ឯកឧត្តម ម៉ៅ សុផាន់ សន្យាកសាងផ្លូវថ្នល់​ ស្រះទឹក​ សាលារៀន​ បង្គន់អនាម័យ និងតបណ្ដាញអគ្គិសនីជូនប្រជាពលរដ្ឋនៅឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ


(ព្រះវិហារ)៖ ឯកឧត្តម ម៉ៅ សុផាន់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ បានសន្យាជាមួយបងប្អូនប្រជាពលរដ្ឋប្រមាណ១៤៣គ្រួសាររស់នៅភូមិម្រេច ឃុំស្រយ៉ង់ ស្រុកគូលែនថា ឯកឧត្តមនឹងសាងសង់ផ្លូវ អណ្តូងទឹក សាលារៀន ពិសេសគឺតបណ្តាញអគ្គិសនីឱ្យចូលដល់ភូមិប្រជាពលរដ្ឋទៀតផង។

ការថ្លែងសន្យារបស់ឯកឧត្តម ម៉ៅ សុផាន់ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងភូមិម្រេច ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ ប្រមាណ១៤៣គ្រួសារ នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ, ឯកឧត្តមឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរគមន៍លេខ៣ ព្រមទាំងថ្នាក់ដឹកនាំខេត្ត ប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

នៅក្នុងឱកាសនោះឯកឧត្តម ម៉ៅ សុផាន់ បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹត្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ផ្ញើជូនបងប្អូនប្រជាពលរដ្ឋដែលមានវត្តមាននៅទីនេះ ក៏ដូចជាប្រជាពលរដ្ឋទូទាំងខេត្តព្រះវិហាររបស់យើង។

ឯកឧត្តម ម៉ៅ សុផាន់ បានថ្លែងប្រាប់ប្រជាពលរដ្ឋពីការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យរបស់ប្រទេសជាតិ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ចាប់តាំងពីអាណត្តិទី១ដល់ អាណត្តិទី៦ និងអាណត្តិទី៧ ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជាបច្ចុប្បន្ន។

ឯកឧត្តមថ្លែងបញ្ជាក់ទៀតថា «បើទោះបីជាប្រទេសរបស់យើងមានការរីកចម្រើនដូចសព្វថ្ងៃនេះក្តី ក៏នៅតាមតំបន់មួយចំនួនមិនទាន់មានការរីកចម្រើនទាំងស្រុងនោះទេ មូលហេតុដោយសារបងប្អូនយើងចេះតែពង្រីក ទីលំនៅជាបន្តបន្តាប់ ហើយបើប្រៀបធៀបកាលពីមុនតំបន់ខ្លះគ្មានមនុស្សរស់នៅនោះទេ។ ប៉ុន្តែទោះជាយ៉ាងណាឯកឧត្តមសន្យាកសាងផ្លូវថ្នល់​ កសាងស្រះទឹក​ សាលារៀន មានបំពាក់កំព្យូទ័រ ម៉ាស៊ីនព្រីន ម៉ាស៊ីនភ្លើង បង្គន់អាម័យ និងតបណ្ដាញអគ្គិសនី ឱ្យចូលដល់​ភូមិម្រេច ជូនប្រជាពលរដ្ឋ ដើម្បីសម្រួលដល់ការរស់នៅរបស់បងប្អូន»

ឯកឧត្តម ម៉ៅ សុផាន់ បានអំពាវនាវបងប្អូនប្រជាពលរដ្ឋយើង ត្រូវចូលរួមគាំទ្រកម្មវិធីនយោបាយនានារបស់រាជរដ្ឋាភិបាល ពិសេសគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដើម្បីឱ្យប្រទេសជាតិយើងមានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនតទៅទៀត។ ចូលរួមថែរក្សាសម្បត្តិធនធានធម្មជាតិ ដោយមិនត្រូវកាប់បំផ្លាញ រុករាន ដើម្បីយកដីធ្វើជាកម្មសិទ្ធិ ជាពិសេសមិនត្រូវជឿតាមការញុះញង់ណាមួយរបស់ក្រុមជនអគតិ ដើម្បីចូលរុករានដីរដ្ឋ ដោយខុសច្បាប់ ដីរដ្ឋដែលបានចុះបញ្ជីរួចប្រគល់ទៅឱ្យក្រុមហ៊ុនធ្វើការវិនិយោគនោះទេ។

ដោយឡែកឯកឧត្តម គីម រិទ្ធី បានណែនាំមន្ទីរជំនាញ ត្រូវកំណត់តំបន់វិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ និងធ្វើការចុះវាស់វែងដីធ្លីជូនប្រជាពលរដ្ឋទាំង១៤៣គ្រួសារ​ ដែលរស់នៅភូមិម្រេច ឃុំស្រយ៉ង់ ស្រុកគូលែន ដើម្បីចេញប្លង់កម្មសិទ្ធិជូនពួកគាត់ឱ្យបានឆាប់រហ័ស៕