គណៈប្រតិភូរដ្ឋសភាកម្ពុជាចូលរួមសិក្ខាសាលាស្តីពី “ការអនុវត្តន៍គោលការណ៍ណែនាំអាស៊ានស្តីពី ការលើកកម្ពស់ការវិនិយោគប្រកបដោយការទទួលខុសត្រូវក្នុងវិស័យអាហារ កសិកម្ម និងព្រៃឈើ” នៅប្រទេសឡាវ


ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី​ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាម ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១នៃរដ្ឋសភា និងជាប្រធានក្រុមរដ្ឋសភាកម្ពុជានៃស្ថាប័នអន្តរសភាអាស៊ាន នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម វេង សាខុន និងឯកឧត្តម គង់ បណ្តូល សមាជិកគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួមសិក្ខាសាលាស្តីពី «ការអនុវត្តន៍គោលការណ៍ណែនាំអាស៊ានស្តីពី ការលើកកម្ពស់ការវិនិយោគប្រកបដោយការទទួលខុសត្រូវក្នុងវិស័យអាហារ កសិកម្ម និងព្រៃឈើ» ដែលប្រព្រឹត្តទៅនៅថ្ងៃទី ២៤-២៥ ខែមេសា ឆ្នាំ២០២៤ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។

សិក្ខាសាលានេះ ត្រូវបានសហការរៀបចំដោយលេខាធិការដ្ឋានអាយប៉ា អង្គការស្បៀង និងកសិកម្ម (FAO) និងវិទ្យាស្ថានអន្តរជាតិសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព (IISD) ដើម្បីតាមដានការអនុវត្តន៍នៃសេចក្តីសម្រេចស្តីពី “ការជំរុញការអនុវត្តន៍គោលការណ៍ណែនាំអាស៊ានស្តីពី ការលើកកម្ពស់ការវិនិយោគប្រកបដោយការទទួលខុសត្រូវ ក្នុងវិស័យអាហារ កសិកម្ម និងព្រៃឈើ” ដែលបានអនុម័តក្នុងមហាសន្និបាតអាយប៉ាលើកទី៤៤ កាលពីឆ្នាំ២០២៣ កន្លងទៅ។

សិក្ខាសាលានេះ មានគោលបំណងបង្កើនការយល់ដឹងរបស់សភា​ និងរៀបចំក្របខ័ណ្ឌសម្រាប់ការអនុវត្តន៍របស់សភាលើគោលការណ៍ណែនាំអាស៊ានស្តីពី ការលើកកម្ពស់ការវិនិយោគប្រកបដោយការទទួលខុសត្រូវក្នុងវិស័យអាហារ កសិកម្ម និងព្រៃឈើ ដោយក្របខ័ណ្ឌសម្រាប់ការអនុវត្តន៍នេះ ត្រូវបានយកមកពិភាក្សា និងអនុម័ត នៅក្នុងមហាសន្និបាតអាយប៉ាលើកទី៤៥ នាពេលខាងមុខ​ ៕