ភរិយាឯកឧត្តម ជា សុមេធី ត្រូវបានប្រកាសជាប្រធានកិត្តិយស គណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា


(ភ្នំពេញ)៖ លោកជំទាវ ជា ផល្គុន ភរិយារបស់ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវបានប្រកាសជាប្រធានកិត្តិយសគណៈកម្មការសាខាសាមគមនាទីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

ពិធីប្រកាសខាងលើធ្វើឡើងក្រោមអធិបតីភាព សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមទីប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នាព្រឹកថ្ងៃពុធ ទី៦ មីនា ឆ្នាំ២០២៤នេះ នៅទីស្តីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ជា សុមេធី ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការរបស់​ក្រសួង​ផង​ដែរ។ ក្នុងពិធីនាព្រឹកមិញនេះ ក្រៅតែពីប្រកាសសមាសភាពប្រធានកិត្តិយសហើយនោះ ក៏មានការប្រកាសសមាសភាពរចនាសម្ព័ន្ធរបស់គណៈកម្មការសាខាសាមគមនាទីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាផងដែរ។

ឯកឧត្តម ជា សុមេធី បានសម្តែងនូវគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះវត្តមានរបស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកផ្តល់កិត្តិយសអញ្ជើញជាអធិបតី ប្រកាសសេចក្តីសម្រេចទទួលស្គាល់ការកែសម្រួល និងបំពេញបន្ថែមសមាសភាពគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍របស់ក្រសួង។

ឯកឧត្តម ជា សុមេធី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលថ្មីដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នៅតែបន្តយកចិត្តទុកដាក់លើការលើកស្ទួយតម្លៃស្ត្រីខ្មែរនៅក្នុងសង្គម លើកកម្ពស់ស្ថានភាព តួនាទី និងសិទ្ធិស្រ្តី ព្រមទាំងលុបបំបាត់រាល់ទស្សនៈ ឬឥរិយាបថរើសអើងស្ត្រី និងជនងាយរងគ្រោះ។ បន្ថែមពីលើនោះ រាជរដ្ឋាភិបាលនៅតែជំរុញស្ត្រីឱ្យចូលរួមការងារសង្គម ដើម្បីបង្កើនចំនួនស្ត្រីក្នុងការធ្វើសេចក្តីសម្រេចចិត្តទាំងខាងនយោបាយ និងសង្គម សេដ្ឋកិច្ច។

សម្រាប់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាវិញ ក៏បានខិតខំកសាងសមត្ថភាពលើការបញ្ជ្រាបយេនឌ័រតាមវិស័យ ដោយបានបង្កើតក្រុមការងារបញ្ជ្រាបយេនឌ័រ ដែលមានកាតព្វកិច្ចរៀបចំផែនការសកម្មភាពបញ្ជ្រាបយេនឌ័រក្នុងវិស័យ ដែលបង្កលក្ខណៈឱ្យស្ត្រីបានចូលរៀនសូត្រ ពង្រឹងសមត្ថភាពរបស់ខ្លួន និងទទួលបានតួនាទីជាអ្នកដឹកនាំទាំងក្នុងកម្រិតបច្ចេកទេស និងកម្រិតនយោបាយជាបន្តបន្ទាប់។

ឯកឧត្តមរដ្ឋមន្ត្រីបន្តថា ក្រៅពីផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រតាមវិស័យ និងបង្កើនភាពអង់អាច​ដល់​ស្ត្រី​​ហើយនោះ ក្រសួងបាននិងកំពុងអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារមាន​អាយុ​ក្រោម២ឆ្នាំ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩។ ជាក់ស្ដែងកាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលបានប្រកាសជាផ្លូវការ ដាក់ឲ្យអនុវត្តនូវ​គោល​​ការណ៍​ណែនាំស្តីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គម ក្នុងកញ្ចប់គ្រួសារ និងគោលការណ៍ណែនាំ​ស្តីពី​ក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន ដែលជា ឯកសារដ៏មានសារៈសំខាន់​សម្រាប់​ណែ​នាំ​និ​ងជំរុញអនុវត្តកម្មវិធីទាំង២នេះ ឱ្យមានប្រសិទ្ធភាពឆ្លើយតបសេចក្តីត្រូវការ​ចំពោះមុខរបស់​ប្រជា​ពលរដ្ឋ។

ទន្ទឹមនេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅតែបន្តអនុវត្តន៍នូវផែនការយុទ្ធសាស្ត្រ បញ្ជ្រាបយេនឌ័រតាមវិស័យ និងបង្កើនភាពអង់អាចដល់ស្ត្រី ឱ្យកាន់តែទូលំទូលាយបន្ថែមទៀត តាម​រយៈ​រចនាសម្ព័ន្ធដឹកនាំ និងគ្រប់គ្រងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

