រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អនុញ្ញាតអង្គការអភិរក្សអន្តរជាតិ (CI) ជួបសម្តែងការគួរសម និងពិភាក្សាការងារ


នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតអង្គការអភិរក្សអន្តរជាតិ (CI) ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ចំពោះអង្គការអភិរក្សអន្តរជាតិ (CI) ដែលស្វែងរកកិច្ចសហប្រតិបត្តិការ និងការគាំទ្រពីក្រសួងកសិកម្ម។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីគោលនយោបាយវិស័យកសិកម្ម ក្នុងការធានាសន្តិសុខស្បៀង ធ្វើឱ្យមានប្រសិទ្ធភាព និងនិរន្តរភាពសេដ្ឋកិច្ចនិងបរិស្ថាន តាមរយៈការជំរុញសហគមន៍កសិកម្មទំនើប និងការដាក់ពង្រាយមន្ត្រីកសិកម្មនៅតាមមូលដ្ឋាន ដើម្បីដោះស្រាយបញ្ហាជូនប្រជាកសិករទាំងបច្ចេកទេស ទីផ្សារ និងបញ្ហាប្រឈមផ្សេងៗទៀត រួមទាំងការគ្រប់គ្រងធនធានធម្មជាតិផងដែរ។
បើតាម ឯកឧត្តមរដ្ឋមន្ត្រី CI ត្រូវយល់ឱ្យបានច្បាស់លាស់ពីគោលនយោបាយជាតិដែលបានដាក់ចេញនៅអាណត្តិទី៧នេះ និងត្រូវយល់ពីគ្នា សហការជិតស្និទ្ធជាមួយគ្នា ដើម្បីសម្រេចគោលដៅរួម។ លើសពីនេះទៀត ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា CI ត្រូវសិក្សាឱ្យបានគ្រប់ជ្រុងជ្រោយ និងយល់ឱ្យបានច្បាស់រវាងការអភិរក្ស និងការអភិវឌ្ឍ ដោយត្រូវជំរុញឱ្យមានតុល្យភាពសេដ្ឋកិច្ចដល់កសិករ លើកកម្ពស់ជីវភាពសហគមន៍ និងការចូលរួមរបស់សហគមន៍ក្នុងការអភិរក្ស និងការអភិវឌ្ឍធនធានធម្មជាតិ និងកសិកម្ម។
សូមជម្រាបជូនថា អង្គការអភិរក្សអន្តរជាតិ ទទួលបានមូលនិធិពីប្រទេសបារាំង និងបានបំពេញបេសកកម្មរបស់ខ្លួននៅប្រទេសកម្ពុជាប្រមាណជាង ២ទសវត្សន៍មកហើយ ក្នុងកិច្ចការការពារ និងគ្រប់គ្រងធនធានធម្មជាតិ ព្រមទាំងចូលរួមគាំទ្រដល់ជីវភាពសហគមន៍ដោយផ្អែកលើប្រព័ន្ធអេកូឡូស៊ី៕