សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរលោកស្រីអ្នកឧកញ៉ា ម៉ៅ ចំណាន ដែលបានជាប់ឆ្នោត ក្លាយជាប្រធានសមាគមសិល្បករខ្មែរ អាណត្តិទី៦


សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤នេះ បានផ្ញើសារអបអរសាទរដល់លោកស្រីអ្នកឧកញ៉ា ម៉ៅ ចំណាន ដែលបានជាប់ឆ្នោត ក្លាយជាប្រធានសមាគមសិល្បករខ្មែរ អាណត្តិទី៦។

សូមជម្រាបថា លោកស្រីអ្នកឧកញ៉ា ម៉ៅ ចំណាន បានជាប់ឆ្នោតជាប្រធានសមាគមសិល្បករខ្មែរ ក្នុងការបោះឆ្នោតនៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ ដោយទទួលបានសំឡេងគាំទ្រលើសលុប ៥២៧សំឡេង ស្មើនឹង ៩៣%។

ក្រោយជាប់ឆ្នោតជាប្រធានសមាគមសិល្បករខ្មែរ អាណត្តិទី៦ លោកស្រីអ្នកឧកញ៉ា ម៉ៅ ចំណាន ភរិយារបស់អ្នកឧកញ៉ា គិត ម៉េង បានប្រកាសប្ដេជ្ញាចិត្តយ៉ាងមុតមាំថា នឹងប្រឹងប្រែងឲ្យអស់ពីកម្លាំងកាយចិត្ត បន្តដឹកនាំវិស័យសិល្បៈឲ្យរីកចម្រើនខ្លាំងក្លា ចូលរួមជាមួយនឹងរាជរដ្ឋាភិបាល ដើម្បីលើស្ទួយដល់វិស័យសិល្បៈឲ្យប្រសើរឡើង ហើយអាចជ្រៀតខ្លួនចូលទៅក្នុងឆាកអន្តរជាតិ។

លោកស្រីអ្នកឧកញ៉ា បានថ្លែងឲ្យដឹងបន្ថែមថា សមាគមសិល្បករខ្មែរ នឹងសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំយុទ្ធនាការរួមគ្នាស្របតាមគោលនយោបាយជាតិ និងវិស័យវប្បធម៌ និងការអភិវឌ្ឍន៍ និងអភិរក្សសិល្បៈវប្បធម៌ ឲ្យបានរួមចំណែកជំរុញវិស័យសេដ្ឋកិច្ច និងឆ្លើយតបតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល នៅអាណត្តិទី៧នេះ៕