ឯកឧត្តម ប្រាក់ សុខុន ជួបពិភាក្សាការងារជាមួយ លោក Felix Piedade ប្រធានការិយាល័យប្រតិបត្តិការនៃ Group of Seven Plus (g7+) សាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត


នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្តម ប្រាក់ សុខុន សមាជិក​គណៈអចិន្ត្រៃយ៍ និងជា​​ប្រធាន​គណៈទាក់ទងបរទេសនៃ គណៈ​កម្មាធិការ​កណ្តាល គណបក្ស​ប្រជាជនកម្ពុជា ​បានជួបពិភាក្សាការងារជាមួយ លោក ​Felix Piedade ប្រធានការិយាល័យប្រតិបត្តិការនៃ Group of Seven Plus (g7+)។
Group of Seven Plus (g7+) គឺជាអង្គការអន្តរ​រដ្ឋា​ភិ​បា​ល​​នៃរដ្ឋជាសមាជិកចំនួន២០ ដែលកំពុងរង​ការ​ប៉ះពាល់ដោយជម្លោះ និងក្រោយរួចផុតពីជម្លោះ ត្រូវបានបង្កើត​ឡើងតាមចក្ខុវិស័យនាយករដ្ឋមន្រ្តី​បច្ចុប្បន្នរបស់ប្រ​ទេស​ទីម័រខាងកើតគឺ ឯកឧត្តម Kay Xanana Gusmáo កាលពីឆ្នាំ ២០១០ ដើម្បី​ដោះស្រាយចំពោះការកសាងសន្តិភាព ស្ថិរភាព និងការកសាងជាតិ តាមរយៈ​កិច្ចសហប្រតិបត្តិការត្បូង-ត្បូង។ គោលបំណងរបស់គណប្រតិភូ គឺដើម្បីស្វែងយល់​ អំពីនយោបាយឈ្នះ-ឈ្នះ ដំណើរការ​ស្វែង​រក​សន្តិភាព ជោគជ័យនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងចក្ខុវិស័យរបស់កម្ពុជា ជាង២ទស្សវត្សរ៍កន្លងមកនេះ។
ឯកឧត្តម ប្រាក់ សុខុន បានជម្រាបជូនដោយសង្ខេបអំពីដំណើរការស្វែងរកសន្តិភាព និង​សមិទ្ធផល​សំខាន់ៗដែលកម្ពុជាសម្រេចបានក្នុង​រយៈពេលជាង២ទស្សវត្សរ៍កន្លងមកនេះ ដោយបានគូសបញ្ជាក់ថា ៖​តាមរយៈ នយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន​សែន ប្រធានគណបក្សប្រជាជនកម្ពុជា កម្ពុជាទទួលបាន នូវសុខសន្តិភាពពេញលេញ ចាប់តាំងពីចុងឆ្នាំ ១៩៩៨។ កម្ពុជាសម្រេចបានសមិទ្ធផលសំខាន់ៗ ជាច្រើន លើគ្រប់វិស័យ, ទាំងខាងនយោបាយ, សន្តិសុខ, សណ្តាប់ធ្នាប់សង្គម និងទាំងខាងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក៏ដូចជោគជ័យក្នុងវិស័យការបរទេសនិងកាទូត ដោយកម្ពុជាបានកសាងទំនាក់ទំនងយ៉ាងជិតស្និទ្ធ និង​កិច្ចសហប្រតិបត្តិការដ៏ល្អជាមួយបណ្តាប្រទេសជាច្រើនលើសកលលោក និងបានដើរតួនាទីកាន់តែសកម្ម និង សំខាន់ក្នុងកិច្ចការតំបន់ និង ពិភពលោក៕