សម្តេច ម៉ែន សំអន ធ្វើមាតុភូមិនិវត្តន៍មកដល់មាតុប្រទេសវិញ ក្រោយបំពេញទស្សនកិច្ចនៅប្រទេសឡាវ ប្រកបដោយជោគជ័យ


រសៀលថ្ងៃព្រហស្បតិ៍ ៣កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានដឹកនាំ គណ:ប្រតិភូមាតុភូមិនិវត្តន៍ បន្ទាប់ពីទស្សនកិច្ចទៅកាន់ប្រទេសឡាវ និងបានចូលរួមកិច្ចប្រជុំ រណសិរ្ស៣ប្រទេស កម្ពុជា-ឡាវ-វៀតណាម ដែលប្រទេសឡាវធ្វើជាម្ចាស់ផ្ទះ ក្នុងរដ្ឋធានីវៀងចន្ទន៍ ក្នុងរយៈពេល៣ថ្ងៃកន្លងទៅនេះប្រកបដោយផ្លែផ្លា។

នៅក្នុងដំណើរទស្សនកិច្ចនោះ សម្តេចកិត្តិសង្គហបណ្ឌិតក៏បានជួបសវនាការការងារជាមួយ៖ (១)ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន (SONEXAY SIPHANDONE) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ (២)ឯកឧត្តមបណ្ឌិត ស៊ិនឡាវង្ស ឃុតផៃធូន (SINLAVONG KHOUTPHAYTHOUNE) ប្រធានគណៈកម្មាធិការ មជ្ឈិមរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ (៣)ឯកឧត្តម ថោងលូន ស៊ីសូលីត (THONGLOUN SISOULITH) អគ្គលេខាធិការបក្ស និងជាប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

 

ទន្ទឹមនឹងនោះផងដែរថ្នាក់ដឹកនាំរណសិរ្សទាំងបីប្រទេស បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីកម្មវិធីសហប្រតិបត្តិការរវាងរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា គណៈកម្មាធិការមជ្ឈិមរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ និង គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ដំណាក់កាល ២០២៣-២០២៦ ដែលផ្តោតសំខាន់ទៅលើ៖ (១) ការងារអប់រំ ផ្សព្វផ្សាយ និងផ្តល់ព័ត៌មាន (២)ជំរុញ និងលើកទឹកចិត្តរាល់សកម្មភាពកិច្ចសហប្រតិបត្តិការ នៅថ្នាក់មូលដ្ឋាន (៣)ប្រារព្ធ និងអបអរសាទរ ពិធីបុណ្យជាតិ និងខួបអនុស្សាវរីយ៍ទំនាក់ទំនងការទូតរបស់ប្រទេសទាំងបី (៤)ការរៀបចំសនិ្នសីទ និងការផ្លាស់ប្ដូរដំណើរទស្សនកិច្ច (៥)ជំរុញ និងលើកទឹកចិត្តរាល់សកម្មភាព កិច្ចសហ ប្រតិបត្តិការរណសិរ្សបីប្រទេស (៦)ការចូលរួមចំណែកក្នុងការកសាងសហគមន៍អាស៊ាន៕