ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន អញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការធ្វើបច្ចុប្បន្នភាពសៀវភៅសេដ្ឋកិច្ច


នាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការធ្វើបច្ចុប្បន្នភាពសៀវភៅសេដ្ឋកិច្ច ដោយមានការចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ មន្ត្រីពាក់ព័ន្ធក្រោមឱវាទក្រសួង អប់រំ យុវជន និងកីឡា។

សូមបញ្ជាក់ជូនថា គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិភាក្សាអំពីវឌ្ឍនភាពនៃការចងក្រងរៀបចំសៀវភៅសេដ្ឋកិច្ច និងធ្វើបច្ចុប្បន្នភាពសៀវភៅដែលមានស្រាប់ ដោយផ្ដោតលើបរិបទសេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ន និងគោលនយោបាយថ្មីៗរបស់រាជរដ្ឋាភិបាល។

ដើម្បីជំរុញដល់ដំណើរការនៃបច្ចុប្បន្នកម្មសៀវភៅសេដ្ឋកិច្ច ឯកឧត្ដមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានធ្វើការណែនាំឱ្យក្រុមការងារសិក្សាឱ្យស៊ីជម្រៅ និងល្អិតល្អន់បំផុតពាក់ព័ន្ធនឹងតថភាពសង្គមកម្ពុជាបច្ចុប្បន្ន ដោយផ្តោតលើវិស័យនីមួយៗ ឧស្សាហកម្មថ្មីៗ គោលនយោបាយថ្មីៗរបស់រាជរដ្ឋាភិបាល និងការវិវឌ្ឍន៍របស់កម្ពុជាក្នុងរយៈ ២០ឆ្នាំចុងក្រោយ បន្ទាប់ពីទទួលបានសុខសន្តិភាព តើកម្ពុជាមានការផ្លាស់ប្តូរជាវិជ្ជមានអ្វីខ្លះ ក៏ដូចជាវឌ្ឍនភាពនៃសេដ្ឋកិច្ច និងឧស្សាហកម្មឌីជីថលនៅកម្ពុជា៕