បើតាមឯកឧត្តម ជា សុមេធី គិតត្រឹមត្រឹមខែធ្នូ ឆ្នាំ២០២៣ ក្រសួង និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា មានមន្ត្រីរាជការជាស្ត្រីថ្នាក់ជាតិចំនួន ៤២.២ភាគរយ នៃចំនួនមន្ត្រីរាជការសរុប ១,២៣៥នាក់ មន្ត្រីជាស្ត្រីថ្នាក់ក្រោមជាតិចំនួន ៤២.៨ភាគរយ នៃចំនួនមន្ត្រីរាជការសរុប ៨៥៦នាក់ មន្ត្រី​ជាប់​កិច្ច​សន្យាជាស្ត្រីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិចំនួន ៦៨ភាគរយ នៃចំនួនមន្ត្រីជាប់កិច្ចសន្យាសរុប
៥៩៥នាក់។

តាមរយៈរបាយការណ៍ស្វាគមន៍របស់ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឆ្លុះបញ្ចាំង និងសបញ្ជាក់ឲ្យឃើញនូវការខិត្តខំប្រឹងប្រែងធ្វើការងារគ្រប់វិស័យ ប្រកបដោយ ការប្ដេជ្ញាចិត្តខ្ពស់របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់របស់ក្រសួង។

សមាគមនារីកម្ពុជាដើម្បីសន្តិភាព និង អភិវឌ្ឍន៍បានបន្តវេនពីសមាគមនារីសង្គ្រោះជាតិកម្ពុជា បានចាប់ បដិសន្ធិឡើងនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ គឺជាអង្គការមហាជនមួយស្ថិតនៅក្រោមការដឹកនាំរបស់គណ​បក្សប្រជាជនកម្ពុជា និងទទួលខុសត្រូវលើការងារនារី និងកុមារនៅទូទាំងប្រទេស។

សមាគមនារីមានរចនាសម្ព័ន្ធ ៤ថ្នាក់គឺ ថ្នាក់កណ្ដាល, ក្រសួង-ស្ថាប័ន-រាជធានី- ខេត្ត, ក្រុង-ស្រុក-​ខណ្ឌ និងឃុំ-សង្កាត់។ នៅឆ្នាំ១៩៩១ សមាគមនារីបានប្រែក្លាយខ្លួនទៅជាសមាគមមិនមែនរដ្ឋាភិបាល ធ្វើសកម្មភាពគាំទ្រកម្មវិធីគោលនយោបាយ គោលការណ៍ដឹកនាំរបស់គណបក្សប្រជាជន និងមានទំនាក់ ទំនងជាមួយអង្គការសមាគមដៃគូអភិវឌ្ឍជាតិ-អន្តរជាតិ ដើម្បីពិគ្រោះយោបល់ និងស្វែងរកការ​គាំទ្រ​ចំពោះគម្រោងស្ត្រីដើម្បីអភិវឌ្ឍន៍សម្រាប់លើកកម្ពស់ជីវភាពសុខុមាលភាពរបស់ប្រជាពលរដ្ឋ ជាពិសេសស្ត្រី និងកុមារ។ សមាគមត្រូវបានប្រកាសទទួលស្គាល់ជាផ្លូវការពីទីស្ដីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៤ និង ក្រសួងមហាផ្ទៃនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០០០។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានគូសរំលេចថា កម្ពុជា ពិតជាមានមោទនភាពខ្លាំងណាស់ ចំពោះការលះបង់កម្លាំងកាយចិត្តសម្ភាររបស់នារីនៅទូទាំងប្រទេសក្នុងការការពារ ស្តារ និងអភិវឌ្ឍន៍​ប្រទេសជាតិ។

សម្តេចកិត្តិសង្គហបណ្ឌិត បានបន្ថែមថា នារីបានរួមចំណែកបង្កើតសមិទ្ធផលដ៏ធំធេងដែលគណបក្ស ក៏ដូចជារាជរដ្ឋាភិបាល​ទទួលបាន​រយៈពេល៤៤ឆ្នាំកន្លងមកនេះ ហើយបានប្រែក្លាយ​ប្រទេស​កម្ពុជា​ពី​ប្រទេសមួយពោរពេញដោយសង្គ្រាម វិនាសកម្ម ព្រាត់ប្រាស រងទុក្ខវេទនា ការឈឺចាប់ ខ្លោចផ្សារក​ទីបំផុត​គ្មាន និងឯកោនៅលើឆាកអន្តរជាតិ​ឱ្យក្លាយទៅជាប្រទេសមួយដែលមានសន្តិភាព ស្ថិរភាព សុវត្ថិ​ភាព មានការរីកចម្រើនគ្រប់វិស័យ ប្រជាជន​មានជីវភាពធូរធារជាលំដាប់និងមានការទទួលស្គាល់​ពី​សហគមន៍អន្តរជាតិ៕