មេបញ្ជាការតំបន់ប្រតិបត្តិសឹងរងខេត្តកំពង់ឆ្នាំងអំពាវនាវអោយប្រជាពលរដ្ឋចូលរួមថែរក្សាហេដ្ឋារចនាសម្ព័ន្ធដើម្បីប្រយោជន៍ខ្លួននិងសហគមន៍


កំពង់ឆ្នាំងៈថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ នេះ​ កម្លាំងរបស់តំបន់ប្រតិបត្តិការសឹករងកំពង់​ឆ្នាំង ចំនួន ៦៥ ​នាក់ ដឹកនាំដោយ លោក ឧត្តមសេនីយ៍ត្រី ធន ធឿន ​​​ សហការ ជាមួយ មន្រ្តីមន្ទីរធនធានទឹក កងរាជអាវុធហត្ថ នគរបាល នឹងប្រជាពលរដ្ឋនៅមូលដ្ឋាន បានសហការចុះសំអាតសំណាត់​ និង កំប្លោក ដែលបានរសាត់អណ្តែតតាមខ្សែទឹកមកកកស្ទះនៅតាមបណ្តាទ្វាទឹក​ចំនួន ៥កន្លែង ស្ថិតនៅតាមបណ្តោយទំនប់អាងទឹក ២០​ ឧសភា​ មានទីតាំងក្នុងឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

ក្នុងឱកាសនោះ លោកធនធឿនបានមានប្រសាសន៍ផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្បែរ នឹងទៅរកស៊ីលក់ដូរនៅតំបន់នោះ​ សូមជួយផ្តល់ព័ត៌មានឲ្យបានទាន់ពេលវេលា ដល់អាជ្ញាធរដែន​ដី អំពីហេតុការណ៍ផ្សេងៗ​ ដែលអាចកើតមានដោយសារកំពស់ទឹកនៅរដូវវស្សា​ ធ្វើឲ្យប៉ះពាល់ដល់ទំនប់អាងទឹក ២០ឧសភានេះ។
​​ លោកបានបន្តថាតំបន់នេះ គឺជាអាងទឹកមួយដ៏មានសារៈសំខាន់​បំផុត សម្រាប់បងប្អូនប្រជាកសិករ ប្រើប្រាស់ធ្វើស្រែចំការនៅរដូវប្រាំង និងជារម្យណីយដ្ឋានមួយ សម្រាប់កម្សាន្តផងដែរ។ ​ដូច្នេះ​ ​សូមចូលរួមការពារទាំងអស់គ្នា ដើម្បីសហគមន៍យើង ប្រជាជនយើង ខេត្តយើង និងដើម្បីជួយអភិវឌ្ឍន៍ប្រទេសជាតិយើង ឲ្យមានភាពសម្បូរសប្បាយរុងរឿងឈានឡើងជានិច្ចនិរន្តរ៍ ។