ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បន្តការងារមនុស្សធម៌ចុះពិនិត្យ និងព្យាបាលជូនពលរដ្ឋដោយឥតគិតថ្លៃ នៅខេត្តកំពង់ឆ្នាំង


(កំពង់ឆ្នាំង)៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បានបន្តចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋ ចែកឱសថ ទឹកសុទ្ធ នំប៉័ង ដោយឥតគិតថ្លៃ និងឥតគិតថវិកាបេសកកម្ម បានចំនួន៩៩៥៧នាក់ ស្រ្តីមានចំនួន៥២៧២នាក់ នៅវិទ្យាល័យប៊ុន រ៉ានី ហ៊ុនសែន រលាប្អៀរ ស្ថិតនៅ ឃុំ អណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

កម្មវិធីនេះធ្វើនាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ ដោយមានការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដោយមានការចូលរួមសហការពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន អនុប្រធានប្រតិបត្តិទទួលបន្ទុកប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ខេត្តកំពង់ឆ្នាំង និងជាប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង អាជ្ញាធរខេត្ត កងកម្លាំងទាំង៣ មន្ទីរជុំវិញខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ឆ្នាំង សកម្មជនក្រុមការងារយុវជនរាជធានីភ្នំពេញ យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធិកម្ពុជា និងអាជ្ញាធរឃុំ-ស្រុកដែលពាក់ព័ន្ធ ។

ចំពោះថ្នាក់ដឹកនាំក្រុមការងារថ្នាក់កណ្តាល មានការចូលរួមពីឯកឧត្តមបណ្ឌិត កែរ រដ្ឋា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានប្រតិបត្តិ ទទួលបន្ទុកជនបង្គោលផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈរបស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ២៥ រាជធានី-ខេត្ត ឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ អនុប្រធានប្រតិបត្តិ ទទួលបន្ទុកជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស័្មគ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល លោកវេជ្ជបណ្ឌិត កប វណ្ណៈ លោកវេជ្ជបណ្ឌិត ឌឿន វុទ្ធា ឯកឧត្តម សេក សម្ភាស លោក ភឿន កុសល ឯកឧត្តមបណ្ឌិត ជា ដែន លោកវេជ្ជបណ្ឌិត សាយ ឫទ្ធី លោកស្រីវេជ្ជបណ្ឌិត មួង សុជាតិ លោកវេជ្ជបណ្ឌិត ចៅ ពន្លឺ លោកវេជ្ជបណ្ឌិត អ៊ុង រតនា លោក អ៊ង ប្រុស លោក លុន សាយតេង ជាអនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី និងក្រុមការងារ ដែលបានចុះអប់រំសុខភាព បណ្តុះបណ្តាលវគ្គសង្រ្គោះបឋម សង្រ្គោះបឋម ព្រមទាំងពិនិត្យព្យាបាលជំងឺ។

ឱកាសនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ដកំពង់ឆ្នាំង អបអរសាទរ និងវាយតម្លៃខ្ពស់ជូនដល់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដោយបានយ៉ាងសហការល្អប្រសើរជាមួយអាជ្ញាធរខេត្តកំពង់ឆ្នាំង ក្នុងការចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋផ្តល់សេវាដោយឥតគិតថ្លៃ ឥតគិតថវិកាបេសកកម្ម ទទួលបានលទ្ធផលជោគជ័យយ៉ាងត្រចះត្រចង់លើសផែនការ។

ក្នុងរយៈពេល ១២ឆ្នាំ (០២ ធ្នូ ឆ្នាំ២០១២ ដល់ ៥ ឧសភា ឆ្នាំ២០២៤) ក្រោមការដឹកនាំចង្អុលបង្ហាញដោយផ្ទាល់របស់ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី មានសមាជិកសមាជិកាចំនួន ១២,០៦៩នាក់ (មួយម៉ឺន ពីរពាន់ ហុកសិប ប្រាំបួននាក់) ក្នុងនោះស្ត្រីមានចំនួន ៦,៤៩៥នាក់ (ប្រាំមួយពាន់បួនរយកៅសិបប្រាំនាក់) ដែលមាន ២៨ សាខា (ក្នុងនោះមានចំនួន ២៥ រាជធានី- ខេត្ត សាខា និង សកលវិទ្យាល័យ ចំនួន ៣សាខា)។

ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បានបំពេញបេសកកម្មដ៏ថ្លៃថ្លា ដោយទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលជាច្រើនឥតគណនា ក្នុងការចូលរួមអប់រំផ្សព្វផ្សាយ ចាក់វ៉ាក់សាំងបង្កាកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បណ្តុះបណ្តាលវគ្គសង្គ្រោះបឋម យកសំណាករកវីរុសកូវីដ-១៩ និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋផ្តល់សេវា ដោយឥតគិតថ្លៃបានចំនួន ១៩៨៩ លើក មានប្រជាពលរដ្ឋចូលរួមចំនួន ១៣,២០២,០៥៦ នាក់ (ដប់បីលាន ម្ភៃម៉ឺន ពីរពាន់ ហាសិបប្រាំមួយ នាក់) ក្នុងនោះស្ត្រីមានចំនួន ៦,៧៥៦,៨៣៣ នាក់ (ប្រាំមួយលាន ចិតសិបប្រាំម៉ឺន ប្រាំមួយពាន់ ប្រាំបីរយ សាមសិបបីនាក់)គិតត្រឹម ថ្ងៃទី៥ ខែឧសភា ឆ្នាំ ២០២៤ ច្រើនជាង ៣ ភាគ ៤ នៃប្រជាជនសរុបទូទាំងប្រទេសដែលមានចំនួន ១៧,៣៣៦,៣០៧ នាក់ (ដប់ប្រាំពីរលាន សាមសិបបីម៉ឺន ប្រាំមួយពាន់ បីរយ ប្រាំពីរ នាក់) ធៀបនឹងឆ្នាំ២០២៤ បើគិតសេវាជាមធ្យម ប្រជាពលរដ្ឋក្នុងម្នាក់ ចំណាយអស់ ៥០ដុល្លារ សរុបត្រូវចំណាយទាំងអស់ប្រហែល ៦៦០,១០២,៨០០ដុល្លារ (ប្រាំមួយរយហុកសិបលាន ដប់ម៉ឺន ពីរពាន់ ប្រាំបីរយ ដុល្លារសហរដ្ឋអាមេរិក)។

រហូតមកដល់ពេលនេះ ក្រុមការងារគ្រូពេទ្យស្មគ្រ័ចិត្តឯកឧត្តម ហ៊ុន ម៉ានី មានចំនួន ៤,៦០១នាក់ បាននិងកំពុងបន្តចុះបេសកកម្មតាមការឧទ្ទេសនាមរបស់គណៈកម្មកាចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃ និងដោយស្ម័គ្រចិត្តឥតគិតថវិកាបេសកកម្ម ដោយចាក់ជូនប្រជាពលរដ្ឋបានប្រមាណ ១១,៨៩២,៣៧៤ដូស (ដប់មួយលានប៉ែតសិបប្រាំបួនម៉ឺនពីរពាន់បីរយចិតសិបបួនដូស) ក្នុង ២៥ រាជធានី-ខេត្ត។

ជាចុងក្រោយ លោក លេង ផាលី បានបញ្ជាក់ជាថ្មីថា «យើងនាំគ្នារួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ ដើម្បីរួបរួមគ្នាធ្វើអំពើល្អ ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ ក្នុងបុព្វហេតុជាតិនិងមាតុភូមិរបស់យើង ជាពិសេសការចូលរួមលើកកម្ពស់សុខុមាលភាពប្រជាជនគឺនាំអោយមានកំណើនសេដ្ឋកិច្ចនិងកាតកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជា ស្របទៅតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព​ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។ សន្តិភាព និង គោលនយោបាយវ៉ាក់សាំង បានផ្តល់ឱកាសឱ្យមានការជួបជុំ និងបើកសេដ្ឋកិច្ចជាតិឡើងវិញ! យើងទាំងអស់គ្នាសូមគោរពថ្លែងអំណរគុណដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ តែងតែបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាគ្រប់ពេលវេលា។ ព្រែកជីកហ្វូណនតេជោនាំអោយមានកំណើនសេដ្ឋកិច្ច ខ្លួនយើង គ្រួសារយើងនិង ជាតិមាតុភូមិយើងដ៏រ៉ុងរឿងយូអង្វែងទាំងអស់គ្នា»