ព្រឹទ្ធសភា បានឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ចំនួន២ នៅសម័យប្រជុំវិសាមញ្ញ នីតិកាលទី៤


(ភ្នំពេញ)៖ នៅក្នុងឱកាសបើកសម័យប្រជុំប្រជុំវិសាមញ្ញ នីតិកាលទី៤ ព្រឹទ្ធសភា បានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូលដោយឥតកែប្រែចំនួន ៥៧សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

សម័យប្រជុំវិសាមញ្ញ នីតិកាលទី៤នេះ បានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា។ កិច្ចប្រជុំនេះមានសមាជិកព្រឹទ្ធសភាមានវត្តមានចំនួន ៥៧រូប នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤នេះ។

អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈចំនួន ០២ដូចខាងក្រោម៖

*របៀបវារៈទី១៖ ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារសម្រាប់ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងម៉ារ៉ាកេសស្តីពី ការបង្កើតអង្គការ ពាណិជ្ជកម្មពិភពលោក ដើម្បីបញ្ចូលកិច្ចព្រមព្រៀងស្តីពី ការឧបត្ថម្ភធនជលផល។

សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងក្នុងគោលបំណង ដើម្បីរួមចំណែកធានានូវនិរន្តរភាពធនធានជលផលសមុទ្រក្នុងកម្រិតសកល តំបន់ និងរដ្ឋសមាជិកនីមួយៗ តាមរយៈការហាមឃាត់ ឬបញ្ឈប់នូវការឧបត្ថម្ភធនមានលក្ខណៈបង្កគ្រោះថ្នាក់ពាក់ព័ន្ធការនេសាទសមុទ្រ ដែលជាកត្តាចម្បងក្នុងការបំផ្លិចបំផ្លាញដល់ផលស្តុកជលផលសមុទ្រនៃសកលលោក។

តាមរយៈកិច្ចព្រមព្រៀងនេះ កម្ពុជានឹងទទួលបាននូវអត្ថប្រយោជន៍សំខាន់ៗដូចជា៖

– បង្ហាញឆន្ទៈរបស់កម្ពុជាក្នុងការចូលរួមសហប្រតិបត្តិការជាមួយសហគមន៍អន្តរជាតិ
– ចូលរួមលុបបំបាត់ការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានបញ្ញត្តិ និងទប់ស្កាត់ការនេសាទហួសកម្រិត ស្របតាមគោលនយោបាយនៃការគ្រប់គ្រងជលផលសមុទ្រនៃព្រះរាជាណាចក្រកម្ពុជាប្រកបដោយនិរន្តរភាព
– ពង្រឹងការថែរក្សា ការពារ និងគ្រប់គ្រងធនធានជលផលសមុទ្រប្រកបដោយនិរន្តរភាព
– ចូលរួមអនុវត្ត និងឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងសូចនាករ១៤.៦របស់អង្គការសហប្រជាជាតិ
– អាចទទួលបានជំនួយបច្ចេកទេស និងហិរញ្ញប្បទាន សម្រាប់ពង្រឹងសមត្ថភាពគ្រប់គ្រងនិងអភិរក្សធនធានជលផលសមុទ្រ។

សេចក្តីព្រាងច្បាប់នេះតាក់តែងឡើងមាន ៣មាត្រា ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមជាលើកដំបូងចំនួន ១០៧សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ នាសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧។ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ។

អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំង មូល ដោយឥតកែប្រែចំនួន ៥៧សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

*របៀបវារៈទី២៖ ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការដឹកជញ្ជូនតាមផ្លូវទឹក។

សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងក្នុងគោលបំណង ដើម្បីធានាការគ្រប់គ្រង និងការអភិវឌ្ឍវិស័យដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីរក្សាសណ្តាប់ធ្នាប់ ធានាសុវត្ថិភាព សន្តិសុខ នៃការដឹកជញ្ជូនតាមផ្លូវទឹក ព្រមទាំងការកសាង និងថែរក្សាការពារហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ និងរួមចំណែកការពារបរិស្ថាន ព្រមទាំងផ្តល់កាលានុវត្តភាពវិនិយោគ និងការប្រកួតប្រជែងប្រកប ដោយយុត្តិធម៌ សមធម៌ និងតម្លាភាព សម្រាប់បម្រើពាណិជ្ជកម្មជាតិនិងអន្តរជាតិ និងទ្រទ្រង់ការអភិវឌ្ឍ សេដ្ឋកិច្ចជាតិ។

សេចក្តីព្រាងច្បាប់នេះនឹងផ្តល់អត្ថប្រយោជន៍សំខាន់ៗ សម្រាប់កម្ពុជាដូចខាងក្រោម៖

១- ធានាឱ្យមានការគ្រប់គ្រងនាវា នាវិក កំពង់ផែ និងហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក រួមទាំងផ្នែកពាក់ព័ន្ធនឹងវិស័យដឹកជញ្ជូនតាមផ្លូវទឹក ប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល និងចីរភាព។
២- ផ្តល់ឱកាសការងារជូនពលរដ្ឋខ្មែរជានាវិក ដើម្បីបម្រើការងារនៅលើនាវា ដែលធ្វើនាវាចរណ៍នៅក្នុង និងក្រៅប្រទេស។
៣- ជំរុញការវិនិយោគលើវិស័យដឹកជញ្ជូនតាមផ្លូវទឹក ជាអាទិ៍៖ ការបង្កើតក្រុមហ៊ុននាវាចរណ៍ សេវាកម្មនាវាចរណ៍ យានដ្ឋាននាវាសម្រាប់ផលិត និងជួសជុលនាវា ការសាងសង់ និងធ្វើប្រតិបត្តិការឋបនីយភណ្ឌផែ ការបង្កើតនិងធ្វើប្រតិបត្តិការគ្រឹះស្ថានបណ្តុះបណ្តាលនាវិក។
៤- ជំរុញការប្រើប្រាស់ផ្លូវទឹកឱ្យមានភាពរស់រវើក សម្រាលបន្ទុក នៃការប្រើប្រាស់ផ្លូវថ្នល់ ដើម្បីរួមចំណែកកាត់បន្ថយចំណាយរដ្ឋក្នុងការជួសជុល និងថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។
៥- ជំរុញឱ្យមានការតភ្ជាប់ ការដឹកជញ្ជូនពហុមធ្យោបាយ ដែលជាផ្នែកដ៏សំខាន់មិនអាចខ្វះបានស្របតាមផែនការមេគ្រប់ជ្រុងជ្រោយស្តីពី ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភ័ស្តុភារកម្មកម្ពុជា ឆ្នាំ២០២៣-២០៣៣ របស់រាជរដ្ឋាភិបាល។
៦- ចូលរួមចំណែកបំពេញកាតព្វកិច្ចអន្តរជាតិរបស់រាជរដ្ឋាភិបាល ក្នុងនាមជាសមាជិក នៃអង្គការ អន្តរជាតិលើវិស័យដឹកជញ្ជូនតាមផ្លូវទឹក។
សេចក្តីព្រាងច្បាប់នេះតាក់តែងឡើងមាន ១៨ជំពូក ២៧៥មាត្រា ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមជាលើកដំបូងចំនួន ៩៧សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ នាសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧៕