សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារចូលរួមរំលែកមរណទុក្ខ ចំពោះមរណភាពឯកឧត្តម គឹម សៀប ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា


(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្តែងនូវសមានទុក្ខ​យ៉ាង​ក្រៀមក្រំបំផុត ចំពោះមរណភាពរបស់ឯកឧត្តម គឹម សៀប ទីប្រឹក្សារាជរដ្ឋាភិបាល និងជាអតីត​នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន។

ក្នុងសារលិខិតរំលែកមរណទុក្ខផ្ញើជូនភរិយា និងក្រុមគ្រួសារ, សម្តេចធិបតី ហ៊ុន ម៉ាណែត និង​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានសម្តែងនូវសេចក្តីសង្វេគ ប្រកបដោយ​អនិច្ច​លក្ខណធម៌យ៉ាងជ្រាលជ្រៅបំផុតចំពោះមរណភាពរបស់ឯកឧត្តម គឹម សៀប។ សម្តេចធិបតី បានចាត់ទុកមរណភាពឯកឧត្តម គឹម សៀប ជាការបាត់បង់នូវស្វាមី ដែលប្រកបដោយសង្គហធម៌ ដ៏ឧត្ដុង្គឧត្តមចំពោះភរិយា និងជាការបាត់បង់ឪពុក ជីតា ប្រកបដោយព្រហ្មវិហារធម៌ចំពោះ​បុត្រា​បុត្រី ចៅៗ រួមនឹងញាតិមិត្តជិតឆ្ងាយទាំងអស់។ ជាពិសេស ជាការបាត់បង់នូវឥស្សរជន​ដ៏ល្អឆ្នើម​មួយរូប ដែលបានរួមចំណែក ធ្វើពលិកម្មគ្រប់បែបយ៉ាងប្រកបដោយឆន្ទៈ មនសិការមោះមុត និងវាងវៃជាអតិបរមា ដើម្បីចូលរួមចំណែកក្នុងបុព្វហេតុបម្រើជាតិ សាសនា ព្រះមហាក្សត្រ និងឧត្តមប្រយោជន៍មាតុភូមិជារៀងរហូតមក។

សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម គឹម សៀប ឆាប់បានយោនយកកំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា ឯកឧត្តម គឹម សៀប បានទទួលមរណភាពនៅថ្ងៃពុធ ១កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ៤៖៤៥នាទីព្រឹក ក្នុងជន្មាយុ ៨៦ឆ្នាំ ដោយជរាពាធ៕