រដ្ឋសភា នឹងបន្តសម័យប្រជុំលើកទី២ នៅសប្តាហ៍ក្រោយ ដើម្បីសម្រេចសុពលភាព បេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រ២រូប ជំនួសសម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម ប្រាក់ សុខុន ដែលទៅកាន់តំណែងព្រឹទ្ធសភា


(ភ្នំពេញ)៖ រដ្ឋសភា នឹងបន្តសម័យប្រជុំពេញអង្គ លើកទី២ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ខាងមុខ ដើម្បីសម្រេចសុពលភាពនៃអាណត្តិរបស់បេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រ នីតិកាលទី៧ ចំនួន២រូប ដែលជំនួស សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តមប្រាក់ សុខុន ដែលបានលាលែងទៅកាន់តំណែងជាប្រធាន និងអនុប្រធានព្រឹទ្ធសភា។

ការកំណត់កាលបរិច្ឆេទ និងរបៀបវារៈសម័យប្រជុំនេះ បានធ្វើឡើងបន្ទាប់ពីរដ្ឋសភា បានបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។

អង្គប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ បានធ្វើការពិភាក្សា និងអនុម័តលើរបៀបវារៈ ដោយមានលទ្ធផលដូចខាងក្រោម៖

១- អង្គប្រជុំបានអនុម័តយល់ព្រមសំណើសុំប្រកាសទទួលស្គាល់តំណាងរាស្ត្រចំនួន ២រូប ដើម្បីសម្រេចអំពីសុពលភាពនៃអាណត្តិជាសមាជិករដ្ឋសភា នីតិកាលទី៧ នៅក្នុងសម័យប្រជុំរដ្ឋសភា នាពេលខាងមុខ៖

* ឯកឧត្តម ចាប ម៉ុច ជាតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល ជំនួស សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ដែលបានសុំលាលែង។

* ឯកឧត្តម ទេព សុធីរ ជាតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល ជំនួស ឯកឧត្តម ប្រាក់ សុខុន ដែលបានសុំលាលែង។

២៖ អង្គប្រជុំបានអនុម័តយល់ព្រមលើកាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភា លើកទី២ នីតិកាលទី៧ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ៨:០០ព្រឹក ដែលមានរបៀបវារៈតែមួយគឺ ការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់បេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រ នីតិកាលទី៧ ចំនួន ២រូប៖

* ឯកឧត្តម ចាប ម៉ុច ជាតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល ជំនួស សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ដែលបានសុំលាលែង។

* ឯកឧត្តម ទេព សុធីរ ជាតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល ជំនួស ឯកឧត្តម ប្រាក់ សុខុន ដែលបានសុំលាលែង៕