ក្រសួងមហាផ្ទៃ ស្នើឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ជួយសម្របសម្រួល និងគាំទ្រក្នុងការអនុវត្តការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ ប្រកបដោយប្រសិទ្ធភាព ជូនប្រជាពលរដ្ឋ


ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ជួយសម្របសម្រួល និងគាំទ្រក្នុងការអនុវត្តការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ ប្រកបដោយប្រសិទ្ធភាព ជូនប្រជាពលរដ្ឋ។

ក្នុងលិខិតជម្រាបជូន ឯកឧត្តម លោកជំទាវអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលមានរួមបញ្ចូលការធ្វើកំណ ទម្រង់ដីធ្លី និងនគរូបនីយកម្ម ជាមួយនឹងការបង្កើតឱ្យមាននូវគោលនយោបាយដីធ្លី រួមមាន ការចុះបញ្ជីដីធ្លីមាន លក្ខណៈជាប្រព័ន្ធ ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់យកការចុះបញ្ជីដីធ្លីជូន ប្រជាពលរដ្ឋជាការងារអាទិភាពខ្ពស់ និងត្រូវអនុវត្តឱ្យបានចប់សព្វគ្រប់នៅទូទាំងប្រទេស។

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានបន្តថា កន្លងមក ក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅតាមបណ្តារាជធានី ខេត្ត ដែលមានប្រធានការិយាល័យរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងភូមិបាលក្រុង ស្រុក ខណ្ឌ ជាប្រធានក្រុមការងារចុះបញ្ជី បាននិងកំពុងអនុវត្តកម្មវិធីអនុវិស័យ រដ្ឋបាលដីធ្លី ក្នុងគោលបំណងធ្វើការចុះបញ្ជីកម្មសិទ្ធិ និងសិទ្ធិផ្សេងៗទៀត លើអចលនវត្ថុឱ្យបានច្បាស់លាស់ និងជាផ្លូវការ ដើម្បីទប់ស្កាត់ និងដោះស្រាយវិវាទដីធ្លី សំដៅពង្រឹងសុវត្ថិភាពនៃការកាន់កាប់ដីធ្លី និងបង្កើនភាពជឿជាក់ លើប្រព័ន្ធចុះបញ្ជីដីធ្លី។

ដើម្បីជំរុញការអនុវត្តការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យកាន់តែមាន ប្រសិទ្ធភាពបន្ថែមទៀត នឹងទទួលបានជោគជ័យតាមផែនការដែលបានកំណត់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើឲ្យរដ្ឋបាល រាជធានី ខេត្ត ធ្វើការណែនាំដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ដើម្បីសម្របសម្រួល និងគាំទ្រក្នុងការអនុវត្តការចុះបញ្ជី ដីធ្លីមានលក្ខណៈជាប្រព័ន្ធរបស់ក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដែលមានប្រធានការិយាល័យរៀបចំ ដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលក្រុង ស្រុក ខណ្ឌ ជាប្រធានក្រុមការងារដឹកនាំការងារចុះបញ្ជីដីធ្លីនេះ។