សម្តេចតេជោ ហ៊ុន សែន រម្លឹកការបង្កើតព្រឹទ្ធសភា ការបង្កើតព្រឹទ្ធសភា ជាព្រះគុណដ៏ធំធេងរបស់ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គដោះស្រាយវិបត្តិនយោបាយ


(ភ្នំពេញ)៖ ថ្លែងក្នុងឱកាសត្រូវបានជ្រើសតាំងជាប្រធានព្រឹទ្ធសភា នីតិកាលទី៥ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកអំពីប្រវត្តិនៃការបង្កើតស្ថាប័នព្រឹទ្ធសភា ដើម្បីដោះស្រាយភាពជាប់គាំងនយោបាយកម្ពុជា កាលពី ២៥ឆ្នាំមុន។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបង្កើតព្រឹទ្ធសភា ជាព្រះគុណដ៏ធំធេងរបស់ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គដោះស្រាយវិបត្តិនយោបាយកម្ពុជា ហើយគំនិតនៃការបង្កើតព្រឹទ្ធសភា កើតចេញពីគំនិតរបស់សម្តេចវិបុលបញ្ញា សុខ អាន ដែលលោក ប្រាក់ សុខុន ក៏បានដឹងរឿងនេះដែរ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា បើនិយាយអំពីព្រឹទ្ធសភានេះ ដំបូងបំផុត យើងត្រូវនឹកទៅដល់ព្រះគុណដ៏ធំធេង របស់ព្រះករុណា ព្រះបិតាជាតិ ព្រះបរមរតនកោដ្ឋ ដែលពេលនោះព្រះអង្គបានដឹកនាំដោះស្រាយវិបត្តិដ៏ជ្រាលជ្រៅ ក្រោយដំណាក់កាលនៃការបោះឆ្នោត។ បើទោះបីជាការបោះឆ្នោតពេលនោះ ត្រូវបានប្រសិទ្ធនាមថា ជាអច្ឆរិយៈតាមដងទន្លេមេគង្គ ក៏ប៉ុន្តែការមិនសុខចិត្ត នៃបក្សនយោបាយមួយចំនួន បង្កើតឡើងឱ្យមានវិបត្តិធ្ងន់ធ្ងរ ក្រោយការបោះឆ្នោត។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា ការប៉ុនប៉ងធ្វើឃាតលើសម្តេច នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៨ នៅឯខេត្តសៀមរាប ក្នុងពេលនោះ ការប្រជុំនៅទីក្រុងភ្នំពេញ មិនអាចធ្វើទៅបានពិតមែនតែមានការព្រមព្រៀងថា ការប្រជុំសភាលើដំបូង ត្រូវធ្វើនៅក្នុងភោជនីយ ក្នុងព្រះបរមរាជវាំង ដោយសម្តេចនឹងបញ្ជូនឧទ្ធម្ភាគចក្រ ២គ្រឿង ថ្វាយព្រះករុណា យាងពីខេត្តសៀមរាប មកកាន់ទីក្រុងភ្នំពេញ ដើម្បីប្រជុំក្នុងភោជនីយ។ ប៉ុន្តែក្រោយមកព្រះករុណា បានសព្វព្រះទ័យ កោះប្រជុំសភា នៅឯសៀមរាប។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ការប៉ុនប៉ងធ្វើឃាត ដែលសម្តេចចាត់ទុកថាជាភ័ព្វសំណាងសម្រាប់ប្រទេសជាតិមួយដែរ ឬភ័ព្វសំណាងផ្ទាល់របស់សម្តេច រឿងនេះ មិនតូចទេ។ ប្រសិនបើពេលនោះសម្តេចស្លាប់ សៀមរាបនឹងក្លាយទៅជាវាលពិឃាត ថ្លុកឈាមនឹងកើតពេញក្រុងសៀមរាបតែម្តង។ សូម្បីតែសម្តេចគ្មានគ្រោះថ្នាក់ ក៏មានមេទ័ពមួយចំនួនទាមទារវ៉ៃប្រហារតែម្តង។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា ការប៉ងធ្វើឃាតសម្តេច គឺមានរ៉ូកែត ៤គ្រាប់ ផ្ទុះមួយគ្រាប់។ នេះជាព្រឹត្តិការណ៍អាណោចអធម ប៉ុន្តែនៅតែប្រជុំសភាបាន ហើយបន្ទាប់ទៀត ក៏ទៅស្បថនៅអង្គរវត្ត។ ក្រោយការប្រជុំសភាហើយ រាជរដ្ឋាភិបាល មិនទាន់ត្រូវបានបង្កើតទេ។ សមាជិកសភា ដែលបានស្បថហើយ ទើបមានអភ័យឯកសិទ្ធិ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងរៀបរាប់ថា បន្ទាប់ពីការបោកគ្រាប់បែកចូលផ្ទះសម្តេច នៅទីក្រុងភ្នំពេញ ដោយពួកបាតុកម្មមួយចំនួន ដែលធ្វើការបោះជំរំ នៅមុខរដ្ឋសភា ពេលនោះសម្តេចចេញបទបញ្ជា ហាមឃាត់មនុស្សទាំងអស់ មិនឱ្យចាកចេញពីទីក្រុងភ្នំពេញ។

បើតាមការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន គឺលោក តុល ឡោះ ក្នុងពេលចរចានៅឯក្រុងសៀមរាប បាននិយាយជាមួយសម្តេចថា ​«សម្តេច! ការហាមឃាត់តំណាងរាស្ត្រ មិនឱ្យចាកចេញពីប្រទេស​ វាខុសជាមួយអភ័យឯកសិទ្ធិ»។ សម្តេចតេជោ ហ៊ុន សែន បានចង្អុលប្រាប់ទៅលោក តុល ឡោះ ថា «តើពួកឯកឧត្តម ទៅជាតំណាងរាស្ត្រ ហើយឬនៅ? បើសភាមិនទាន់ប្រជុំ មិនទាន់បានស្បថ ឯកឧត្តម មិនទាន់មានអភ័យឯកសិទ្ធិទេ។ ប៉ុន្តែ ក្រោយការប្រជុំរួចហើយ តំណាងរាស្ត្រ គឺងាយចាកចេញពីប្រទេស»។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា ភាពជាប់គាំងខាងនយោបាយ ក៏ត្រូវបានបន្ត។ នៅក្នុងពេលជាប់គាំងនោះ គំនិតបង្កើតព្រឹទ្ធសភា កើតចេញពីសម្តេចវិបុលបញ្ញា សុខ អាន ដែលឃើញរឿងនេះ លោក ប្រាក់ សុខុន ក៏បាន ហើយលើកគំនិតនេះ មកជាមួយសម្តេច៕