សម្តេច ម៉ែន សំអន ៖ ទំនាក់ទំនងកម្ពុជា-ឡាវ បានឈានដល់កម្រិតដៃគូរ យុទ្ធសាស្រ្តគ្រប់ ជ្រុងជ្រោយគង់វង្សយូរអង្វែង


សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍ មាតុភូមិកម្ពុជា បានចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេស ឡាវ នារសៀលថ្ងៃពុធ ២កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤។

សម្តេចកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍លើកឡើងថា ទំនាក់ទំនងរវាងកម្ពុជានិងឡាវ បានពូនជ្រំដោយថ្នាក់ដឹកនាំប្រទេសទំាងពីរនៅគ្រប់ជំនាន់ និងបានឈានដល់កម្រិត ដៃគូរ យុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយគង់វង្សយូរអង្វែង។ សម្តេចបានលើកឡើងបន្តថា ទំនាក់ទំនងដ៏ ល្អរវាងប្រទេសទំាងពីរ មិនត្រឹមបង្កើតបាននូវសុខដុមរមនារវាងប្រជាជាតិ មានភូមិផងរបង ជាប់គ្នានេះទេ តែបាននាំមកនូវវិបុលភាព ស្ថិរភាពសង្គម និងការពង្រឹងគោលការណ៍ ពហុនិយមដល់តំបន់និងសកលលោកថែមទៀតផង។
ឯកឧត្តម SONEXAY SIPHANDONE បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរ ទស្សនកិច្ចរបស់ថ្នាក់ដឹកនាំរបស់គណប្រតិភូរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា មកកាន់ ប្រទេសឡាវថា ពិតជាមានសារៈសំខាន់ នៅក្នុងការពូនជ្រំនិងលើកកម្ពស់ កិច្ចសហប្រតិបត្តិការរវាងប្រទេសទំាងពីរឱ្យកាន់តែរឹងមាំស៊ីជម្រៅលើគ្រប់វិស័យ។
ឯកឧត្តម ក៏បានចូលរួមអបអរសាទរដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានជាប់ឆ្នោតជាប្រធានព្រឹទ្ធសភា កាលពីពេលថ្មីៗនេះ និងបានជូនពរឲ្យការបោះឆ្នោត ក្រុមប្រឹក្សារាជធានី-ខេត្ត ដំណើរការទៅដោយរលូន និងទទួលបានជោគជ័យ។
ឯកឧត្តម បានគូសបញ្ជាក់ថា ទោះបីប្រទេសឡាវបានកំពុងជួបបញ្ហាខ្លះៗ លើផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តែរដ្ឋាភិបាលឡាវក៏បានដាក់ចេញនូវកម្មវិធីមួយចំនួនក្នុងការដោះស្រាយបញ្ហា ប្រកបដោយប្រសិទ្ធភាពផងដែរ៕