ឯកឧត្តម ចាន់ យុត្ថា នាំអំណោយរបស់រដ្ឋមន្ត្រីក្រសួងធនធានទឹក ជូន​កងទ័ពដែលកំពុងឈរជើងការពារទឹកដីនៅភូមិសាស្រ្តខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី​


(ព្រះវិហារ)៖ នៅថ្ងៃអង្គារទី២ ខែ​មេសា ឆ្នាំ២០២៤ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ​តំណាងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និង​ឧតុនិយម បាននាំយកអំណោយជា​​ថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួន ជូនដល់​​បញ្ជាការដ្ឋាន​តំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ​​ អង្គភាព​វរៈសេនាតូចការពារព្រំដែនលេខ៤០៥​ (ហៅ​តំបន់​​ថ្មធំ និងអានសេះ) ដែលកំពុងឈរជើងការពារព្រំដែនប្រាសាទក្នុងភូមិសាស្រ្តខេត្ត​ព្រះវិហារ និង​ខេត្តឧត្តរមានជ័យ ​ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិខ្មែរ​។

សូមជម្រាបថា​ អំណោយ​ទាំងនោះមាន​ដូចជា៖ អង្គរ២តោន​ ត្រីខ​​៥០យួរ​ ទឹកត្រី និងទឹកស៊ីអ៊ីវ២៤យួរ​ មី៥០កេស​ អំបិល​ ៥០គីឡូក្រាម​ និង​​ទឹកបរិសុទ្ធ​៥០កេស​។

ក្នុងឱកាសនេះឯកឧត្តម ចាន់ យុត្ថា​ បានពាំនាំនូវការ​សាកសួរសុខទុក្ខ និងក្តីនឹករលឹក​ដ៏​ស្មោះ​អស់​ពី​ចិត្ត​ពីសំណាក់​ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា និងលោកជំទាវ ជូនចំពោះ​​​មេបញ្ជាការ​ មេបញ្ជាការរង​ពលទាហាន​ ពលទាហានរង​ទាំងអស់​ ដែលកំពុងឈរជើង​ការពារតាមព្រំដែន​កម្ពុជាថៃ​​ក្នុងភូមិសាស្រ្ត​ខេត្តព្រះវិហារ និង​ខេត្ត​ឧត្តរមានជ័យ​ ដែលជានិច្ចកាលប្រកាន់ខ្ជាប់នូវគោលជំហរ​ការពារទឹកដី មាតុភូមិ ឱ្យបានគង់វង្ស។

ជាមួយគ្នានេះដែរ​ឯកឧត្តម ថោ ជេដ្ឋា​ ក៏បាន​ឧបត្ថម្ភ​ថវិកាជូនកងកម្លាំង​ចំនួន៣៤៣នាក់ ដែល​ក្នុងម្នាក់ៗ ទទួលបានចំនួន១០ម៉ឺនរៀល។

មេបញ្ជាការ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករង​ខេត្តព្រះវិហារ​ អង្គភាពវរៈសេនាតូចការពារ​ព្រំដែនលេខ៤០៥​​ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រី​ក្រសួងធនធានទឹក និងឧតុនិយម ដែលបាន​ចាត់គណៈប្រតិភូ អញ្ជើញមកជួបសំណេះសំណាល និង​នាំ​យក​ថវិកាមកឧបត្ថម្ភដល់ទីបញ្ជាការផ្ទាល់ បាន​ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់​​ ពីសុខទុក្ខ និង​ការរស់នៅ​ប្រចាំថ្ងៃរបស់កងទ័ព។

នៅក្នុងឱកាសនោះ ឯកឧត្តម ចាន់ យុត្ថា ក៏បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយសម្តែងនូវការគោរពកោតសរសើរ ដោយស្មោះអស់ពីដួងចិត្ត ចំពោះការលះបង់គ្រប់បែបយ៉ាង របស់កងទ័ព ក្នុងបុព្វហេតុរក្សាការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋ ដែលជាចំណែកមួយយ៉ាងធំធេង បាននាំមកនូវសុខសន្តិភាព។

ឯកឧត្តមបន្តថា ទំនាក់ទំនងរវាងសមរភូមិក្រោយ និងសមរភូមិមុខ នៅតែជាចំណងមិនអាចកាត់ផ្តាច់បានទេ ហើយទស្សនៈវិស័យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភាព បានដាក់ចេញនូវកម្មវិធីនយោបាយជាច្រើន ដោយបានខិតខំកៀងគរអ្នកវិនិយោគចូលមកកម្ពុជា ជាពិសេសនៅក្នុងខេត្តពោធិ៍សាត់បន្ថែមទៀត ដើម្បីឱ្យប្រជាពលរដ្ឋ មានការងារធ្វើកាន់តែច្រើន និងមានជីវភាពកាន់តែធូរធារ។ ទន្ទឹមនឹងនោះ កងទ័ពរបស់យើង ក៏ត្រូវមានគោលជំហរស្មោះត្រង់ចំពោះ «ជាតិ សាសនា ព្រះមហាក្សត្រ» និងគាំទ្ររាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតឡើងពីការបោះឆ្នោតផងដែរ។ ពិតណាស់បងប្អូនកងទ័ព មិនត្រឹមតែការពារជាតិ និងរាជរដ្ឋាភិបាលស្របច្បាប់ប៉ុណ្ណោះទេ បងប្អូនក៏ជាបង្អែកយ៉ាងសំខាន់ ក្នុងការជួយថែរក្សាធនធានធម្មជាតិឱ្យនៅឋិតស្ថេរគង់វង្សយូរអង្វែង ដើម្បីជាប្រយោជន៍របស់ប្រទេសជាតិ និងប្រជាជនទាំងមូល៕