប្រព្រឹត្តបទល្មើសនានា។

ថ្លែងក្នុងឱកាសដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលសន្និបាតការងារឆ្នាំ២០២៣ និងលើកទិសដៅបន្ដរបស់ក្រសួងមហាផ្ទៃ និងបន្ទាប់ពីបែងចែកក្រុមពិភាក្សា នៅព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បានមើលឃើញថា កន្លងទៅនេះការគ្រប់គ្រងចំនួនស្នាក់នៅជនបរទេសនៅកម្ពុជា ហាក់មានតួលេខផ្សេងៗគ្នា ដូច្នេះហើយអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ត្រូវពង្រឹងលើការងារនេះឡើងវិញ ដើម្បីឲ្យមានភាពច្បាស់លាស់។

ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអះអាងថា ជនបរទេសខ្លះលួចស្នាក់នៅប្រទេសកម្ពុជា ដោយគ្មានប្រកបការងារ ឬមុខរបរអ្វីនោះទេ ពោលបុគ្គលខ្លះសំងំនៅដើម្បីលួចប្រព្រឹត្តបទល្មើសនានា។ លោកសង្កេតឃើញទៀតថា កន្លងទៅជនបរទេសនោះ ធ្វើសកម្មភាពតែនៅលើជនជាតិដូចគ្នាតែប៉ុណ្ណោះ ប៉ុន្ដែខ្លាចក្រែងថ្ងៃណាមួយពួកគេអាចប្រព្រឹត្តមកលើប្រជាពលរដ្ឋកម្ពុជា។

ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមឲ្យយកចិត្តទុកដាក់លើបញ្ហាជនបរទេសនេះ ហើយជាពិសេសក្នុងឆ្នាំ២០២៤ ដល់២០២៨នេះ សូមឲ្យអគ្គនាយកអន្ដោប្រវេសន៍ មេត្តារឹតបន្ដឹងជំរឿនជនបរទេសរស់នៅប្រទេសកម្ពុជា ព្រោះទិន្ន័យនៅតាមបណ្ដាខេត្តនីមួយៗខុសគ្នាទាំងអស់  ទទួលស្គាល់ថា ពួកគាត់មិនទាន់ធ្វើអី ប៉ុន្ដែពេលខ្លះគាត់អស់អីរលីងទៅមុខមិនរួច ទៅក្រោយមិនរួច ស្អីក៏ហ៊ានធ្វើដែរ សំណាងពេលនេះគាត់ចាប់ជំរិតតែគ្នាគាត់ ប៉ុន្ដែអាចដល់កូនយើង ចៅយើង អញ្ចឹងហើយយើងត្រូវការពារធ្វើការងារនេះ»

បើតាមការណែនាំរបស់ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ស សុខា នៅពេលអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ធ្វើបច្ចុប្បន្នភាព ហើយបានតួលេខច្បាស់លាស់លើការងារនេះ ត្រូវចែករំលែកជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏ដូចជាស្ថាប័នពាក់ព័ន្ធ ក្នុងគោលដៅទប់ស្កាត់ការបន្ដលួចស្នាក់នៅដោយខុសច្បាប់ និងឈានទៅបង្ការចំពោះការប៉ុនប៉ងធ្វើសកម្មភាពល្មើសច្បាប់នានាផងដែរ។

ទាក់ទិនការងារនេះ ពិធីបើកសន្និបាតកាលពីថ្ងៃទី២៨ ខែកុម្ភៈម្សិលមិញ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ស សុខា លើកឡើងថា ការងារអន្ដោប្រវេសន៍ ត្រូវបានជំរុញអនុវត្ត និងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ទាំងការគ្រប់គ្រងអ្នកដំណើរចេញចូល ការស្នាក់នៅជនបរទេស ដោយធានាបានយ៉ាងគត់មុតនូវអធិបតេយ្យជាតិ ទប់ស្កាត់មិនឲ្យមានការកើនឡើងនូវអំពើភេរវកម្មនៅកម្ពុជា ទប់ស្កាត់ការលួចលាក់ជ្រកកោនធ្វើសកម្មភាពរបស់អង្គការភេរវកម្មនានា និងទប់ស្កាត់ការជ្រៀតចូលស្នាក់នៅដោយខុសច្បាប់របស់ជនបរទេសអន្ដោប្រវេសន៍។

យោងតាមរបាយការណ៍ដែលធ្លាប់បង្ហាញដោយអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានឲ្យដឹងថា ក្នុងរយៈពេល៩ឆ្នាំចុងក្រោយនេះ ពោលចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២៣ កម្ពុជាបានបណ្ដេញជនបរទេស ចំនួន២៧,៣៣១នាក់ ចេញពីប្រទេសក្រោយរកឃើញស្នាក់នៅដោយខុសច្បាប់ និងប្រព្រឹត្តបទល្មើស៕