(បន្ទាយមានជ័យ)៖ ឯកឧត្តម កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ បានស្នើសុំឱ្យគ្រប់ក្រុង ស្រុកទាំងអស់បន្តយកចិត្តទុកដាក់បំផុសការដាំដើមឈើជាប្រចាំនៅតាមទីសាធារណៈ វត្តអារាម មណ្ឌលសុខភាព សាលារៀន និងបំផុសចលនាប្រជាពលរដ្ឋគ្រប់រូបនៅតាមមូលដ្ឋាន ព្រះសង្ឃគ្រប់ព្រះអង្គ នៅតាមវត្តអារាមឱ្យចូលរួមសកម្មភាពដាំដើមឈើរួមទាំងដាំដើមឈើហូបផ្លែ ឱ្យបានគ្រប់ទីកន្លែង តាមលទ្ធភាពដែលអាចដាំបានទូទាំងខេត្តបន្ទាយមានជ័យ ហើយឯកឧត្តមនឹងចូលរួមផ្តល់កូនឈើចំនួន២ម៉ឺនដើមក្នុងចលនាដាំដើមឈើនេះ។
ការបំផុស្មារតីឱ្យរួមគ្នាដាំដើមឈើបែបនេះរបស់ឯកឧត្តម កែ គឹមយ៉ាន បានធ្វើឡើងក្នុងឱកាសលោក អមដោយក្រុមការងារ អាជ្ញាធរគ្រប់ថ្នាក់អញ្ជើញចុះពិនិត្យស្ថានភាពការសិក្សារៀនសូត្ររបស់សិស្សានុសិស្សនៅវិទ្យាល័យជប់ វារី ក្នុងស្រុកព្រះនេត្រ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ នេះ។
ក្នុងឱកាសនោះ ឯកឧត្តម កែ គឹមយ៉ាន បន្ទាប់ពីបានជំរុញឱ្យអាជ្ញាធរដែនដី ត្រូវបន្តយកចិត្តទុកដាក់សហការជាមួយគ្រប់សាលារៀន ដើម្បីជួយអន្តរាគមន៍គ្រប់មធ្យោបាយដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ នារដូវក្តៅនេះដូចជា៖ ការជួយតបណ្តាញទឹកនៅតាមទីធ្លាសាលាដើម្បីកាត់បន្ថយកំដៅសីតុណ្ហភាព ការថែទាំសុខភាព និងការការពារអគ្គិភ័យ ដែលអាចកើតឡើងជាយថាហេតុ។
ឯកឧត្តមក៏បានបន្តដោយលើកឡើងពីអត្ថប្រយោជន៍នៃដើមឈើនៅតាមទីសាធារណនានា គឺជួយដល់បរិស្ថាន បង្កើនទេសភាព សោភ័ណភាព បង្កើតម្លប់ពណ៌បៃតង ម្លប់ដ៏ត្រជាក់ ទប់ទល់ខ្យល់កន្ត្រាក់ ជាពិសេសកាត់បន្ថយនូវកម្តៅសីតុណ្ហភាព។
ជាមួយគ្នានេះ ឯកឧត្តម កែ គឹមយ៉ាន បាននាំយកអំណោយចែកជូន រួមមាន៖ លោកគ្រូ អ្នកគ្រូ ចំនួន៧៥នាក់ ម្នាក់ៗទទួលបានសារ៉ុងមួយ និងថវិកា១ម៉ឺនរៀល ឧបត្ថម្ភដល់វិទ្យាល័យជប់ វារី ថវិកាចំនួន២លានរៀល៕