អន្តរក្រសួងចេញលទ្ធផល៤ចំណុចដើម្បីដោះស្រាយដីសម្បទានសេដ្ឋកិច្ចដំណាំអំពៅផលិតស្ករស


ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រី្តក្រសួងបរិស្ថាន នៅថ្ងៃទី៣០ ខែសីហានេះ បានចូលរួមកិច្ចប្រជុំអន្តរក្រសួងស្តីពី ដំណោះស្រាយបញ្ហាពាក់ព័ន្ធ និង ដីសម្បទានសេដ្ឋកិច្ចដំណាំអំពៅផលិតស្ករសនាំចេញដែលដឹកនាំឯកឧត្តម ជា សុផារ៉ាទេសរដ្ឋមន្ត្រី ក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងមានការចូលរួមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងរដ្ឋមន្ត្រីក្រសួងកសិកម្ម រួមទាំងអាជ្ញាធរដែនដីពាក់ព័ន្ធជាច្រើនរូបទៀត។
ក្រោយការពិភាក្សា អង្គប្រជុំទាំងមូលបានសម្រេចលទ្ធផលចំនួន៤ចំណុចដែលរួមមាន ទី១ ឯកឧត្តមទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីទទួលសម្របសម្រួល និងដោះស្រាយករណីវិវាទដីធ្លីនេះ ដោយក្រុមការងារអន្តរក្រសួងចំពោះកិច្ចនឹងបន្តភារកិច្ចដដែល។ ទី២ សម្រេចប្រគល់ភារកិច្ចជូនប្រធានមន្ទីររៀបចំដែនដី ខេត្តពាក់ព័ន្ធសម្របសម្រួលបំពេញទម្រង់បែបបទ និងធ្វើអត្តសញ្ញាណកម្មប្រជាពលរដ្ឋនិងទីទាំងដីពាក់ព័ន្ធក្នុងរយៈពេល៣០ថ្ងៃនៅសាលាស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ស្រុកស្រែអំបិលខេត្តកោះកុង ស្រុកត្បែងមានជ័យ និងស្រុកជ័យសែន ខេត្តព្រះវិហារ។
ទី៣ ប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធមកបំពេញទម្រង់បែបបទ តាមទីតាំងកំណត់ខាងលើ ចាប់ពីថ្ងៃទី០៤ ខែកញ្ញា ដល់ថ្ងៃទី០៣ ខែតុលា។ និងទី៤ បុគ្គលទាំងឡាយដែលក្លែងបន្លំឯកសារ ឬញុះញង់បង្កបញ្ហា ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។
យ៉ាងណាក៏ដោយចំពោះបញ្ហាសេសសល់បន្តិចបន្តួចនេះ អង្គប្រជុំអន្តរក្រសួងបានប្តេជ្ញាខ្ពស់ដោះស្រាយបញ្ចប់ដីសម្បទានសេដ្ឋកិច្ចដំណាំអំពៅផលិតស្ករសដែលមាននៅ ខេត្តកំពង់ស្ពឺ ខេត្តកោះកុង និងខេត្តព្រះវិហារ៕