ព្រះមហាក្សត្រ៖ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សរបស់យើងត្រូវបានអនុវត្តប្រកបដោយវិចារណញ្ញាណ ក្នុងស្មារតីបង្រួបបង្រួមផ្សះផ្សាជាតិ និងបម្រើនូវឧត្តមប្រយោជន៍ជាតិពិតប្រាកដ


(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានមានបន្ទូលថា ខ្មែរគឺជាប្រជាជាតិមួយដែលមានអរិយធម៌ដ៏ថ្លៃថ្លា ថ្កុំថ្កើងរុងរឿង ហើយលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សរបស់យើងត្រូវបានអនុវត្តប្រកបដោយវិចារណញ្ញាណ ក្នុងស្មារតីបង្រួបបង្រួមផ្សះផ្សាជាតិ និងបម្រើនូវឧត្តមប្រយោជន៍ជាតិពិតប្រាកដ។

ព្រះបន្ទូលរបស់ព្រះមហាក្សត្រ បានធ្វើឡើងនៅក្នុងឱកាសដែលព្រះអង្គ យាងជាព្រះរាជាធិបតី ក្នុងពិធីបើកសម័យប្រជុំលើកដំបូងរបស់ព្រឹទ្ធសភា នីតិកាលទី៥ នាព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤នេះ។

ព្រះអម្ចាស់ជីវិតតម្កល់លើត្បូង បានមានព្រះបន្ទូលដូច្នេះថា៖ «ខ្មែរគឺជាប្រជាជាតិមួយដែលមានអរិយធម៌ដ៏ថ្លៃថ្លា ថ្កុំថ្កើងរុងរឿង ហើយលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សរបស់យើងត្រូវបានអនុវត្តប្រកបដោយវិចារណញ្ញាណ ក្នុងស្មារតីបង្រួបបង្រួមផ្សះផ្សាជាតិ និងបម្រើនូវឧត្តមប្រយោជន៍ជាតិពិតប្រាកដ»។ ក្នុងន័យនេះ ការថែរក្សាការពារសន្តិភាព និងស្ថិរភាពជាលក្ខខណ្ឌសកល និងជាបរិយាកាសចម្បងដែលមិនអាចខ្វះបានសម្រាប់ធានាដល់ដំណើរជីវិតជាប្រក្រតី និងការរីកចម្រើនជឿនលឿនរបស់ប្រទេសជាតិ គ្រប់ផ្នែក គ្រប់វិស័យ រួមទាំងការផ្តល់ឱកាសដល់ ការកែលម្អ ឬកែទម្រង់រចនាសម្ព័ន្ធ និងអភិបាលកិច្ចឱ្យកាន់តែប្រសើរឡើងថែមទៀត ដើម្បីជា ប្រយោជន៍ដល់ការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ច ប្រកបដោយភាពធន់រឹងមាំយូរអង្វែង»

ព្រះអង្គក៏បានមានបន្ទូលស្នើឱ្យ សមាជិក សមាជិកាព្រឹទ្ធសភា ខិតខំបំពេញការងារ ប្រកាន់ខ្ជាប់នូវវិន័យ និងក្រមសីលធម៌របស់ព្រឹទ្ធសភា គោរពរដ្ឋធម្មនុញ្ញ ច្បាប់ និងបទបញ្ជាផ្ទៃក្នុងឱ្យបានខ្ជាប់ខ្ជួន ព្រមទាំងមានគណនេយ្យភាព និងការទទួលខុសត្រូវខ្ពស់ក្នុងការ សម្រេចនូវមុខងារភារកិច្ចរបស់ខ្លួន ដើម្បីផ្តល់ទំនុកចិត្ត និងភាពកក់ក្តៅដល់ប្រជារាស្ត្រយើង៕