ពិធីសំណេះសំណាល និងពិសាអាហារសាមគ្គី ជាមួយឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត និងអតីតឯកអគ្គរាជទូត នៅតាមបណ្តាប្រទេសនានាក្នុងទ្វីបអឺរ៉ុប ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់


ល្ងាចថ្ងៃពុធ ៣រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រចាំទ្វីបអឺរ៉ុប តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងពិសារអាហាសាមគ្គី ជាមួយឯកឧត្តម លោកជំទាវ ជាឯកអគ្គរាជទូត និងអតីតឯកអគ្គរាជទូត នៅតាមបណ្តាប្រទេសនានានៅទ្វីបអឺរ៉ុប ដោយមានការអញ្ជើញចូលរួមជាកិត្តិយសពីឯកឧត្តម លោកជំទាវ លោក ជាអនុប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រចាំទ្វីបអឺរ៉ុប និងឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សរុបចំនួន ៣៧រូប នៅភោជនីយដ្ឋាន Topaz Phnom Penh។
ថ្លែងក្នុងពិធីដ៏សប្បាយរីករាយនាពេលនោះ ឯកឧត្តម ហួត ហាក់ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ជូនចំពោះ ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ដែលកំពុងបំពេញបេសកកម្មការទូតនៅតាមបណ្តាប្រទេសផ្សេងៗនៅទ្វីបអឺរ៉ុប សូមប្រកបដោយសុខសុវត្ថិភាព និងមានសុខភាពល្អ សំណាងល្អ ព្រមទាំងទទួលបានជោគជ័យគ្រប់ភារកិច្ចដែលរាជរដ្ឋាភិបាលបានប្រគល់ជូន។
បន្ទាប់ពីបានជួបសំណេះសំណាល ប្រកបដោយបរិយាកាសរីករាយ និងភាពស្និទ្ធស្នាលរួចមក ឯកឧត្តម ហួត ហាក់ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានប្រគល់ជូនវត្ថុអនុស្សាវរីយ៍ ជាសៀវភៅកម្ពុជាសម័យតេជោ និងសៀវភៅកូនប្រុសច្បងដ៏មានឥទ្ធិពល (ជំនាន់ទី២) ជូនឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត និងឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាអនុស្សាវរីយ៍ផងដែរ៕