រដ្ឋមន្ត្រីក្រសួងសាធារណការ អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតកូរ៉េប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ


(ភ្នំពេញ)៖ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ផាក ជុងវ៉ុក (H.E Mr. Park Jung-Wook) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា និងសហការី ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

ជំនួបនេះបានប្រព្រឹត្តទៅក្រោមបរិយាយកាសរីករាយស្និទ្ធស្នាល ក្នុងគោលបំណងរឹតបន្តឹងកិច្ចសហប្រតិបត្តិការការទូតរវាងប្រទេសទាំងពីរ កម្ពុជា-កូរ៉េ ឱ្យកាន់តែមានភាពរឹងមាំ និងស៊ីជម្រៅ។

ជម្រាបទៅកាន់ឯកឧត្តមឯកអគ្គរដ្ឋទូត ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា បានលើកឡើងអំពីផែនការមេគ្រប់ជ្រុងជ្រោយស្ដីពី ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ ដែលបើកទូលាយ និងស្វាគមន៍រាល់ការចូលរួមពីគ្រប់ភាគី ក្នុងការវិនិយោគ។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានបង្ហាញនូវនូវគម្រោងមួយចំនួនដែលភាគីកូរ៉េមានចំណាប់អារម្មណ៍ ហើយរំពឹងថាកម្ពុជា និងកូរ៉េ អាចមានគម្រោងលេចធ្លោបន្ថែមទៀត ស្របតាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលចង់លើកកម្ពស់កម្រិតទំនាក់ទំនងប្រទេសទាំងពីរឱ្យទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» នាពេលអនាគត៕