ក្រសួងអភិវឌ្ឍន៍ជនបទ បន្តប្រារព្ធថ្ងៃទី២នៃសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤


(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ១១កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញបន្តជាអធិបតីប្រារព្ធថ្ងៃទី២ នៃសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។

អញ្ជើញចូលរួមក្នុងពិធីនោះរួមមានវត្តមាន ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក អគ្គាធិការ លោក លោកស្រី អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី-ខេត្ត តំណាងក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ អង្គការជាតិ និងអន្ដរជាតិ សរុបប្រមាណ ៧០០នាក់ ។
ជាកិច្ចចាប់ផ្ដើម ឯកឧត្ដម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ បានអានរបាយការណ៍បូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទជូនគណអធិបតី និងសមាជិក សមាជិកា នៃអង្គសន្និបាត អមដោយការបង្ហាញវីដេអូរូបភាពពីសមិទ្ធផលនានាដែលក្រសួងអភិវឌ្ឍន៍ជនបទសម្រេចបានក្នុងឆ្នាំ២០២៣ និងទិសដៅការងារសម្រាប់អនុវត្ត ឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។
បន្ទាប់មក ឯកឧត្ដម ឆាយ ប្ញទ្ធិសែន បានវាយតម្លៃខ្ពស់ចំពោះកត្តាសន្តិភាពពេញលេញទូទាំងប្រទេស ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់សម្តេចតេជោហ៊ុន សែន ស្ថាបនិកសន្តិភាព និងជាមគ្គុទេសក៍ឯកនយោបាយឈ្នះឈ្នះ និងការបន្តវេនដឹកនាំប្រកបដោយបញ្ញាញាណរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ឱកាសឱ្យមន្ត្រីក្រសួងសម្រេចបាននូវសមិទ្ធផលជាច្រើនក្នុងឆ្នាំ២០២៣ ហើយដែលសមិទ្ធផលទាំងនេះគឺជាមូលដ្ឋានគ្រឹះសម្រាប់បន្តអនុវត្តយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាលឱ្យសម្រេចបានជោគជ័យ។
ឯកឧត្ដមរដ្ឋមន្រ្ដី បានបន្តលើកឡើងពីសារសំខាន់នៃការអភិវឌ្ឍជនបទ ដោយផ្ដោតលើវិស័យអាទិភាពទាំង ៤ របស់ក្រសួងរួមមាន ៖ ១. អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទ ទី២. កែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ ទី៣. ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ និងទី៤.ពង្រឹងស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
ជាមួយគ្នានេះដែរ ឯកឧត្ដមរដ្ឋមន្រ្ដី​ បានលេីកឡេីងអំពីទិសដៅ​ និងភារៈកិច្ចបន្តរបស់ក្រសួងក្នុងពង្រឹង​គុណភាពផ្លូវជនបទឱ្យកាន់តែរឹងមាំ​ ប្រេីប្រាស់បានយូរអង្វែង​ ការសម្រេចឱ្យបានផែនការគ្របដណ្តប់ការផ្គត់ផ្គង់ទឹកស្អាត​ និងអនាម័យជនបទទូទាំងប្រទេស​ ក៏ដូចជាការជំរុញសេដ្ឋកិច្ចគ្រួសារជនបទឱ្យមានការកេីនឡេីងផងដែរ។
សូមបញ្ជាក់ជូនផងដែរថា៖ សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រព្រឹត្តទៅមួយថ្ងៃកន្លះរួចមកហើយ នៅរសៀល ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ នឹងប្រារព្ធពិធីបិទសន្និបាតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា៕