នាព្រឹកថ្ងៃអង្គារ ១កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្ដមសាស្រ្តាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារបច្ចេកទេសសុខភាពជនមានពិការភាព បានដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសសុខភាពជនមានពិការភាពរបស់ក្រសួងសុខាភិបាល។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្ដមរដ្ឋលេខាធិការ ជាអនុប្រធានក្រុមការងារ ឯកឧត្ដម លោកជំទាវ លោក លោកស្រី អគ្គនាយករង ប្រធាននាយកដ្ឋាន ក្រោមឱវាទក្រសួង មន្ទីរពេទ្យជាតិ មជ្ឈមណ្ឌលជាតិ វិទ្យាស្ថានជាតិ អង្គការដៃគូរួមមាន អង្គការសុខភាពពិភពលោក កម្មវិធីACCESS នៃស្ថានទូតអូស្រ្តាលី និងដៃគូអភិវឌ្ឍនានា ដែលជាសមាជិក សមាជិកាសរុបចំនួន ៥០នាក់។
ក្នុងនាម ឯកឧត្តមស្រ្តាចារ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តមស្រ្តាចារ្យរដ្ឋលេខាធិការ និងជាប្រធាន អង្គប្រជុំបានមានប្រសាសន៍ថាការងារពិការភាពមានវិសាលភាពធំទូលាយ ដែលក្រសួងសុខាភិបាលមានការយកចិត្តទុកដាក់ខ្ពស់ និងអនុវត្តការងារទាំងនេះកន្លងមកហើយ។ ការងារពិការភាពពាក់ព័ន្ធយ៉ាងជិតស្និទ្ធទៅនឹងគុណភាពនៃការថែទាំ ព្យាបាល ការបង្ការ គ្រប់កម្រិត។ ក្រុមការងារបច្ចេកទេសសុខភាពជនមានពិការភាពរបស់ក្រសួងសុខាភិបាល មានតួនាទីភារកិច្ចសំខាន់និងជាក់លាក់ជាច្រើនក្នុងនោះការរៀបចំគោលនយោបាយ និងផែនការយុទ្ធសាស្រ្តស្តីពីសុខភាពជនមានពិការភាព សម្រាប់មូលដ្ឋានសុខាភិបាលគ្រប់លំដាប់ថ្នាក់ អនុវត្តប្រកបដោយប្រសិទ្ធភាពជូនដល់បងប្អូនមានពិការភាព។
លោកស្រីតំណាងអង្គការសុខភាពពិភពលោក បានធ្វើបទបង្ហាញស្តីពីស្ថានភាពពិការភាពក្នុងតំបន់ និងពិភពលោក។ អង្គការសុខភាពពិភពលោក បានយកចិត្តទុកដាក់ និងគាំទ្រដល់ក្រសួងសុខាភិបាល ក្នុងការរៀបចំគោលនយោបាយ និងផែនការយុទ្ធសាស្រ្តក្នុងមូលដ្ឋានសុខាភិបាល។
ឯកឧត្តមស្រ្តាចារ្យប្រធានអង្គប្រជុំបានចាប់អារម្មណ៍អំពីការជួយគាំទ្រពីអង្គការដៃគូនានា និងបានណែនាំដល់លេខាធិការដ្ឋានក្រុមការងារចាត់ចែងរៀបចំកម្មវិធីការងារ ទាំងក្រុមការងារ និងមន្រ្តីជំនាញ ដើម្បីសហការជាមួយដៃគូក្នុងនោះការពិនិត្យបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា ដើម្បីរៀបចំគោលនយោបាយ និងផែនការយុទ្ធសាស្រ្ត ស្តីពីសុខភាពជនមានពិការភាពក្នុងមូលដ្ឋានសុខាភិបាល តាមគោលការណ៍ណែនាំរបស់អង្គការសុខភាពពិភពលោក និងជាពិសេសស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីដាក់ឲ្យអនុវត្តក្នុង ឆ្នាំ២០២៤ នេះដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋពិសេសបងប្អូនមានពិការភាព ធានាឱ្យបាននូវ គុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងសមធម៌។


