ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេមួយខ្សែប្រវែងជាង២គីឡូម៉ែត្រ នៅស្រុកពាមរក៍ ខេត្តព្រៃវែង


នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ នៅស្រុកពាមរក៍ ខេត្តព្រៃវែង ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទី បានអញ្ជើញដឹកនាំប្រជុំ និងចុះពិនិត្យត្រៀមបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេមួយខ្សែប្រវែងជាង២គីឡូម៉ែត្រ ស្ថិតក្នុងឃុំបន្លិចប្រាសាទ ស្រុកពាមរក៍ ខេត្តព្រៃវែង។ កិច្ចប្រជុំនេះ​ មានការអញ្ជើញចូលរួមពី លោកស្រី សេង ទៀង អភិបាលស្រុកពាមរក៍​ លោក កង សុខាន់ មេឃុំបន្លិចប្រាសាទ លោក អែម ណេ មេឃុំពាមរក៍ និងតំណាងក្រុមហ៊ុនសម្បត្តិមានហេង​ ដែលទទួលគម្រោងសាងសង់ផ្លូវ ប្រវែងជាង២គីឡូម៉ែត្រ ចាប់ពីវត្តព្រែកចាម រហូតដល់វត្តបន្លិចប្រាសាទ។

ជាកិច្ចចាប់ផ្តើម​ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទី បានមានប្រសាន៍ថា កិច្ចប្រជុំនាថ្ងៃនេះគឺដើម្បីស្តាប់នូវរបាយការណ៍ស្រុក ក៏ដូចជាភាគីពាក់ព័ន្ធនានាស្តីពីការចុះពិនិត្យសិក្សាការធ្វើផ្លូវ និងផលប៉ះពាល់ផ្សេងៗជាមួយប្រជាពលរដ្ឋ។

ក្នុងឱកាសនោះ​ លោកស្រី សេង ទៀង អភិបាលស្រុកពាមរក៍ បានមានប្រសាសន៍ថា​ ក្រោយពីមានគំនិតផ្តួចផ្តើមរបស់​ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប លោកស្រីក៏ដូចជាតំណាងភូមិបាលស្រុក លោកមេឃុំ មេភូមិ បានចុះសិក្សាពីផលប៉ះពាល់ផ្សេងៗជាមួយប្រជាពលរដ្ឋ គឺមានផលប៉ះពាល់បន្តិចបន្តួច រួចបានធ្វើការដោះស្រាយរួចរាល់ជាស្ថាពផងដែរ។

លោកស្រីអភិបាលស្រុកបានជម្រាបជូនផងដែរពីការសាទររបស់ប្រជាពលរដ្ឋ ដែលទទួលបានផ្លូវបេតុងអាមេ មួយខ្សែនេះដែលបានផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរ និងដឹកកសិផលផ្សេងៗ។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍ថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលបានចូលរួមចំណែកអោយមានការកសាងផ្លូវបេតុងអាមេនេះឡើងនាពេលខាងមុខ។

ឯកឧត្តម បានបញ្ជាក់ថា​ នេះជាចំណងដៃថ្មីមួយទៀតដែល​ ឯកឧត្តម និងក្រុមគ្រួសារ​ រួមនឹងសប្បុរសជននានា បានចំណាយធនធានចូលរួមកសាងអភិវឌ្ឍន៍នៅមូលដ្ឋានដែលកន្លងទៅដូចជាវត្តអារាម សាលារៀន និងផ្លូវប៉េតុងអាមេ ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន​ ដើម្បីរួមចំណែកកសាងអភិវឌ្ឍន៍ជាតិអោយមានការរីកចម្រើនឡើងថែមទៀត​ ៕